1. ក្រោយការទាំងនោះមក កាលសេចក្ដីក្រោធរបស់ស្តេចអ័ហាស៊ូរុសបានស្ងប់ហើយ នោះទ្រង់ក៏នឹករឭកដល់ព្រះនាងវ៉ាសធី និងការដែលព្រះនាងបានធ្វើ ព្រមទាំងខសេចក្ដី ដែលបានសំរេចដល់ព្រះនាងផង
2. នោះពួកមហាតលិកទាំងឡាយដែលបំរើស្តេចក៏ទូលទ្រង់ថា សូមទ្រង់ឲ្យគេទៅរកស្ត្រីក្រមុំ ដែលមានរូបស្រស់ល្អមកថ្វាយទ្រង់
3. សូមព្រះករុណាចាត់ដំរូវឲ្យមានភ្នាក់ងារ នៅគ្រប់ខេត្តក្នុងនគរទ្រង់ ដើម្បីនឹងប្រមូលស្ត្រីក្រមុំ ដែលស្រស់ល្អទាំងប៉ុន្មាន មកឯស៊ូសាន ជាទីក្រុងហ្លួង ឲ្យនៅក្នុងមន្ទីរសំរាប់ពួកស្រីៗ ក្រោមអំណាចហេកាយ ជាក្រមវាំងរបស់ស្តេច ជាអ្នករក្សាពួកស្រីៗ រួចឲ្យគេបើកគ្រឿង សំរាប់ជំរះខ្លួនដល់នាងទាំងនោះ
4. រួចមក ឯនាងណាដែលសព្វព្រះទ័យដល់ព្រះករុណា នោះសូមទ្រង់តាំងឡើងឲ្យធ្វើជាអគ្គមហេសី ជំនួសព្រះនាងវ៉ាសធីនោះ ស្តេចទ្រង់សព្វព្រះទ័យនឹងសេចក្ដីនោះ ហើយក៏ធ្វើតាមដូច្នោះ។
5. រីឯនៅស៊ូសាន ជាទីក្រុងហ្លួង មានសាសន៍យូដាម្នាក់ឈ្មោះម៉ាដេកាយ ជាកូនយ៉ាអ៊ារ ដែលជាកូនស៊ីម៉ាយៗ ជាកូនគីស ក្នុងពូជបេនយ៉ាមីន
6. គាត់ត្រូវដឹកនាំចេញពីទីក្រុងយេរូសាឡិម ជាមួយនឹងពួកឈ្លើយ ដែលបាននាំទៅ ក្នុងគ្រាដែលនេប៊ូក្នេសា ជាស្តេចបាប៊ីឡូនបានចាប់យេកូនាស ជាស្តេចយូដានាំយកទៅ
7. គាត់បានចិញ្ចឹមនាងហាដាសា គឺអេសធើរ ជាកូនរបស់មាគាត់ ដ្បិតនាងគ្មានឪពុកម្តាយ នាងមានរូបឆោមឆាយ ហើយមុខស្រស់ល្អ កាលឪពុកម្តាយនាងស្លាប់ទៅហើយ នោះម៉ាដេកាយបានយកនាងមកចិញ្ចឹមទុកជាកូនខ្លួន។
8. ដូច្នេះ កាលគេបានប្រកាសប្រាប់ព្រះរាជឱង្ការ និងច្បាប់របស់ស្តេច ហើយបានប្រមូលស្រីក្រមុំជាច្រើនមកឯស៊ូសាន ជាក្រុងហ្លួងប្រគល់ក្រោមអំណាចហេកាយ នោះគេក៏នាំយកអេសធើរទៅក្នុងដំណាក់ស្តេច ប្រគល់ក្រោមអំណាចហេកាយ ជាអ្នករក្សាពួកស្រីៗដែរ
9. នាងជាទីពេញចិត្តដល់គាត់ណាស់ គាត់ក៏សំដែងសេចក្ដីសប្បុរសដល់នាង ក៏ប្រញាប់នឹងចែកគ្រឿង សំរាប់ឲ្យនាងជំរះខ្លួននឹងប្រដាប់តែងកាយ ដែលជាចំណែករបស់នាង ព្រមទាំងយកស្ត្រីក្រមុំ៧នាក់ ពីព្រះរាជដំណាក់មកឲ្យបំរើនាង ហើយគាត់ក៏ផ្លាស់នាង និងស្រីបំរើទាំងនោះ ឲ្យទៅនៅក្នុងបន្ទប់ល្អបំផុត ក្នុងមន្ទីរពួកស្រីៗ