7. ហើយម៉ាដេកាយប្រាប់គាត់ ពីគ្រប់ទាំងដំណើរដែលបានកើតមកដល់ខ្លួន និងពីចំនួនប្រាក់ដែលហាម៉ានបានសន្យាបញ្ចេញទៅឯឃ្លាំងហ្លួងទាំងប៉ុន្មាន ឲ្យបានបំផ្លាញដល់ពួកសាសន៍យូដា
8. ក៏ឲ្យសំណៅព្រះរាជឱង្ការ១ច្បាប់ ជាសេចក្ដីដែលបានប្រកាសប្រាប់នៅក្រុងស៊ូសាន បង្គាប់ឲ្យសំឡាប់គេ ដល់ភ្នាក់ងារនោះ ឲ្យនាំយកទៅបង្ហាញដល់អេសធើរ ហើយរាប់រៀបទូលព្រះនាងឲ្យជ្រាប ព្រមទាំងផ្តាំ ឲ្យព្រះនាងចូលទៅ ទូលអង្វរចំពោះស្តេច ថ្វាយពាក្យសំណូមជំនួសសាសន៍របស់ខ្លួនផង។
9. ហាថាក់ក៏ទៅក្រាបទូលដល់អេសធើរ តាមពាក្យរបស់ម៉ាដេកាយ
10. រួចអេសធើរមានសវនីយ៍នឹងហាថាក់ផ្តាំឲ្យទៅជំរាបម៉ាដេកាយថា
11. អស់ទាំងពួកបំរើរបស់ស្តេច និងពួកបណ្តាជន នៅគ្រប់ទាំងខេត្តរបស់ទ្រង់ សុទ្ធតែដឹងថា បើស្តេចមិនបានហៅរក នោះអ្នកណាក៏ដោយទោះប្រុស ឬស្រីក្តី ដែលនឹងចូលទៅឯស្តេច ក្នុងព្រះរាជរោងខាងក្នុង នោះមានច្បាប់តែ១ចំពោះអ្នកនោះ គឺត្រូវសំឡាប់បង់ លើកតែអ្នកណាដែលទ្រង់នឹងហុចព្រះដំបងមាស មកប្រោសឲ្យបានរស់ប៉ុណ្ណោះ តែស្តេចមិនបានហៅខ្ញុំចូលទៅចំពោះទ្រង់អស់៣០ថ្ងៃនេះហើយ
12. រួចគេក៏ទៅជំរាបម៉ាដេកាយ តាមពាក្យរបស់អេសធើរវិញ។
13. ឯម៉ាដេកាយ ក៏ប្រាប់ឲ្យគេ ចូលទៅទូលឆ្លើយនឹងអេសធើរថា កុំឲ្យគិតស្មានថាព្រះនាងនឹងរួចជីវិត នៅក្នុងដំណាក់ស្តេច ជាជាងពួកសាសន៍យូដាឯទៀតនោះឡើយ