1. លុះដល់ថ្ងៃ១៣នៅខែ១២ជាខែផល្គុន កាលព្រះរាជឱង្ការ និងបង្គាប់របស់ស្តេចបានជិតដល់កំរិតហើយ គឺជាថ្ងៃដែលពួកខ្មាំងសត្រូវរបស់សាសន៍យូដា បានសង្ឃឹមថា នឹងឡើងមានអំណាចលើគេបាន (តែពួកយូដាបានត្រឡប់ជាមានអំណាចលើពួកអ្នក ដែលស្អប់ដល់គេវិញ)
2. នោះពួកសាសន៍យូដា ក៏មូលគ្នានៅទីក្រុងខ្លួនទាំងប៉ុន្មាននៅអស់ទាំងអាណាខេត្តរបស់ស្តេចអ័ហាស៊ូរុស ដើម្បីនឹងតស៊ូចំពោះពួកអ្នក ដែលរកធ្វើបាបដល់គេ ហើយគ្មានអ្នកណាអាចនឹងទ្រាំនៅចំពោះគេបានឡើយ ដ្បិតសាសន៍ទាំងអស់បានកើតមានសេចក្ដីកោតខ្លាចដល់គេហើយ
3. ឯពួកអ្នកជាប្រធាន នៅគ្រប់ទាំងខេត្ត ពួកចៅហ្វាយខេត្ត ពួកចៅហ្វាយស្រុក និងពួករាជការទាំងប៉ុន្មាន ក៏ជួយដល់ពួកយូដា ដោយមានសេចក្ដីកោតខ្លាចដល់ម៉ាដេកាយ
4. ពីព្រោះម៉ាដេកាយបានឡើងជាអ្នកធំ ក្នុងរាជដំណាក់ ហើយកិត្តិនាមរបស់លោកក៏ផ្សាយសុសសាយទួទៅ គ្រប់ទាំងខេត្ត ដ្បិតម៉ាដេកាយនេះបានកាន់តែមានអំណាចឡើងជាដរាប
5. ដូច្នេះ ពួកសាសន៍យូដាបានប្រហារពួកខ្មាំងសត្រូវដោយដាវ ព្រមទាំងសំឡាប់បំផ្លាញគេ ហើយបានប្រព្រឹត្តនឹងពួកអ្នក ដែលស្អប់ខ្លួនតាមតែអំពើចិត្ត
6. នៅស៊ូសាន ជាទីក្រុងហ្លួង ពួកសាសន៍យូដាក៏បានសំឡាប់ ហើយបំផ្លាញមនុស្សអស់៥០០នាក់ដែរ
7. ឯផើសានដាថា ដាលផូន អ័សផាថា
8. ផូរ៉ាថា អ័ដាលា អើរីដាថា
9. ផើម៉ាសថា អើរីសាយ អើរីដាយ និងវ៉ាយេសាថា
10. ជាកូនទាំង១០របស់ហាម៉ាន កូនហាំម្តាថា ដែលជាខ្មាំងសត្រូវនឹងពួកសាសន៍យូដា នោះគេក៏សំឡាប់ទៅដែរ តែគេមិនបានប៉ះពាល់ដល់របឹបទេ។
11. នៅថ្ងៃនោះឯង គេមកទូលដល់ស្តេច ពីចំនួនមនុស្សដែលគេបានសំឡាប់នៅក្នុងស៊ូសាន ជាក្រុងហ្លួង