19. គឺដោយហេតុនោះបានជាពួកសាសន៍យូដា ដែលនៅអស់ទាំងទីក្រុងឥតកំផែងនៅស្រុកក្រៅ គេកាន់ថ្ងៃ១៤ខែផល្គុន ជាថ្ងៃសំរាប់រីករាយសាទរ ហើយជប់លៀង ជាថ្ងៃសប្បាយ ហើយជាពេលជូនជំនូនទៅវិញទៅមក។
20. ឯម៉ាដេកាយ លោកក៏តែងសេចក្ដីទាំងនេះទុក ហើយផ្ញើសំបុត្រទៅដល់ពួកសាសន៍យូដាទាំងអស់ ដែលនៅគ្រប់ទាំងខេត្តនៃស្តេចអ័ហាស៊ូរុស ទាំងជិតទាំងឆ្ងាយ
21. ដើម្បីនឹងបញ្ជាក់ដល់គេ ឲ្យបានកាន់ថ្ងៃ១៤ ខែផល្គុន និងថ្ងៃ១៥ផង រាល់តែឆ្នាំ
22. ទុកជាថ្ងៃដែលពួកសាសន៍យូដាបានសេចក្ដីសាន្តត្រាណ ពីពួកខ្មាំងសត្រូវរបស់គេ និងជាខែ ដែលសេចក្ដីទុក្ខព្រួយរបស់គេបានត្រឡប់ទៅជាសេចក្ដីរីករាយសាទរ ហើយសេចក្ដីសោកសៅបានទៅជាថ្ងៃសប្បាយវិញ ប្រយោជន៍ឲ្យគេបានតាំងថ្ងៃទាំង២នោះទុកជាថ្ងៃសំរាប់ជប់លៀង ហើយមានសេចក្ដីរីករាយសាទរ ព្រមទាំងជូនជំនូនទៅវិញទៅមក ហើយដាក់ទានដល់មនុស្សទាល់ក្រផង
23. ដូច្នេះ ពួកសាសន៍យូដាក៏សំរេចនឹងធ្វើតាម ដូចជាគេបានចាប់តាំងធ្វើមកហើយ គឺដូចជាម៉ាដេកាយបានសរសេរផ្ញើមកដែរ
24. ពីព្រោះហាម៉ាន ជាកូនហាំម្តាថា សាសន៍អ័កាក់ ដែលជាខ្មាំងសត្រូវនឹងពួកសាសន៍យូដាបានបង្កើតឧបាយនឹងបំផ្លាញគេ ក៏បានវាយលេខតាមរបៀនពោរ គឺបានបោះឆ្នោត ដើម្បីនឹងបំផ្លាញគេ ហើយធ្វើឲ្យគេវិនាសបង់
25. តែកាលព្រះនាងអេសធើរបានចូលទៅគាល់ស្តេច នោះទ្រង់ក៏ចេញបង្គាប់ដោយសំបុត្រ ឲ្យឧបាយដ៏អាក្រក់ ដែលហាម៉ានបានបង្កើតទាស់នឹងពួកយូដានោះ បានវិលជះទៅលើក្បាលវាវិញ ហើយឲ្យព្យួរវា និងពួកកូនវាទាំងអស់ភ្ជាប់លើឈើផង
26. ហេតុនោះបានជាគេហៅថ្ងៃទាំង២នោះថា «បុណ្យពោរ» តាមពាក្យ «ពោរ»នោះឯង ហើយដោយព្រោះសេចក្ដីទាំងប៉ុន្មានក្នុងសំបុត្រនោះ និងការទាំងប៉ុន្មានដែលគេបានឃើញពីដំណើរនោះ ព្រមទាំងការដែលបានកើតដល់គេផង
27. បានជាពួកសាសន៍យូដា គេតាំងទំនៀមនោះទុក ហើយក៏ទទួលថា ខ្លួនគេ ពួកកូនចៅ និងអស់អ្នកណាដែលចូលសាសន៍គេ នឹងរក្សាថ្ងៃទាំង២នោះ តាមសេចក្ដីដែលបានសរសេរទុក ហើយតាមវេលាកំណត់នោះរាល់តែឆ្នាំឥតខានឡើយ
28. ហើយថា គេនឹងនឹកចាំ ហើយរក្សាថ្ងៃទាំង២នោះ នៅគ្រប់ទាំងដំណ គ្រប់ទាំងគ្រួ នៅអស់ទាំងខេត្ត និងទីក្រុងទាំងប៉ុន្មានជាដរាបទៅ មិនឲ្យបាត់ពីពួកសាសន៍យូដាឡើយ ឬឲ្យកូនចៅគេលែងនឹកចាំពីថ្ងៃនោះដែរ។
29. គ្រានោះ អេសធើរ ដ៏ជាអគ្គមហេសី ជាបុត្រីអ័ប៊ីហែល ព្រមទាំងម៉ាដេកាយ ជាសាសន៍យូដា ក៏សរសេរម្តងទៀត ផ្ញើទៅដោយអាងគ្រប់អំណាចរបស់ខ្លួន ដើម្បីនឹងតាំងសំបុត្រពីបុណ្យពោរនោះ ទុកជាច្បាប់តទៅ
30. លោកក៏ផ្ញើសំបុត្រទៅពួកសាសន៍យូដាទាំងអស់ ដែលនៅក្នុងអាណាខេត្តទាំង១២៧នៃនគររបស់អ័ហាស៊ូរុសមានទាំងពាក្យស្រគត់ស្រគំ និងពាក្យដ៏ទៀងត្រង់ពិតផង