1. ទូលបង្គំនឹងសរសើរដល់ព្រះយេហូវ៉ាអស់អំពីចិត្តទូលបង្គំនឹងនិទាន ពីអស់ទាំងការអស្ចារ្យរបស់ទ្រង់
2. ទូលបង្គំនឹងអរសប្បាយ ហើយរីករាយឡើងក្នុងទ្រង់ឱព្រះដ៏ខ្ពស់បំផុតអើយទូលបង្គំនឹងច្រៀងដំកើងដល់ព្រះនាមទ្រង់
3. កាលណាពួកខ្មាំងសត្រូវទូលបង្គំថយចេញទៅនោះគេស្លុតជង្គង់ដួល ហើយវិនាសបាត់នៅចំពោះទ្រង់
4. ដ្បិតទ្រង់បានរាំងពារសេចក្ដីទៀងត្រង់និងរឿងក្តីរបស់ទូលបង្គំទ្រង់គង់លើបល្ល័ង្កកំពុងតែជំនុំជំរះដោយយុត្តិធម៌
5. ទ្រង់បានបន្ទោសដល់សាសន៍ដ៏ទៃទាំងប៉ុន្មានក៏បានបំផ្លាញពួកមនុស្សអាក្រក់ចេញទ្រង់បានលុបឈ្មោះគេ ឲ្យបាត់បង់ទៅជាដរាបរៀងតទៅ
6. ឱខ្មាំងសត្រូវអើយ ការហិនវិនាសបានផុតទៅជានិច្ចឯទីក្រុងទាំងប៉ុន្មានដែលឯងបានបំផ្លាញនោះទាំងសេចក្ដីនឹកចាំពីគេបានបាត់ឈឹងទៅដែរ
7. ប៉ុន្តែព្រះយេហូវ៉ាទ្រង់គង់នៅអស់កល្បជានិច្ចទ្រង់បានតាំងបល្ល័ង្កទ្រង់ ទុកសំរាប់នឹងជំនុំជំរះហើយ
8. ទ្រង់នឹងជំនុំជំរះមនុស្សលោកដោយយុត្តិធម៌ក៏នឹងវិនិច្ឆ័យអស់ទាំងសាសន៍ ដោយសេចក្ដីសុចរិត
9. ព្រះយេហូវ៉ាទ្រង់នឹងបានជាទីពឹងជ្រកដល់អស់អ្នកណាដែលត្រូវគេសង្កត់សង្កិនគឺជាទីពឹងនៅគ្រាលំបាក
10. ឯអស់អ្នកដែលស្គាល់ព្រះនាមទ្រង់គេនឹងទុកចិត្តដល់ទ្រង់ដ្បិត ឱព្រះយេហូវ៉ាអើយ ទ្រង់មិនបានបោះបង់ចោលពួកអ្នកដែលស្វែងរកទ្រង់ឡើយ
11. ចូរច្រៀងទំនុកសរសើរដល់ព្រះយេហូវ៉ាដែលទ្រង់គង់នៅក្រុងស៊ីយ៉ូនចុះចូរថ្លែងប្រាប់ពីការនៃទ្រង់ នៅក្នុងចំណោមបណ្តាជនផង