1. ដូច្នេះ ស្តេច និងហាម៉ាន ក៏ចូលទៅសោយជាមួយនឹងអេសធើរ ជាអគ្គមហេសី
2. ហើយនៅថ្ងៃទី២នោះកំពុងពេលលៀងស្រាទំពាំងបាយជូរ នោះស្តេចទ្រង់មានព្រះបន្ទូលនឹងអេសធើរម្តងទៀតថា អេសធើរ អគ្គមហេសីអើយ ព្រះនាងចង់បានអ្វី យើងនឹងបើកឲ្យ តើគិតសូមអ្វី ទោះបើដល់នគរ១ចំហៀងក៏ដោយ គង់តែនឹងបានសំរេចឲ្យ
3. នោះអេសធើរ ជាអគ្គមហេសី ទូលឆ្លើយថា បពិត្រព្រះករុណា បើទ្រង់ប្រោសមេត្តាដល់ខ្ញុំម្ចាស់ ហើយបើព្រះករុណាសព្វព្រះទ័យ នោះសូមប្រោសឲ្យខ្ញុំម្ចាស់បានរួចជីវិត តាមសេចក្ដីសំណូម ព្រមទាំងសាសន៍ខ្ញុំម្ចាស់ផងតាមសេចក្ដីបំណងរបស់ខ្ញុំម្ចាស់
4. ដ្បិតមានគេលក់ខ្ញុំម្ចាស់ និងពួកសាសន៍របស់ខ្ញុំម្ចាស់ហើយ ឲ្យយើងខ្ញុំត្រូវបំផ្លាញសំឡាប់ ហើយវិនាសអស់ទៅ បើសិនជាគេបានលក់យើងខ្ញុំឲ្យគ្រាន់តែធ្វើជាបាវប្រុសស្រីប៉ុណ្ណោះ នោះខ្ញុំម្ចាស់ឥតបើថាទេ ទោះបើខ្មាំងសត្រូវនឹងសងការខូចខាត ដែលនឹងកើតឡើងដល់ស្តេចមិនបានក៏ដោយ
5. ស្តេចអ័ហាស៊ូរុសទ្រង់មានព្រះបន្ទូលសួរព្រះនាងអេសធើរ ជាអគ្គមហេសីថា តើអ្នកណាដែលហ៊ានធ្វើការដូច្នោះ តើគេនៅឯណា