21. ហេតុនោះ ព្រះយេហូវ៉ាទ្រង់ក៏ឮហើយមានសេចក្ដីក្រោធរួចមានភ្លើងឆួលឡើង បញ្ឆេះពួកយ៉ាកុបមានសេចក្ដីខ្ញាល់ចេញទៅទាស់នឹងអ៊ីស្រាអែល
22. ដោយព្រោះគេមិនបានជឿដល់ព្រះក៏មិនបានទុកចិត្តនឹងសេចក្ដីសង្គ្រោះរបស់ទ្រង់ផង
23. ទ្រង់បានបង្គាប់ដល់ផ្ទៃមេឃនៅខាងលើក៏បានបើកទ្វារនៃស្ថានសួគ៌
24. ហើយបង្អុរនំម៉ាន៉ា ឲ្យធ្លាក់មកលើគេ ដូចជាភ្លៀងសំរាប់គេបរិភោគគឺទ្រង់ប្រទានអាហារពីស្ថានសួគ៌ដល់គេ
25. គេបានបរិភោគនំរបស់ពួកទេវតាទាំងអស់គ្នាទ្រង់បានផ្ញើអាហារមកគេឲ្យបានឆ្អែត។
26. ៙ ទ្រង់បានធ្វើឲ្យខ្យល់ពីទិសខាងកើតបក់នៅលើមេឃហើយបាននាំខ្យល់ពីទិសខាងត្បូងដោយព្រះចេស្តារបស់ទ្រង់
27. ក៏ទំលាក់សាច់មកលើគេដូចជាធូលីដីគឺជាសត្វស្លាបជាច្រើន ដូចជាខ្សាច់នៅសមុទ្រ
28. ទ្រង់ឲ្យធ្លាក់នៅព័ទ្ធជុំវិញលំនៅរបស់គេគឺនៅកណ្តាលទីដំឡើងត្រសាល
29. ដូច្នេះ គេក៏បរិភោគទៅ ហើយបានឆ្អែតពេញបន្ទុកទ្រង់បានប្រទានឲ្យ តាមបំណងចិត្តគេ
30. គឺគេមិនទាន់អស់អាល័យក្នុងចិត្តហើយកាលអាហារនោះនៅក្នុងមាត់គេនៅឡើយ
31. នោះសេចក្ដីខ្ញាល់របស់ព្រះ បានឆួលឡើងទាស់នឹងគេព្រមទាំងសំឡាប់អស់អ្នកដែលធាត់ៗ ក្នុងពួកគេហើយវាយផ្តួលពួកកំឡោះៗនៃសាសន៍អ៊ីស្រាអែលផង។
32. ៙ ទោះបើយ៉ាងនោះក៏ដោយគង់តែគេនៅតែធ្វើបាបទៀតគេមិនព្រមជឿការអស្ចារ្យរបស់ទ្រង់ឡើយ
33. ហេតុនោះ ទ្រង់បានធ្វើឲ្យអស់ទាំងថ្ងៃរបស់គេកន្លងទៅជាឥតប្រយោជន៍ហើយអស់ទាំងឆ្នាំគេ ដោយសេចក្ដីស្ញែងខ្លាច
34. វេលាណាដែលទ្រង់ប្រហារពួកគេទើបគេសួររកទ្រង់ហើយត្រឡប់មកស្វែងរកព្រះអស់ពីចិត្ត
35. គេក៏នឹកចាំថា ព្រះទ្រង់ជាថ្មដារបស់ខ្លួនគេគឺព្រះដ៏ខ្ពស់បំផុត ទ្រង់ជាអ្នកប្រោសលោះដល់គេ។