5. ឱព្រះអង្គអើយ ទ្រង់ជ្រាបសេចក្ដីចំកួតរបស់ទូលបង្គំឯអំពើបាបនៃទូលបង្គំក៏មិនបិទបាំងនឹងទ្រង់ដែរ។
6. ៙ ឱព្រះយេហូវ៉ា ជាព្រះអម្ចាស់នៃពួកពលបរិវារអើយសូមកុំឲ្យពួកអ្នកដែលពឹងពាក់ដល់ទ្រង់ត្រូវខ្មាសដោយព្រោះទូលបង្គំឡើយឱព្រះនៃសាសន៍អ៊ីស្រាអែលអើយសូមកុំឲ្យពួកអ្នកដែលស្វែងរកទ្រង់បានត្រូវអាប់យសដោយព្រោះទូលបង្គំឲ្យសោះ
7. ដ្បិតគឺដោយយល់ដល់ទ្រង់ហើយបានជាទូលបង្គំធន់ទ្រាំនឹងសេចក្ដីត្មះតិះដៀលហើយសេចក្ដីអៀនខ្មាសបានគ្របមុខទូលបង្គំផង
8. ទូលបង្គំបានត្រឡប់ដូចជាអ្នកដទៃចំពោះបងប្អូនទូលបង្គំគឺដូចជាសាសន៍ក្រៅដល់ពួកអ្នកពោះ១នឹងទូលបង្គំ។
9. ៙ ដ្បិតសេចក្ដីឧស្សាហ៍ដល់ដំណាក់ទ្រង់ បានស៊ីបង្ហិនទូលបង្គំឯសេចក្ដីត្មះតិះដៀលទាំងប៉ុន្មានដែលគេដៀលដល់ទ្រង់នោះបានធ្លាក់មកលើទូលបង្គំវិញ
10. កាលទូលបង្គំបានយំ ហើយបញ្ឈឺចិត្ត ដោយតមអត់នោះហើយជាហេតុឲ្យគេត្មះតិះដៀលដល់ទូលបង្គំ
11. កាលណាទូលបង្គំយកសំពត់ធ្មៃទុកជាសំលៀកបំពាក់នោះក៏ត្រឡប់ជាពាក្យប្រៀបផ្ទឹមរបស់គេវិញ
12. ពួកអ្នកដែលអង្គុយនៅទីទ្វារក្រុងគេនិយាយដើមពីទូលបង្គំហើយទូលបង្គំជាទំនុកច្រៀងដល់ពួកប្រមឹកស្រា។
13. ៙ ប៉ុន្តែឯទូលបង្គំ ឱព្រះយេហូវ៉ាអើយសេចក្ដីអធិស្ឋានរបស់ទូលបង្គំដំរង់ទៅឯទ្រង់ក្នុងវេលាដែលទ្រង់សព្វព្រះហឫទ័យឱព្រះអង្គអើយ សូមឆ្លើយតបមកទូលបង្គំដោយសេចក្ដីសង្គ្រោះដ៏ពិតរបស់ទ្រង់តាមសេចក្ដីសប្បុរសដ៏បរិបូររបស់ទ្រង់
14. សូមស្រង់ទូលបង្គំឡើងចេញពីល្បាប់កុំឲ្យទូលបង្គំផុងចុះទៅឡើយសូមប្រោសឲ្យទូលបង្គំបានរួចពីពួកដែលស្អប់ទូលបង្គំហើយពីទឹកជ្រៅផង
15. សូមកុំឲ្យទឹកជន់មកពន្លិចទូលបង្គំឬឲ្យទីជំរៅលេបទូលបង្គំបាត់ឬឲ្យរណ្តៅបិទមាត់ពីលើទូលបង្គំឡើយ។
16. ៙ ឱព្រះយេហូវ៉ាអើយ សូមឆ្លើយតបមកទូលបង្គំផងដ្បិតសេចក្ដីសប្បុរសរបស់ទ្រង់ល្អណាស់ហើយសូមបែរមកឯទូលបង្គំ តាមសេចក្ដីមេត្តាករុណាដ៏បរិបូររបស់ទ្រង់