16. ឯពួកយូដាឯទៀតទាំងប៉ុន្មាន ដែលនៅអស់ទាំងព្រះរាជខេត្ត គេបានមូលគ្នា ដើម្បីការពារជីវិតខ្លួន ហើយគេមានសេចក្ដីសាន្តត្រាណ ពីពួកខ្មាំងសត្រូវរបស់គេតទៅ គេបានសំឡាប់ពួកអ្នកដែលស្អប់គេអស់៧ម៉ឺន៥ពាន់នាក់ តែឥតបានប៉ះពាល់ដល់របឹបទេ។
17. គេបានធ្វើការនោះនៅថ្ងៃ១៣ខែផល្គុន លុះដល់ថ្ងៃ១៤ ទើបគេឈប់សំរាក ហើយក៏តាំងថ្ងៃនោះ ជាថ្ងៃសំរាប់ជប់លៀង ហើយមានសេចក្ដីរីករាយសាទរ
18. តែពួកសាសន៍យូដា ដែលនៅក្រុងស៊ូសាន គេបានមូលគ្នានៅថ្ងៃ១៣ ក្នុងខែនោះ និងនៅថ្ងៃ១៤ដែរ លុះដល់ថ្ងៃ១៥ ទើបគេឈប់សំរាក ហើយតាំងថ្ងៃនោះឡើងសំរាប់ជាថ្ងៃជប់លៀង ហើយមានសេចក្ដីរីករាយសាទរ
19. គឺដោយហេតុនោះបានជាពួកសាសន៍យូដា ដែលនៅអស់ទាំងទីក្រុងឥតកំផែងនៅស្រុកក្រៅ គេកាន់ថ្ងៃ១៤ខែផល្គុន ជាថ្ងៃសំរាប់រីករាយសាទរ ហើយជប់លៀង ជាថ្ងៃសប្បាយ ហើយជាពេលជូនជំនូនទៅវិញទៅមក។
20. ឯម៉ាដេកាយ លោកក៏តែងសេចក្ដីទាំងនេះទុក ហើយផ្ញើសំបុត្រទៅដល់ពួកសាសន៍យូដាទាំងអស់ ដែលនៅគ្រប់ទាំងខេត្តនៃស្តេចអ័ហាស៊ូរុស ទាំងជិតទាំងឆ្ងាយ
21. ដើម្បីនឹងបញ្ជាក់ដល់គេ ឲ្យបានកាន់ថ្ងៃ១៤ ខែផល្គុន និងថ្ងៃ១៥ផង រាល់តែឆ្នាំ
22. ទុកជាថ្ងៃដែលពួកសាសន៍យូដាបានសេចក្ដីសាន្តត្រាណ ពីពួកខ្មាំងសត្រូវរបស់គេ និងជាខែ ដែលសេចក្ដីទុក្ខព្រួយរបស់គេបានត្រឡប់ទៅជាសេចក្ដីរីករាយសាទរ ហើយសេចក្ដីសោកសៅបានទៅជាថ្ងៃសប្បាយវិញ ប្រយោជន៍ឲ្យគេបានតាំងថ្ងៃទាំង២នោះទុកជាថ្ងៃសំរាប់ជប់លៀង ហើយមានសេចក្ដីរីករាយសាទរ ព្រមទាំងជូនជំនូនទៅវិញទៅមក ហើយដាក់ទានដល់មនុស្សទាល់ក្រផង
23. ដូច្នេះ ពួកសាសន៍យូដាក៏សំរេចនឹងធ្វើតាម ដូចជាគេបានចាប់តាំងធ្វើមកហើយ គឺដូចជាម៉ាដេកាយបានសរសេរផ្ញើមកដែរ