នាងអេសធើរ 9:4-21 ព្រះគម្ពីរបរិសុទ្ធ (KHOV)

4. ពី​ព្រោះ​ម៉ា‌ដេកាយ​បាន​ឡើង​ជា​អ្នក​ធំ ក្នុង​រាជ​ដំណាក់ ហើយ​កិត្តិ‌នាម​របស់​លោក​ក៏​ផ្សាយ​សុស‌សាយ​ទួទៅ គ្រប់​ទាំង​ខេត្ត ដ្បិត​ម៉ា‌ដេកាយ​នេះ​បាន​កាន់​តែ​មាន​អំណាច​ឡើង​ជា​ដរាប

5. ដូច្នេះ ពួក​សាសន៍​យូដា​បាន​ប្រហារ​ពួក​ខ្មាំង​សត្រូវ​ដោយ​ដាវ ព្រម​ទាំង​សំឡាប់​បំផ្លាញ​គេ ហើយ​បាន​ប្រព្រឹត្ត​នឹង​ពួក​អ្នក ដែល​ស្អប់​ខ្លួន​តាម​តែ​អំពើ​ចិត្ត

6. នៅ​ស៊ូសាន ជា​ទី​ក្រុង​ហ្លួង ពួក​សាសន៍​យូដា​ក៏​បាន​សំឡាប់ ហើយ​បំផ្លាញ​មនុស្ស​អស់​៥០០​នាក់​ដែរ

7. ឯ​ផើសាន‌ដាថា ដាល‌ផូន អ័ស‌ផាថា

8. ផូរ៉ាថា អ័ដាលា អើរី‌ដាថា

9. ផើម៉ាសថា អើរី‌សាយ អើរី‌ដាយ និង​វ៉ាយេ‌សាថា

10. ជា​កូន​ទាំង​១០​របស់​ហាម៉ាន កូន​ហាំម្តាថា ដែល​ជា​ខ្មាំង​សត្រូវ​នឹង​ពួក​សាសន៍​យូដា នោះ​គេ​ក៏​សំឡាប់​ទៅ​ដែរ តែ​គេ​មិន​បាន​ប៉ះពាល់​ដល់​របឹប​ទេ។

11. នៅ​ថ្ងៃ​នោះ​ឯង គេ​មក​ទូល​ដល់​ស្តេច ពី​ចំនួន​មនុស្ស​ដែល​គេ​បាន​សំឡាប់​នៅ​ក្នុង​ស៊ូសាន ជា​ក្រុង​ហ្លួង

12. រួច​ស្តេច​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​អេសធើរ ជា​អគ្គ‌មហេសី​ថា ពួក​សាសន៍​យូដា​បាន​សំឡាប់ ហើយ​បំផ្លាញ​មនុស្ស អស់​៥០០​នាក់ នៅ​ស៊ូសាន ជា​ក្រុង​ហ្លួង ព្រម​ទាំង​កូន​របស់​ហាម៉ាន​ទាំង​១០​ផង ដូច្នេះ នៅ​ព្រះ‌រាជ‌ខេត្ត​ឯ​ទៀត ដែល​បាន​ធ្វើ​យ៉ាង​ណា​ទៅ ឥឡូវ​នេះ តើ​ព្រះ‌នាង​ចង់​សូម​អ្វី​ទៀត យើង​នឹង​បើក​ឲ្យ តើ​ប្រាថ្នា​ចង់​បាន​អ្វី នោះ​នឹង​បាន​សំរេច

13. អេសធើរ​ទូល​ថា បើ​ព្រះ‌ករុណា​ទ្រង់​សព្វ​ព្រះ‌ទ័យ នោះ​សូម​បើក​ឲ្យ​ពួក​យូដា ដែល​នៅ​ក្រុង​ស៊ូសាន​បាន​ធ្វើ​តាម​ច្បាប់​ដដែល នៅ​ថ្ងៃ​ស្អែក​ទៀត ហើយ​ឲ្យ​គេ​ព្យួរ​ខ្មោច​កូន​របស់​ហាម៉ាន​ទាំង​១០​នាក់​នឹង​ឈើ​ទៅ

14. ស្តេច​ទ្រង់​ក៏​បង្គាប់​ឲ្យ​ធ្វើ​ដូច្នោះ ហើយ​គេ​ប្រកាស​ប្រាប់​ព្រះ‌រាជ‌ឱង្ការ​នៅ​ក្រុង​ស៊ូសាន រួច​បាន​ព្យួរ​ខ្មោច​កូន​ហាម៉ាន​ទាំង​១០​នាក់​នោះ​ទៅ

15. ពួក​សាសន៍​យូដា ដែល​នៅ​ក្រុង​ស៊ូសាន ក៏​មូល​គ្នា នៅ​ថ្ងៃ​១៤ ខែ​ផល្គុន​នោះ​ឯង ហើយ​គេ​សំឡាប់​មនុស្ស​៣០០​នាក់​ទៀត នៅ​ស៊ូសាន តែ​គេ​មិន​ប៉ះពាល់​ដល់​របឹប​ទេ

16. ឯ​ពួក​យូដា​ឯ​ទៀត​ទាំង​ប៉ុន្មាន ដែល​នៅ​អស់​ទាំង​ព្រះ‌រាជ‌ខេត្ត គេ​បាន​មូល​គ្នា ដើម្បី​ការ‌ពារ​ជីវិត​ខ្លួន ហើយ​គេ​មាន​សេចក្ដី​សាន្ត‌ត្រាណ ពី​ពួក​ខ្មាំង​សត្រូវ​របស់​គេ​ត​ទៅ គេ​បាន​សំឡាប់​ពួក​អ្នក​ដែល​ស្អប់​គេ​អស់​៧​ម៉ឺន​៥​ពាន់​នាក់ តែ​ឥត​បាន​ប៉ះពាល់​ដល់​របឹប​ទេ។

17. គេ​បាន​ធ្វើ​ការ​នោះ​នៅ​ថ្ងៃ​១៣​ខែ​ផល្គុន លុះ​ដល់​ថ្ងៃ​១៤ ទើប​គេ​ឈប់​សំរាក ហើយ​ក៏​តាំង​ថ្ងៃ​នោះ ជា​ថ្ងៃ​សំរាប់​ជប់‌លៀង ហើយ​មាន​សេចក្ដី​រីក‌រាយ​សាទរ

18. តែ​ពួក​សាសន៍​យូដា ដែល​នៅ​ក្រុង​ស៊ូសាន គេ​បាន​មូល​គ្នា​នៅ​ថ្ងៃ​១៣ ក្នុង​ខែ​នោះ និង​នៅ​ថ្ងៃ​១៤​ដែរ លុះ​ដល់​ថ្ងៃ​១៥ ទើប​គេ​ឈប់​សំរាក ហើយ​តាំង​ថ្ងៃ​នោះ​ឡើង​សំរាប់​ជា​ថ្ងៃ​ជប់‌លៀង ហើយ​មាន​សេចក្ដី​រីក‌រាយ​សាទរ

19. គឺ​ដោយ​ហេតុ​នោះ​បាន​ជា​ពួក​សាសន៍​យូដា ដែល​នៅ​អស់​ទាំង​ទី​ក្រុង​ឥត​កំផែង​នៅ​ស្រុក​ក្រៅ គេ​កាន់​ថ្ងៃ​១៤​ខែ​ផល្គុន ជា​ថ្ងៃ​សំរាប់​រីក‌រាយ​សាទរ ហើយ​ជប់‌លៀង ជា​ថ្ងៃ​សប្បាយ ហើយ​ជា​ពេល​ជូន​ជំនូន​ទៅ​វិញ​ទៅ​មក។

20. ឯ​ម៉ា‌ដេកាយ លោក​ក៏​តែង​សេចក្ដី​ទាំង​នេះ​ទុក ហើយ​ផ្ញើ​សំបុត្រ​ទៅ​ដល់​ពួក​សាសន៍​យូដា​ទាំង​អស់ ដែល​នៅ​គ្រប់​ទាំង​ខេត្ត​នៃ​ស្តេច​អ័ហា‌ស៊ូរុស ទាំង​ជិត​ទាំង​ឆ្ងាយ

21. ដើម្បី​នឹង​បញ្ជាក់​ដល់​គេ ឲ្យ​បាន​កាន់​ថ្ងៃ​១៤ ខែ​ផល្គុន និង​ថ្ងៃ​១៥​ផង រាល់​តែ​ឆ្នាំ

នាងអេសធើរ 9