1. ឱព្រះអង្គអើយ សូមជួយសង្គ្រោះទូលបង្គំដ្បិតទឹកបានហូរចូលដល់ព្រលឹងនៃទូលបង្គំហើយ
2. ទូលបង្គំផុងចុះក្នុងល្បាប់ដ៏ជ្រៅជាកន្លែងដែលគ្មានទីឈរសោះទូលបង្គំបានមកដល់ក្នុងទីទឹកជ្រៅហើយរលកក៏បោកគ្របលើទូលបង្គំ
3. ទូលបង្គំល្វើយ ដោយការអំពាវនាវរបស់ទូលបង្គំបំពង់កនៃទូលបង្គំខះហើយភ្នែកទូលបង្គំស្រវាំងទៅដោយរង់ចាំមើលផ្លូវព្រះនៃទូលបង្គំ។
4. ៙ ពួកអ្នកដែលស្អប់ទូលបង្គំដោយឥតហេតុនោះមានច្រើនជាងសក់ក្បាលនៃទូលបង្គំទៅទៀតអស់អ្នកដែលចង់បំផ្លាញទូលបង្គំ គឺជាពួកខ្មាំងសត្រូវនឹងទូលបង្គំដោយឥតរឿង គេមានកំឡាំងណាស់គេចាប់ឲ្យទូលបង្គំសងរបស់ដែលទូលបង្គំមិនបានយកសោះ
5. ឱព្រះអង្គអើយ ទ្រង់ជ្រាបសេចក្ដីចំកួតរបស់ទូលបង្គំឯអំពើបាបនៃទូលបង្គំក៏មិនបិទបាំងនឹងទ្រង់ដែរ។
6. ៙ ឱព្រះយេហូវ៉ា ជាព្រះអម្ចាស់នៃពួកពលបរិវារអើយសូមកុំឲ្យពួកអ្នកដែលពឹងពាក់ដល់ទ្រង់ត្រូវខ្មាសដោយព្រោះទូលបង្គំឡើយឱព្រះនៃសាសន៍អ៊ីស្រាអែលអើយសូមកុំឲ្យពួកអ្នកដែលស្វែងរកទ្រង់បានត្រូវអាប់យសដោយព្រោះទូលបង្គំឲ្យសោះ
7. ដ្បិតគឺដោយយល់ដល់ទ្រង់ហើយបានជាទូលបង្គំធន់ទ្រាំនឹងសេចក្ដីត្មះតិះដៀលហើយសេចក្ដីអៀនខ្មាសបានគ្របមុខទូលបង្គំផង
8. ទូលបង្គំបានត្រឡប់ដូចជាអ្នកដទៃចំពោះបងប្អូនទូលបង្គំគឺដូចជាសាសន៍ក្រៅដល់ពួកអ្នកពោះ១នឹងទូលបង្គំ។
9. ៙ ដ្បិតសេចក្ដីឧស្សាហ៍ដល់ដំណាក់ទ្រង់ បានស៊ីបង្ហិនទូលបង្គំឯសេចក្ដីត្មះតិះដៀលទាំងប៉ុន្មានដែលគេដៀលដល់ទ្រង់នោះបានធ្លាក់មកលើទូលបង្គំវិញ
10. កាលទូលបង្គំបានយំ ហើយបញ្ឈឺចិត្ត ដោយតមអត់នោះហើយជាហេតុឲ្យគេត្មះតិះដៀលដល់ទូលបង្គំ
11. កាលណាទូលបង្គំយកសំពត់ធ្មៃទុកជាសំលៀកបំពាក់នោះក៏ត្រឡប់ជាពាក្យប្រៀបផ្ទឹមរបស់គេវិញ
12. ពួកអ្នកដែលអង្គុយនៅទីទ្វារក្រុងគេនិយាយដើមពីទូលបង្គំហើយទូលបង្គំជាទំនុកច្រៀងដល់ពួកប្រមឹកស្រា។