32. ៙ ទោះបើយ៉ាងនោះក៏ដោយគង់តែគេនៅតែធ្វើបាបទៀតគេមិនព្រមជឿការអស្ចារ្យរបស់ទ្រង់ឡើយ
33. ហេតុនោះ ទ្រង់បានធ្វើឲ្យអស់ទាំងថ្ងៃរបស់គេកន្លងទៅជាឥតប្រយោជន៍ហើយអស់ទាំងឆ្នាំគេ ដោយសេចក្ដីស្ញែងខ្លាច
34. វេលាណាដែលទ្រង់ប្រហារពួកគេទើបគេសួររកទ្រង់ហើយត្រឡប់មកស្វែងរកព្រះអស់ពីចិត្ត
35. គេក៏នឹកចាំថា ព្រះទ្រង់ជាថ្មដារបស់ខ្លួនគេគឺព្រះដ៏ខ្ពស់បំផុត ទ្រង់ជាអ្នកប្រោសលោះដល់គេ។
36. ៙ គេបានលើកបញ្ចើចទ្រង់ដោយមាត់គេតែអណ្តាតរបស់គេបានកុហកទ្រង់ទេ
37. ដ្បិតចិត្តគេមិនបានទៀងត្រង់នៅចំពោះទ្រង់ក៏មិនស្មោះចំពោះនឹងសេចក្ដីសញ្ញាទ្រង់ដែរ
38. ប៉ុន្តែចំណែកទ្រង់មានសេចក្ដីមេត្តាករុណាបានជាទ្រង់អត់ទោសចំពោះសេចក្ដីទុច្ចរិតរបស់គេហើយមិនបានបំផ្លាញគេទេអើ ទ្រង់បានបង្វែរសេចក្ដីខ្ញាល់ទ្រង់ចេញជាញយៗឥតឲ្យសេចក្ដីក្រោធរបស់ទ្រង់ផុលឡើងទាំងអស់ឡើយ
39. ទ្រង់បាននឹកចាំថា គេគ្រាន់តែជាសាច់ឈាមប៉ុណ្ណោះគឺជាខ្យល់ដែលបក់កន្លងហួសទៅ ឥតមកវិញឡើយ។
40. ៙ ប៉ុន្មានដងហើយ ដែលគេបះបោរនឹងទ្រង់នៅទីរហោស្ថានហើយនាំឲ្យព្រួយព្រះហឫទ័យនៅទីល្ហល្ហេវ
41. គឺគេបានបែរជាល្បងលព្រះវិញទៀតហើយគេបិទផ្លូវព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល
42. គេមិនបាននឹកចាំពីព្រះហស្តទ្រង់ឬពីថ្ងៃដែលទ្រង់បានដោះគេចេញពីខ្មាំងសត្រូវ
43. ឬពីបែបយ៉ាងណាដែលទ្រង់បានសំដែងទីសំគាល់របស់ទ្រង់នៅស្រុកអេស៊ីព្ទនិងការអស្ចារ្យ នៅទីវាលសូអានឡើយ