1. ឱព្រះអង្គអើយ ហេតុអ្វីបានជាទ្រង់បោះបង់ចោលយើងខ្ញុំជាដរាបហេតុអ្វីបានជាសេចក្ដីខ្ញាល់របស់ទ្រង់ហុយផ្សែងឡើងទាស់នឹងហ្វូងចៀមដែលនៅទីវាលរបស់ទ្រង់ដូច្នេះ
2. សូមនឹកចាំពីពួកជំនុំដែលទ្រង់រើសបានពីកាលចាស់បុរាណជាពួកដែលទ្រង់បានលោះសំរាប់ជាពូជអំបូរដែលទ្រង់នឹងគ្រងជាមរដកគឺភ្នំស៊ីយ៉ូន ជាកន្លែងដែលទ្រង់បានគង់នៅ
3. សូមទ្រង់លើកព្រះបាទយាងមកឯកន្លែងដែលនៅបាក់បែកជានិច្ចគឺមកឯការអាក្រក់ទាំងប៉ុន្មាន ដែលពួកខ្មាំងសត្រូវបានធ្វើនៅក្នុងទីបរិសុទ្ធ។
4. ៙ ពួកដែលតតាំងនឹងទ្រង់ បានស្រែកហ៊ោនៅកណ្តាលជំនុំរបស់ទ្រង់គេបានលើកទង់របស់គេឡើងជាទីសំគាល់
5. គេមើលទៅដូចជាមនុស្សដែលលើកពូថៅឡើងប្រុងនឹងកាប់ព្រៃញឹក
6. ឥឡូវនេះគេបំបាក់បំបែកអស់ទាំងក្បាច់ចំឡាក់ដោយពូថៅ និងញញួរ
7. ក៏បានយកភ្លើងទៅដុតទីបរិសុទ្ធរបស់ទ្រង់ព្រមទាំងបង្អាប់ទីលំនៅនៃព្រះនាមទ្រង់ឲ្យរាបចុះដល់ដី
8. ដោយនឹកក្នុងចិត្តថា ចូរយើងកំទេចចេញឲ្យអស់គេក៏ដុតបំផ្លាញអស់ទាំងសាលាប្រជុំនៃព្រះដែលនៅក្នុងស្រុកដែរ។
9. ៙ យើងខ្ញុំមិនឃើញទង់របស់យើងខ្ញុំទៀតទេក៏គ្មានហោរាណាទៀតឡើយហើយឥតមានអ្នកណាក្នុងពួកយើងខ្ញុំដែលដឹងជាការនេះ នឹងបានដល់យូរប៉ុណ្ណាដែរ
10. ឱព្រះអង្គអើយ ពួកទាស់ទទឹងនឹងដៀលត្មះដល់កាលណាតើពួកខ្មាំងសត្រូវនឹងប្រមាថដល់ព្រះនាមទ្រង់ជាដរាបឬ
11. ហេតុអ្វីបានជាទ្រង់ដកព្រះហស្តគឺព្រះហស្តស្តាំនៃទ្រង់ចេញដូច្នេះសូមទ្រង់ដកព្រះហស្តចេញពីព្រះឧរាមកហើយបំផ្លាញគេចុះ។
12. ៙ ប៉ុន្តែព្រះទ្រង់ជាមហាក្សត្រនៃទូលបង្គំតាំងតែពីបុរាណមកទ្រង់ក៏ប្រោសប្រទានសេចក្ដីសង្គ្រោះនៅកណ្តាលផែនដី
13. ទ្រង់បានញែកទឹកសមុទ្រដោយឫទ្ធិរបស់ទ្រង់ក៏បានបំបែកក្បាលអស់ទាំងសត្វសំបើមនៅក្នុងទឹក
14. ទ្រង់បានកិនកំទេចក្បាលរបស់ក្រពើព្រមទាំងប្រទានសាច់វាទុកជាអាហារដល់ពួកមនុស្សដែលនៅទីរហោស្ថាន