3. ឯអេលីម៉ាលេច ជាប្ដីន៉ាអូមី គាត់ស្លាប់ទៅ នៅសល់តែនាង ហើយនឹងកូនទាំង២នាក់
4. កូនទាំង២ក៏យកប្រពន្ធ ពីពួកក្រមុំស្រីសាសន៍ម៉ូអាប់នោះ នាង១ឈ្មោះអ័រប៉ា ហើយ១ទៀតឈ្មោះនាងរស់ ម៉ាឡូន និងគីលីយ៉ុនក៏នៅស្រុកនោះប្រហែលជា១០ឆ្នាំ
5. រួចគេស្លាប់ទៅទាំង២នាក់ នៅសល់តែន៉ាអូមីម្នាក់ឯង ឥតទាំងកូនទាំងប្ដីផង។
6. ន៉ាអូមី និងកូនប្រសាទាំង២ក៏ប្រុងប្រៀប ដើម្បីនឹងចេញពីស្រុកម៉ូអាប់ត្រឡប់វិលទៅវិញ ដ្បិតនៅក្នុងស្រុកម៉ូអាប់នោះ គាត់បានឮថា ព្រះយេហូវ៉ាទ្រង់បានយាងមកប្រោសប្រទានឲ្យរាស្ត្រទ្រង់មានអាហារ
7. ដូច្នេះគាត់ក៏ចេញពីលំនៅខ្លួន នាំទាំងកូនប្រសាស្រីទាំង២ ដើរទៅតាមផ្លូវ ដើម្បីនឹងត្រឡប់ទៅឯស្រុកយូដាវិញ
8. គាត់និយាយទៅកូនប្រសាទាំង២ថា ចូរឯងត្រឡប់ទៅឯផ្ទះម្តាយឯងវិញរៀងខ្លួនចុះ សូមឲ្យព្រះយេហូវ៉ាផ្តល់សេចក្ដីសប្បុរសដល់ឯង ដូចជាឯងបានប្រព្រឹត្តនឹងខ្មោចប្ដីឯង ហើយនឹងអញដែរ
9. សូមឲ្យព្រះយេហូវ៉ាប្រោសមេត្តា ឲ្យឯងបានសេចក្ដីស្រាកស្រាន្ត នៅក្នុងផ្ទះរបស់ប្ដី១ទៀតរៀងខ្លួនចុះ រួចគាត់ក៏ថើបនាងទាំង២ ហើយគេឡើងសំឡេងយំទាំងអស់គ្នា
10. តែនាងទាំង២ប្រកែកថា ទេយើងខ្ញុំនឹងទៅនៅក្នុងសាសន៍របស់អ្នកម្តាយ ជាមួយនឹងអ្នកម្តាយដែរ
11. នោះន៉ាអូមីនាងឃាត់ថា ចូរវិលទៅវិញចុះ កូនស្រីអើយ ហេតុអ្វីបានជាចង់តាមអញទៅធ្វើអី តើនៅមានកូនក្នុងពោះអញទៀត ដែលនឹងធ្វើជាប្ដីដល់ឯងបានឬអី
12. ចូរវិលទៅវិញទៅ កូនស្រីអើយ ដ្បិតអញចាស់ហួសកំណត់នឹងយកប្ដីហើយ បើសិនជាអញនិយាយថា អញមានសង្ឃឹមហើយ បើអញមានប្ដីនៅយប់នេះឯង ហើយនឹងបង្កើតបានកូនប្រុស
13. នោះតើឯងនឹងនៅចាំទាល់តែវាធំឡើងឬអី បើយ៉ាងនោះ តើឯងនឹងបង្អង់នៅឥតមានប្ដីឬអី កុំឡើយ កូនស្រីអើយ អញមានចិត្តព្រួយជាខ្លាំង ដោយព្រោះឯង ពីព្រោះព្រះហស្តនៃព្រះយេហូវ៉ា បានលូកមកទាស់នឹងអញហើយ