9. ទ្រង់មានព្រះបន្ទូលទៅបណ្តារាស្ត្ររបស់ទ្រង់ថា មើល ពួកជនជាតិអ៊ីស្រាអែលគេមានគ្នាច្រើន ក៏ស្តុកស្តម្ភជាងពួកយើងហើយ
10. ចូរយើងប្រព្រឹត្តនឹងគេដោយប្រាជ្ញា ក្រែងគេចំរើនជាច្រើនឡើង ហើយបើកាលណាកើតមានចំបាំង នោះគេនឹងចូលទៅខាងពួកខ្មាំងសត្រូវ ដើម្បីច្បាំងនឹងយើងវិញ រួចចេញពីស្រុកបាត់ទៅ
11. ដូច្នេះ គេក៏ដាក់ឲ្យមាននាយដំរួត សំរាប់នឹងធ្វើទុក្ខដល់ពួកអ៊ីស្រាអែលដោយការនឿយលំបាកជាច្រើន ពួកអ៊ីស្រាអែលបានកសាងក្រុងពីថំ និងរ៉ាមសេស សំរាប់ជាឃ្លាំងថ្វាយផារ៉ោន
12. ប៉ុន្តែ ដែលធ្វើទុក្ខគេប៉ុណ្ណា នោះគេក៏ចំរើនជាច្រើន ទាំងសាយពេញពាសឡើងប៉ុណ្ណោះដែរ ហើយសាសន៍អេស៊ីព្ទមានសេចក្ដីធុញទ្រាន់ ដោយព្រោះជនជាតិអ៊ីស្រាអែល
13. ក៏ចាប់ប្រើគេឲ្យធ្វើការយ៉ាងតឹងរ៉ឹង
14. ព្រមទាំងធ្វើឲ្យជីវិតគេ មានសេចក្ដីជូរល្វីង ដោយការលំបាកវេទនា គឺប្រើឲ្យធ្វើបាយអ និងឥដ្ឋ ព្រមទាំងការនៅចំការគ្រប់មុខផង ឯការដែលគេចាប់ប្រើឲ្យធ្វើទាំងប៉ុន្មាននោះសុទ្ធតែការយ៉ាងតឹងរ៉ឹងទាំងអស់។
15. រួចស្តេចស្រុកអេស៊ីព្ទ ទ្រង់ក៏បង្គាប់ដល់ពួកឆ្មបសាសន៍ហេព្រើរ ដែល១ឈ្មោះនាងស៊ីប្រា ហើយ១ទៀតឈ្មោះនាងពូអា ថា
16. កាលណានាងទៅកាន់ពោះនៃពួកស្រីសាសន៍ហេព្រើរដែលសំរាលកូន នោះក្នុងកាលដែលគេកំពុងតែសំរាល បើជាកូននោះប្រុស ចូរសំឡាប់វាទៅ តែបើសិនជាស្រី នោះត្រូវទុកឲ្យរស់នៅចុះ
17. ប៉ុន្តែឆ្មបទាំងនោះជាអ្នកកោតខ្លាចដល់ព្រះ គេមិនបានធ្វើតាមបង្គាប់នៃស្តេចស្រុកអេស៊ីព្ទនោះឡើយ គឺបានទុកកូនប្រុសៗឲ្យរស់នៅវិញ
18. ឯស្តេចស្រុកអេស៊ីព្ទក៏ហៅឆ្មបទាំងនោះមកសួរថា ហេតុអ្វីបានជាធ្វើយ៉ាងដូច្នេះ គឺដែលទុកកូនប្រុសៗឲ្យរស់នៅនេះ
19. ឆ្មបទូលឆ្លើយទៅផារ៉ោនថា គឺពីព្រោះពួកស្រីសាសន៍ហេព្រើរមិនមែនដូចជាស្រីសាសន៍អេស៊ីព្ទទេ គេរហ័សណាស់ ដ្បិតឆ្មបមិនទាន់ទាំងមកដល់ផង នោះគេបានសំរាលរួចជាមុនទៅហើយ