2. កាលស្តេចទ្រង់ទតឃើញអេសធើរ ជាអគ្គមហេសី ឈរក្នុងព្រះរាជរោងដូច្នោះ នោះទ្រង់ក៏ប្រោសដល់ព្រះនាង ហើយហុចព្រះដំបងមាស ដែលកាន់នៅព្រះហស្ត ទៅឯព្រះនាង រួចព្រះនាងយាងចូលទៅពាល់ចុងព្រះដំបងនោះ
3. ស្តេចទ្រង់មានព្រះបន្ទូលសួរថា អេសធើរ អគ្គមហេសីអើយ តើព្រះនាងមកចង់បានអ្វី តើគិតចង់សូមអ្វី យើងនឹងបើកឲ្យតាមព្រះនាងសូម ទោះបើដល់នគរ១ចំហៀងផង
4. អេសធើរទូលថា បើព្រះករុណាសព្វព្រះហឫទ័យ នោះសូមព្រះករុណា និងហាម៉ានយាងទៅសោយលៀង ដែលខ្ញុំម្ចាស់បានរៀបថ្វាយនៅថ្ងៃនេះ។
5. ដូច្នេះ ស្តេចទ្រង់ក៏បង្គាប់គេថា ចូរទៅប្រាប់ហាម៉ានឲ្យប្រញាប់ឡើង ដើម្បីឲ្យបានសំរេចដូចព្រះនាងបានថា យ៉ាងនោះស្តេចនឹងហាម៉ានបានមកសោយលៀង ដែលអេសធើរបានរៀបចំថ្វាយ
6. កំពុងតែលៀងស្រាទំពាំងបាយជូរ នោះស្តេចមានព្រះបន្ទូលសួរអេសធើរថា តើព្រះនាងចង់បានអ្វី យើងនឹងបើកឲ្យ តើគិតសូមអ្វី ទោះបើដល់នគរ១ចំហៀងក៏ដោយ គង់តែបានសំរេចឲ្យព្រះនាងដែរ
7. អេសធើរទូលឆ្លើយថា សេចក្ដីសំណូមរបស់ខ្ញុំម្ចាស់ និងសេចក្ដីដែលខ្ញុំម្ចាស់ចង់បាន
8. គឺបើព្រះករុណាប្រោសមេត្តាដល់ខ្ញុំម្ចាស់ ហើយបើព្រះករុណាសព្វព្រះទ័យនឹងប្រោសប្រទានដល់ខ្ញុំម្ចាស់ តាមសេចក្ដីសំណូម ហើយសំរេចតាមសេចក្ដីដែលខ្ញុំម្ចាស់ចង់បានដែរ នោះសូមព្រះករុណា និងហាម៉ានយាងមកសោយលៀងដែលខ្ញុំម្ចាស់ និងរៀបចំថ្វាយនៅថ្ងៃស្អែកទៀត នោះខ្ញុំម្ចាស់នឹងធ្វើតាមដែលព្រះករុណាបានមានព្រះបន្ទូលហើយ។
9. នៅថ្ងៃនោះ ហាម៉ានក៏ចេញទៅ ដោយមានចិត្តអំណរអររីករាយ តែកាលលោកឃើញម៉ាដេកាយនៅត្រង់មាត់ទ្វារព្រះរាជវាំង ដែលមិនឈរឡើង ឬកំរើកគោរពនៅមុខខ្លួន នោះលោកមានពេញដោយសេចក្ដីឃោរឃៅចំពោះម៉ាដេកាយ