1. នេះជាបញ្ជីឈ្មោះនៃពួកកូនចៅអ៊ីស្រាអែល ដែលចូលមកក្នុងស្រុកអេស៊ីព្ទ ជាមួយនឹងយ៉ាកុប ព្រមទាំងគ្រួសារគេរៀងខ្លួន
2. គឺរូបេន១ ស៊ីម្មាន១ លេវី១ យូដា១
3. អ៊ីសាខារ១ សាប់យូល៉ូន១ បេនយ៉ាមីន១
4. ដាន់១ ណែបថាលី១ កាឌ់១ និងអេស៊ើរ១
5. ពួកអ្នកដែលកើតអំពីយ៉ាកុបមកទាំងប៉ុន្មាន នោះមានចំនួន៧០នាក់ ឯយ៉ូសែបលោកបាននៅស្រុកអេស៊ីព្ទហើយ
6. យ៉ូសែបក៏ស្លាប់ទៅ ព្រមទាំងបងប្អូនលោកទាំងអស់ និងអស់មនុស្សដំណនោះទាំងអស់ដែរ
7. តែជនជាតិអ៊ីស្រាអែលគេបង្កើតកូនដុះដាលចំរើនជាច្រើនឡើង ក៏បានទៅជាស្តុកស្តម្ភឡើងសន្ធឹក ទាំងនៅកុះករពេញក្នុងស្រុកនោះ។
8. នៅគ្រានោះ មានស្តេចថ្មី១អង្គសោយរាជ្យឡើងនៅស្រុកអេស៊ីព្ទ ស្តេចនោះមិនបានស្គាល់យ៉ូសែបទេ
9. ទ្រង់មានព្រះបន្ទូលទៅបណ្តារាស្ត្ររបស់ទ្រង់ថា មើល ពួកជនជាតិអ៊ីស្រាអែលគេមានគ្នាច្រើន ក៏ស្តុកស្តម្ភជាងពួកយើងហើយ
10. ចូរយើងប្រព្រឹត្តនឹងគេដោយប្រាជ្ញា ក្រែងគេចំរើនជាច្រើនឡើង ហើយបើកាលណាកើតមានចំបាំង នោះគេនឹងចូលទៅខាងពួកខ្មាំងសត្រូវ ដើម្បីច្បាំងនឹងយើងវិញ រួចចេញពីស្រុកបាត់ទៅ
11. ដូច្នេះ គេក៏ដាក់ឲ្យមាននាយដំរួត សំរាប់នឹងធ្វើទុក្ខដល់ពួកអ៊ីស្រាអែលដោយការនឿយលំបាកជាច្រើន ពួកអ៊ីស្រាអែលបានកសាងក្រុងពីថំ និងរ៉ាមសេស សំរាប់ជាឃ្លាំងថ្វាយផារ៉ោន
12. ប៉ុន្តែ ដែលធ្វើទុក្ខគេប៉ុណ្ណា នោះគេក៏ចំរើនជាច្រើន ទាំងសាយពេញពាសឡើងប៉ុណ្ណោះដែរ ហើយសាសន៍អេស៊ីព្ទមានសេចក្ដីធុញទ្រាន់ ដោយព្រោះជនជាតិអ៊ីស្រាអែល
13. ក៏ចាប់ប្រើគេឲ្យធ្វើការយ៉ាងតឹងរ៉ឹង