1. ឱព្រះយេហូវ៉ាជាព្រះដ៏ជួយសង្គ្រោះទូលបង្គំអើយទូលបង្គំបានអំពាវនាវនៅចំពោះទ្រង់ ទាំងយប់ទាំងថ្ងៃ
2. សូមឲ្យសេចក្ដីអធិស្ឋានរបស់ទូលបង្គំបានចូលមកនៅចំពោះទ្រង់សូមផ្ទៀងព្រះកាណ៌ស្តាប់ពាក្យទូលបង្គំទូលអង្វរផង
3. ដ្បិតព្រលឹងនៃទូលបង្គំមានពេញដោយសេចក្ដីវេទនាជីវិតនៃទូលបង្គំក៏កាន់តែជិតស្ថានឃុំព្រលឹងមនុស្សស្លាប់
4. គេរាប់ទូលបង្គំជាមួយនឹងពួកអ្នកដែលកំពុងតែចុះទៅក្នុងរណ្តៅទូលបង្គំក៏ដូចជាមនុស្សដែលគ្មានកំឡាំង
5. ត្រូវបោះបង់ចោលនៅកណ្តាលពួកមនុស្សស្លាប់ហើយដូចជាអ្នក១ដែលត្រូវគេកាប់សំឡាប់ដែលដេកនៅក្នុងផ្នូរជាអ្នកដែលទ្រង់មិននឹកចាំទៀតសោះហើយត្រូវកាត់ចេញពីព្រះហស្តទ្រង់ទៅ
6. ទ្រង់បានផ្តេកទូលបង្គំនៅក្នុងរណ្តៅជ្រៅបំផុតគឺក្នុងទីងងឹត នៅទីជំរៅ
7. សេចក្ដីក្រោធរបស់ទ្រង់កំពុងតែសង្កត់លើទូលបង្គំជាធ្ងន់ទ្រង់បានធ្វើទុក្ខទូលបង្គំ ដោយអស់ទាំងរលកទ្រង់។–បង្អង់
8. ៙ ទ្រង់បានធ្វើឲ្យពួកមិត្តភក្តិរបស់ទូលបង្គំឃ្លាតឆ្ងាយទៅក៏បានធ្វើឲ្យទូលបង្គំត្រឡប់ជាទីខ្ពើមឆ្អើមដល់គេទូលបង្គំត្រូវបង្ខាំងនៅ និងចេញមកមិនរួច
9. ភ្នែកទូលបង្គំស្រវាំងទៅ ដោយសេចក្ដីទុក្ខព្រួយឱព្រះយេហូវ៉ាអើយទូលបង្គំបានទូលអង្វរដល់ទ្រង់រាល់តែថ្ងៃជានិច្ចទូលបង្គំបានប្រទូលដៃចំពោះទ្រង់
10. តើទ្រង់នឹងសំដែងការអស្ចារ្យដល់មនុស្សដែលស្លាប់ហើយឬតើអ្នកដែលស្លាប់នឹងងើបឡើងសរសើរដល់ទ្រង់ដែរឬ។–បង្អង់
11. ៙ តើនឹងមានគេថ្លែងពីសេចក្ដីសប្បុរសទ្រង់នៅក្នុងផ្នូរឬពីសេចក្ដីស្មោះត្រង់របស់ទ្រង់ នៅទីហិនវិនាសដែរអី
12. តើនឹងមានអ្នកណាស្គាល់ការអស្ចារ្យរបស់ទ្រង់នៅក្នុងទីងងឹតឬសេចក្ដីសុចរិតទ្រង់នៅស្ថានភ្លេចភ្លាំងបានឬទេ
13. ប៉ុន្តែ ឱព្រះយេហូវ៉ាអើយទូលបង្គំបានអំពាវនាវដល់ទ្រង់នៅពេលព្រឹកសេចក្ដីអធិស្ឋានរបស់ទូលបង្គំនឹងមកចំពោះទ្រង់
14. ឱព្រះយេហូវ៉ាអើយហេតុអ្វីបានជាទ្រង់បោះបង់ព្រលឹងនៃទូលបង្គំចោលម្តេចក៏ទ្រង់លាក់ព្រះភក្ត្រនឹងទូលបង្គំដូច្នេះ