6. ហាម៉ានក៏ចូលមករួចស្តេចទ្រង់សួរថា តើគួរប្រោសជាយ៉ាងណា ដល់អ្នកដែលស្តេចសព្វព្រះទ័យចង់លើកមុខ ហាម៉ាននឹកក្នុងចិត្តថា តើមានអ្នកណាក្រៅពីអញ ដែលស្តេចសព្វព្រះទ័យនឹងលើកមុខឲ្យ
7. ដូច្នេះ ហាម៉ានទូលឆ្លើយថា ឯមនុស្សដែលព្រះករុណាសព្វព្រះទ័យចង់លើកមុខឲ្យ
8. នោះគួរតែយកព្រះពស្ត្រារាជ្យ ដែលព្រះករុណាធ្លាប់ទ្រង់ និងសេះដែលព្រះករុណាគង់ ព្រមទាំងមកុដរាជ្យ ដែលពាក់លើព្រះសិរមក
9. ហើយប្រគល់ប្រដាប់ទាំងនោះ និងសេះដល់ម្នាក់ ជាអ្នកប្រធានវិសេសបំផុតរបស់ស្តេច ឲ្យគេបំពាក់ដល់អ្នកដែលព្រះករុណាទ្រង់សព្វព្រះទ័យចង់លើកមុខនោះ រួចបញ្ជិះសេះបណ្តើរនាំទៅតាមផ្លូវទីក្រុង ហើយស្រែកប្រកាសនៅមុខអ្នកនោះថា អ្នកដែលស្តេចសព្វព្រះទ័យចង់លើកមុខនោះបានដូច្នេះហើយ
10. ដូច្នេះ ស្តេចទ្រង់មានព្រះបន្ទូលបង្គាប់ហាម៉ានថា ចូរប្រញាប់ឡើង ទៅយកព្រះពស្ត្រារាជ្យ និងសេះ ដូចជាអ្នកបានថានោះ ទៅធ្វើដូច្នោះដល់ម៉ាដេកាយ ជាសាសន៍យូដា ដែលអង្គុយនៅមាត់ទ្វារព្រះរាជវាំង កុំឲ្យខានធ្វើអ្វីមួយដែលអ្នកបានថានោះឲ្យសោះ
11. ហាម៉ានក៏យកព្រះពស្ត្រារាជ្យ និងសេះនោះមក រួចបំពាក់ឲ្យម៉ាដេកាយ ហើយបញ្ជិះគាត់បណ្តើរនាំទៅតាមផ្លូវទីក្រុង ដោយស្រែកប្រកាសនៅមុខគាត់ថា អ្នកដែលស្តេចទ្រង់សព្វព្រះទ័យចង់លើកមុខ នោះបានដូច្នេះហើយ
12. រួចហើយ ម៉ាដេកាយក៏វិលត្រឡប់មកឯទ្វារព្រះរាជវាំងវិញ តែឯហាម៉ានលោកប្រញាប់ប្រញាល់ទៅឯផ្ទះ ដោយសៅសោក ហើយគ្រលំក្បាល
13. លោកក៏រាប់រៀបប្រាប់ដល់សេរែស ជាប្រពន្ធ និងពួកមិត្រសំឡាញ់ទាំងប៉ុន្មានពីអស់ទាំងការដែលបានកើតមកដល់ខ្លួន ដូច្នោះ ពួកអ្នកប្រាជ្ញរបស់លោក និងសេរែស ជាប្រពន្ធ ក៏និយាយទៅលោកថា បើសិនជាម៉ាដេកាយនេះជាតិជាសាសន៍យូដា ដែលលោកបានចាប់តាំងដួលនៅចំពោះគាត់ហើយ នោះលោកនឹងឈ្នះគាត់មិនបានឡើយ គឺនឹងត្រូវដួលនៅចំពោះគាត់ជាពិតប្រាកដ