10. នោះនាងក៏ទំលាក់ខ្លួនក្រាបចុះផ្កាប់មុខនឹងដី ដោយពាក្យថា ហេតុអ្វីបានជាលោកប្រោសមេត្តា ដោយអាណិតដល់ខ្ញុំជាសាសន៍ដទៃដូច្នេះ
11. បូអូសឆ្លើយទៅនាងថា គេបានប្រាប់ដល់ខ្ញុំ ពីគ្រប់ទាំងកិរិយា ដែលនាងបានប្រព្រឹត្តនឹងម្តាយក្មេក តាំងពីប្ដីនាងស្លាប់ចោលទៅ ហើយពីនាងបានលះចោលឪពុកម្តាយ និងស្រុកកំណើតរបស់នាង មកឯសាសន៍នេះ ដែលមិនបានស្គាល់កាលពីដើមផង
12. សូមព្រះយេហូវ៉ាប្រទានរង្វាន់ដល់នាង ហើយឲ្យនាងបានទទួលបំណាច់ដ៏ពោរពេញ ពីព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ដែលនាងបានមកជ្រកក្រោមស្លាបទ្រង់ចុះ
13. រួចនាងនិយាយថា ឱលោកម្ចាស់ខ្ញុំអើយ សូមលោកមេត្តាប្រោសដល់ខ្ញុំផង ទោះបើខ្ញុំមិនមែនដូចជាពួកស្រីបំរើរបស់លោកណាមួយក៏ដោយ គង់តែលោកបានកំសាន្តចិត្តខ្ញុំហើយ ព្រមទាំងនិយាយនឹងខ្ញុំជាអ្នកបំរើលោក ដោយសប្បុរសដែរ។
14. លុះដល់ពេលបាយ បូអូសប្រាប់នាងថា អញ្ជើញមកហូប ហើយជ្រលក់អាហារទៅក្នុងទឹកខ្មេះចុះ នាងក៏អង្គុយនៅខាងពួកអ្នកចំរូត ឯគេក៏ហុចលាជមកឲ្យនាងដែរ ហើយនាងបានបរិភោគទាល់តែឆ្អែត ក៏យកខ្លះទុកដែរ
15. កាលនាងបានក្រោកឡើងទៅរើសទៀត នោះបូអូសប្រាប់ដល់ពួកកំឡោះរបស់គាត់ថា ចូរបើកឲ្យនាងរើសយកក្នុងគំនរកណ្តាប់ស្រូវផងចុះ កុំឲ្យបន្ទោសនាងឡើយ
16. ហើយហូតគួរខ្លះពីកណ្តាប់ចេញ ទុកឲ្យនាងរើស កុំឲ្យស្តីថាដល់នាងឡើយ។
17. ដូច្នេះ នាងក៏រើសសន្សំនៅក្នុងស្រែនោះ រហូតដល់ល្ងាច រួចនាងបែងស្រូវដែលបានរើសនោះ បានស្រូវឱកប្រហែលជា១ថាំង
18. នាងលើកទូលនាំយកទៅឯទីក្រុង ឯម្តាយក្មេកក៏ឃើញស្រូវដែលនាងរើសយកមកនោះ រួចនាងបញ្ចេញម្ហូប ដែលសល់ពីនាងចំអែត ជូនដល់ម្តាយក្មេក
19. គាត់ក៏សួរនាងថា នៅថ្ងៃនេះ ឯងបានរើសសន្សំនៅទីណា តើឯងបានធ្វើការនៅកន្លែងណា សូមពរដល់អ្នកណានោះ ដែលបានអាណិតមេត្តាដល់ឯង ដូច្នេះនាងក៏រៀបរាប់ប្រាប់ម្តាយក្មេក ពីដំណើរដែលនាងបានធ្វើនៅទីណានោះ ដោយពាក្យថា មនុស្សនោះដែលខ្ញុំបានទៅធ្វើការជាមួយនៅថ្ងៃនេះ លោកឈ្មោះ បូអូស
20. នោះគាត់និយាយទៅកូនប្រសាថា សូមឲ្យលោកបានពរពីព្រះយេហូវ៉ាចុះ ដោយព្រោះលោកមិនខាននឹងប្រព្រឹត្តដោយសប្បុរស ដល់ទាំងមនុស្សរស់ និងមនុស្សស្លាប់ផង រួចន៉ាអូមីនិយាយថា លោកនោះជាសាច់ញាតិជិតដិតនឹងយើងហើយ លោកជាអ្នក១ដែលមានច្បាប់នឹងលោះឲ្យយើងបាន