26. ៙ ទ្រង់បានធ្វើឲ្យខ្យល់ពីទិសខាងកើតបក់នៅលើមេឃហើយបាននាំខ្យល់ពីទិសខាងត្បូងដោយព្រះចេស្តារបស់ទ្រង់
27. ក៏ទំលាក់សាច់មកលើគេដូចជាធូលីដីគឺជាសត្វស្លាបជាច្រើន ដូចជាខ្សាច់នៅសមុទ្រ
28. ទ្រង់ឲ្យធ្លាក់នៅព័ទ្ធជុំវិញលំនៅរបស់គេគឺនៅកណ្តាលទីដំឡើងត្រសាល
29. ដូច្នេះ គេក៏បរិភោគទៅ ហើយបានឆ្អែតពេញបន្ទុកទ្រង់បានប្រទានឲ្យ តាមបំណងចិត្តគេ
30. គឺគេមិនទាន់អស់អាល័យក្នុងចិត្តហើយកាលអាហារនោះនៅក្នុងមាត់គេនៅឡើយ
31. នោះសេចក្ដីខ្ញាល់របស់ព្រះ បានឆួលឡើងទាស់នឹងគេព្រមទាំងសំឡាប់អស់អ្នកដែលធាត់ៗ ក្នុងពួកគេហើយវាយផ្តួលពួកកំឡោះៗនៃសាសន៍អ៊ីស្រាអែលផង។
32. ៙ ទោះបើយ៉ាងនោះក៏ដោយគង់តែគេនៅតែធ្វើបាបទៀតគេមិនព្រមជឿការអស្ចារ្យរបស់ទ្រង់ឡើយ
33. ហេតុនោះ ទ្រង់បានធ្វើឲ្យអស់ទាំងថ្ងៃរបស់គេកន្លងទៅជាឥតប្រយោជន៍ហើយអស់ទាំងឆ្នាំគេ ដោយសេចក្ដីស្ញែងខ្លាច
34. វេលាណាដែលទ្រង់ប្រហារពួកគេទើបគេសួររកទ្រង់ហើយត្រឡប់មកស្វែងរកព្រះអស់ពីចិត្ត
35. គេក៏នឹកចាំថា ព្រះទ្រង់ជាថ្មដារបស់ខ្លួនគេគឺព្រះដ៏ខ្ពស់បំផុត ទ្រង់ជាអ្នកប្រោសលោះដល់គេ។
36. ៙ គេបានលើកបញ្ចើចទ្រង់ដោយមាត់គេតែអណ្តាតរបស់គេបានកុហកទ្រង់ទេ
37. ដ្បិតចិត្តគេមិនបានទៀងត្រង់នៅចំពោះទ្រង់ក៏មិនស្មោះចំពោះនឹងសេចក្ដីសញ្ញាទ្រង់ដែរ
38. ប៉ុន្តែចំណែកទ្រង់មានសេចក្ដីមេត្តាករុណាបានជាទ្រង់អត់ទោសចំពោះសេចក្ដីទុច្ចរិតរបស់គេហើយមិនបានបំផ្លាញគេទេអើ ទ្រង់បានបង្វែរសេចក្ដីខ្ញាល់ទ្រង់ចេញជាញយៗឥតឲ្យសេចក្ដីក្រោធរបស់ទ្រង់ផុលឡើងទាំងអស់ឡើយ