1. រីឯនៅក្នុងគ្រា ដែលពួកចៅហ្វាយ កំពុងកាន់កាប់ត្រួតត្រា នោះក៏កើតមានអំណត់អត់នៅក្នុងស្រុក ពេលនោះមានបុរសម្នាក់ ជាអ្នកនៅក្រុងបេថ្លេហិម-យូដា គាត់បាននាំទាំងប្រពន្ធ និងកូនប្រុសទាំង២នាក់ ទៅស្នាក់នៅឯស្រុកម៉ូអាប់
2. មនុស្សនោះឈ្មោះអេលីម៉ាលេច ប្រពន្ធឈ្មោះន៉ាអូមី ឯកូនទាំង២ មួយឈ្មោះម៉ាឡូន ហើយ១ឈ្មោះគីលីយ៉ុន សុទ្ធតែជាពួកអេប្រាតា ដែលនៅក្រុងបេថ្លេហិម-យូដា គេក៏ទៅដល់ស្រុកម៉ូអាប់ តាំងទីលំនៅនៅស្រុកនោះ
3. ឯអេលីម៉ាលេច ជាប្ដីន៉ាអូមី គាត់ស្លាប់ទៅ នៅសល់តែនាង ហើយនឹងកូនទាំង២នាក់
4. កូនទាំង២ក៏យកប្រពន្ធ ពីពួកក្រមុំស្រីសាសន៍ម៉ូអាប់នោះ នាង១ឈ្មោះអ័រប៉ា ហើយ១ទៀតឈ្មោះនាងរស់ ម៉ាឡូន និងគីលីយ៉ុនក៏នៅស្រុកនោះប្រហែលជា១០ឆ្នាំ
5. រួចគេស្លាប់ទៅទាំង២នាក់ នៅសល់តែន៉ាអូមីម្នាក់ឯង ឥតទាំងកូនទាំងប្ដីផង។
6. ន៉ាអូមី និងកូនប្រសាទាំង២ក៏ប្រុងប្រៀប ដើម្បីនឹងចេញពីស្រុកម៉ូអាប់ត្រឡប់វិលទៅវិញ ដ្បិតនៅក្នុងស្រុកម៉ូអាប់នោះ គាត់បានឮថា ព្រះយេហូវ៉ាទ្រង់បានយាងមកប្រោសប្រទានឲ្យរាស្ត្រទ្រង់មានអាហារ
7. ដូច្នេះគាត់ក៏ចេញពីលំនៅខ្លួន នាំទាំងកូនប្រសាស្រីទាំង២ ដើរទៅតាមផ្លូវ ដើម្បីនឹងត្រឡប់ទៅឯស្រុកយូដាវិញ
8. គាត់និយាយទៅកូនប្រសាទាំង២ថា ចូរឯងត្រឡប់ទៅឯផ្ទះម្តាយឯងវិញរៀងខ្លួនចុះ សូមឲ្យព្រះយេហូវ៉ាផ្តល់សេចក្ដីសប្បុរសដល់ឯង ដូចជាឯងបានប្រព្រឹត្តនឹងខ្មោចប្ដីឯង ហើយនឹងអញដែរ
9. សូមឲ្យព្រះយេហូវ៉ាប្រោសមេត្តា ឲ្យឯងបានសេចក្ដីស្រាកស្រាន្ត នៅក្នុងផ្ទះរបស់ប្ដី១ទៀតរៀងខ្លួនចុះ រួចគាត់ក៏ថើបនាងទាំង២ ហើយគេឡើងសំឡេងយំទាំងអស់គ្នា
10. តែនាងទាំង២ប្រកែកថា ទេយើងខ្ញុំនឹងទៅនៅក្នុងសាសន៍របស់អ្នកម្តាយ ជាមួយនឹងអ្នកម្តាយដែរ
11. នោះន៉ាអូមីនាងឃាត់ថា ចូរវិលទៅវិញចុះ កូនស្រីអើយ ហេតុអ្វីបានជាចង់តាមអញទៅធ្វើអី តើនៅមានកូនក្នុងពោះអញទៀត ដែលនឹងធ្វើជាប្ដីដល់ឯងបានឬអី