4. ដ្បិតមានគេលក់ខ្ញុំម្ចាស់ និងពួកសាសន៍របស់ខ្ញុំម្ចាស់ហើយ ឲ្យយើងខ្ញុំត្រូវបំផ្លាញសំឡាប់ ហើយវិនាសអស់ទៅ បើសិនជាគេបានលក់យើងខ្ញុំឲ្យគ្រាន់តែធ្វើជាបាវប្រុសស្រីប៉ុណ្ណោះ នោះខ្ញុំម្ចាស់ឥតបើថាទេ ទោះបើខ្មាំងសត្រូវនឹងសងការខូចខាត ដែលនឹងកើតឡើងដល់ស្តេចមិនបានក៏ដោយ
5. ស្តេចអ័ហាស៊ូរុសទ្រង់មានព្រះបន្ទូលសួរព្រះនាងអេសធើរ ជាអគ្គមហេសីថា តើអ្នកណាដែលហ៊ានធ្វើការដូច្នោះ តើគេនៅឯណា
6. នោះអេសធើរទូលតបថា នុ៎ះន៍ អ្នកដែលធ្វើទុក្ខ ហើយស្អប់ដល់យើងខ្ញុំ គឺហាម៉ាន ជាមនុស្សអាក្រក់នេះឯង ដូច្នេះ ហាម៉ានក៏ភ័យស្លុត នៅចំពោះស្តេច និងអគ្គមហេសី
7. ឯស្តេចទ្រង់មានសេចក្ដីក្រោធ ដល់ម៉្លេះបានជាទ្រង់ក្រោកពីទីលៀងស្រាទំពាំងបាយជូរ យាងចេញទៅឯសួនច្បារក្នុងព្រះរាជវាំង ហើយហាម៉ានលោកឈរឡើង សូមអង្វរដល់អេសធើរ ជាអគ្គមហេសី ឲ្យបានរួចជីវិត ពីព្រោះលោកយល់ឃើញថា ស្តេចទ្រង់បានសំរេចនឹងធ្វើទោសដល់ខ្លួនហើយ
8. បានជាផ្តួលខ្លួនក្រាបចុះនៅលើព្រះទែន ដែលអេសធើរផ្អែក ខណៈនោះឯង ស្តេចទ្រង់យាងត្រឡប់ពីសួនច្បារចូលមកក្នុងទីលៀងវិញ ឃើញដូច្នោះ ក៏មានព្រះបន្ទូលថា យើះ វាគិតទាំងបង្ខូចអគ្គមហេសីអញ នៅមុខអញក្នុងដំណាក់ផងឬ កាលស្តេចកំពុងមានព្រះបន្ទូលនៅឡើយ នោះគេក៏គ្របមុខហាម៉ាន
9. រួចហាបូណា ជាពួកភ្នាក់ងារម្នាក់ទូលនៅចំពោះស្តេចថា ហ្ន៍ មានឈើកំពស់៥០ហត្ថដែលហាម៉ានបានដំឡើង ទុកសំរាប់ព្យួរម៉ាដេកាយ ជាអ្នកដែលបានទូលជាគុណដល់ព្រះករុណា នោះនៅឯផ្ទះវាស្រាប់ ស្តេចទ្រង់មានព្រះបន្ទូលតបថា ដូច្នោះ ចូរព្យួរវានឹងឈើនោះទៅ
10. គេក៏ចងកហាម៉ានព្យួរនៅឈើ ដែលលោកបានដំឡើងសំរាប់ចងព្យួរម៉ាដេកាយនោះទៅ ដូច្នេះ សេចក្ដីក្រោធរបស់ស្តេចក៏ស្ងប់បង់។