1. ឱព្រះអង្គអើយ សូមទ្រង់ប្រទានបញ្ញត្តច្បាប់នៃទ្រង់មកទូលបង្គំជាស្តេចហើយសេចក្ដីសុចរិតនៃទ្រង់ដល់ព្រះរាជបុត្រាផង
2. ឲ្យព្រះរាជបុត្រាបានគ្រប់គ្រងលើរាស្ត្ររបស់ព្រះដោយសុចរិតហើយលើពួកក្រីក្រដោយទៀងត្រង់
3. នោះអស់ទាំងភ្នំធំតូច នឹងចំរើនសេចក្ដីសុខដល់បណ្តាជនដោយសេចក្ដីសុចរិត
4. សូមឲ្យទ្រង់បានសំរេចក្តី ដល់ពួកកំសត់ក្នុងបណ្តាជនហើយជួយសង្គ្រោះដល់ពួកកូនរបស់មនុស្សក្រីក្រព្រមទាំងវាយពួកអ្នកសង្កត់សង្កិនឲ្យខ្ទេចខ្ទីទៅ។
5. ៙ យ៉ាងនោះ គេនឹងកោតខ្លាចដល់ទ្រង់ដ៏ជាព្រះអស់អំឡុងដែលនៅមានព្រះអាទិត្យភ្លឺតទៅព្រមទាំងព្រះចន្ទផង ដរាបដល់អស់ទាំងដំណតរៀងទៅ
6. សូមឲ្យទ្រង់បានដូចជាភ្លៀងធ្លាប់ចុះមកលើវាលដែលច្រូតស្មៅហើយគឺដូចជាភ្លៀង១មេៗដែលស្រោចដី
7. នៅក្នុងគ្រាព្រះរាជបុត្រានោះមនុស្សសុចរិតនឹងមានសេចក្ដីចំរើនឡើងហើយនឹងមានសេចក្ដីសុខជាបរិបូរដរាបដល់ព្រះចន្ទរលត់សូន្យទៅ។
8. ៙ ទ្រង់នឹងមានអំណាចចាប់តាំងពីសមុទ្រម្ខាងទៅដល់សមុទ្រម្ខាងហើយពីទន្លេ រហូតដល់ទីបំផុតផែនដី
9. ឯពួកមនុស្សដែលអាស្រ័យនៅទីរហោស្ថានគេនឹងក្រាបចុះនៅចំពោះទ្រង់ហើយពួកខ្មាំងសត្រូវរបស់ទ្រង់ នឹងក្រាបលិទ្ធធូលីដី
10. ពួកក្សត្រនៃស្រុកតើស៊ីស និងកោះទាំងប៉ុន្មាននឹងថ្វាយសួយអាករពួកក្សត្រនៃស្រុកសេបានិងស្រុកសាបានឹងថ្វាយគ្រឿងបណ្ណាការដែរ
11. អើ ពួកក្សត្រទាំងអស់ នឹងផ្តួលខ្លួនក្រាបចុះនៅចំពោះទ្រង់ហើយអស់ទាំងនគរនឹងចំណុះទ្រង់ដែរ
12. ដ្បិតទ្រង់នឹងជួយពួកក្រីក្រឲ្យរួចក្នុងកាលដែលថ្លែងទុក្ខព្រមទាំងពួកកំសត់ ដែលឥតមានអ្នកណាជួយនោះផង
13. ទ្រង់នឹងមានសេចក្ដីអាណិតមេត្តាដល់មនុស្សរហេមរហាម និងមនុស្សទុគ៌តក៏នឹងជួយសង្គ្រោះជីវិតនៃមនុស្សក្រីក្រផង
14. ទ្រង់នឹងលោះជីវិតគេ ឲ្យរួចពីការសង្កត់សង្កិននិងការច្រឡោតឯឈាមគេនឹងបានវិសេសនៅព្រះនេត្រទ្រង់ដែរ។
15. ៙ ដូច្នេះ គេនឹងរស់នៅ ហើយនឹងមានដង្វាយជាមាសពីស្រុកសេបា ឲ្យបានថ្វាយដល់ទ្រង់មនុស្សទាំងឡាយនឹងអធិស្ឋានឲ្យទ្រង់ជានិច្ចហើយនឹងថ្វាយពរដល់ទ្រង់ជាដរាបរាល់ថ្ងៃ
16. ដូច្នេះ នឹងមានស្រូវជាបរិបូរនៅក្នុងស្រុករហូតដល់កំពូលភ្នំឯគួរស្រូវ នោះនឹងទ្រេតចុះឡើងដូចជាដើមឈើនៅភ្នំល្បាណូនហើយមនុស្សនឹងចំរើនឡើងនៅក្នុងទីក្រុងដូចជាស្មៅនៅដីដែរ