នាងអេសធើរ 9:15-24 ព្រះគម្ពីរបរិសុទ្ធ (KHOV)

15. ពួក​សាសន៍​យូដា ដែល​នៅ​ក្រុង​ស៊ូសាន ក៏​មូល​គ្នា នៅ​ថ្ងៃ​១៤ ខែ​ផល្គុន​នោះ​ឯង ហើយ​គេ​សំឡាប់​មនុស្ស​៣០០​នាក់​ទៀត នៅ​ស៊ូសាន តែ​គេ​មិន​ប៉ះពាល់​ដល់​របឹប​ទេ

16. ឯ​ពួក​យូដា​ឯ​ទៀត​ទាំង​ប៉ុន្មាន ដែល​នៅ​អស់​ទាំង​ព្រះ‌រាជ‌ខេត្ត គេ​បាន​មូល​គ្នា ដើម្បី​ការ‌ពារ​ជីវិត​ខ្លួន ហើយ​គេ​មាន​សេចក្ដី​សាន្ត‌ត្រាណ ពី​ពួក​ខ្មាំង​សត្រូវ​របស់​គេ​ត​ទៅ គេ​បាន​សំឡាប់​ពួក​អ្នក​ដែល​ស្អប់​គេ​អស់​៧​ម៉ឺន​៥​ពាន់​នាក់ តែ​ឥត​បាន​ប៉ះពាល់​ដល់​របឹប​ទេ។

17. គេ​បាន​ធ្វើ​ការ​នោះ​នៅ​ថ្ងៃ​១៣​ខែ​ផល្គុន លុះ​ដល់​ថ្ងៃ​១៤ ទើប​គេ​ឈប់​សំរាក ហើយ​ក៏​តាំង​ថ្ងៃ​នោះ ជា​ថ្ងៃ​សំរាប់​ជប់‌លៀង ហើយ​មាន​សេចក្ដី​រីក‌រាយ​សាទរ

18. តែ​ពួក​សាសន៍​យូដា ដែល​នៅ​ក្រុង​ស៊ូសាន គេ​បាន​មូល​គ្នា​នៅ​ថ្ងៃ​១៣ ក្នុង​ខែ​នោះ និង​នៅ​ថ្ងៃ​១៤​ដែរ លុះ​ដល់​ថ្ងៃ​១៥ ទើប​គេ​ឈប់​សំរាក ហើយ​តាំង​ថ្ងៃ​នោះ​ឡើង​សំរាប់​ជា​ថ្ងៃ​ជប់‌លៀង ហើយ​មាន​សេចក្ដី​រីក‌រាយ​សាទរ

19. គឺ​ដោយ​ហេតុ​នោះ​បាន​ជា​ពួក​សាសន៍​យូដា ដែល​នៅ​អស់​ទាំង​ទី​ក្រុង​ឥត​កំផែង​នៅ​ស្រុក​ក្រៅ គេ​កាន់​ថ្ងៃ​១៤​ខែ​ផល្គុន ជា​ថ្ងៃ​សំរាប់​រីក‌រាយ​សាទរ ហើយ​ជប់‌លៀង ជា​ថ្ងៃ​សប្បាយ ហើយ​ជា​ពេល​ជូន​ជំនូន​ទៅ​វិញ​ទៅ​មក។

20. ឯ​ម៉ា‌ដេកាយ លោក​ក៏​តែង​សេចក្ដី​ទាំង​នេះ​ទុក ហើយ​ផ្ញើ​សំបុត្រ​ទៅ​ដល់​ពួក​សាសន៍​យូដា​ទាំង​អស់ ដែល​នៅ​គ្រប់​ទាំង​ខេត្ត​នៃ​ស្តេច​អ័ហា‌ស៊ូរុស ទាំង​ជិត​ទាំង​ឆ្ងាយ

21. ដើម្បី​នឹង​បញ្ជាក់​ដល់​គេ ឲ្យ​បាន​កាន់​ថ្ងៃ​១៤ ខែ​ផល្គុន និង​ថ្ងៃ​១៥​ផង រាល់​តែ​ឆ្នាំ

22. ទុក​ជា​ថ្ងៃ​ដែល​ពួក​សាសន៍​យូដា​បាន​សេចក្ដី​សាន្ត‌ត្រាណ ពី​ពួក​ខ្មាំង​សត្រូវ​របស់​គេ និង​ជា​ខែ ដែល​សេចក្ដី​ទុក្ខ​ព្រួយ​របស់​គេ​បាន​ត្រឡប់​ទៅ​ជា​សេចក្ដី​រីក‌រាយ​សាទរ ហើយ​សេចក្ដី​សោក‌សៅ​បាន​ទៅ​ជា​ថ្ងៃ​សប្បាយ​វិញ ប្រយោជន៍​ឲ្យ​គេ​បាន​តាំង​ថ្ងៃ​ទាំង​២​នោះ​ទុក​ជា​ថ្ងៃ​សំរាប់​ជប់‌លៀង ហើយ​មាន​សេចក្ដី​រីក‌រាយ​សាទរ ព្រម​ទាំង​ជូន​ជំនូន​ទៅ​វិញ​ទៅ​មក ហើយ​ដាក់​ទាន​ដល់​មនុស្ស​ទាល់​ក្រ​ផង

23. ដូច្នេះ ពួក​សាសន៍​យូដា​ក៏​សំរេច​នឹង​ធ្វើ​តាម ដូច​ជា​គេ​បាន​ចាប់​តាំង​ធ្វើ​មក​ហើយ គឺ​ដូច​ជា​ម៉ា‌ដេកាយ​បាន​សរសេរ​ផ្ញើ​មក​ដែរ

24. ពី​ព្រោះ​ហាម៉ាន ជា​កូន​ហាំម្តាថា សាសន៍​អ័កាក់ ដែល​ជា​ខ្មាំង​សត្រូវ​នឹង​ពួក​សាសន៍​យូដា​បាន​បង្កើត​ឧបាយ​នឹង​បំផ្លាញ​គេ ក៏​បាន​វាយ​លេខ​តាម​របៀន‌ពោរ គឺ​បាន​បោះ​ឆ្នោត ដើម្បី​នឹង​បំផ្លាញ​គេ ហើយ​ធ្វើ​ឲ្យ​គេ​វិនាស​បង់

នាងអេសធើរ 9