8. ៙ ទូលបង្គំនឹងបានរត់ជាប្រញាប់ទៅឯទីជ្រកឲ្យបានរួចពីខ្យល់គំហុក និងព្យុះសង្ឃរា
9. ឱព្រះអម្ចាស់អើយ សូមបំផ្លាញគំនិតគេឲ្យគេនិយាយសុទ្ធតែខុសគ្នាដ្បិតទូលបង្គំបានឃើញសេចក្ដីច្រឡោតនិងសេចក្ដីទាស់ទែងគ្នា នៅក្នុងទីក្រុង
10. ទាំងយប់ទាំងថ្ងៃ គេប្រព្រឹត្តយ៉ាងនោះនៅលើកំផែងជុំវិញទីក្រុងនៅខាងក្នុង មានសុទ្ធតែសេចក្ដីនឿយហត់ហើយព្រួយចិត្ត
11. មានការអាក្រក់នៅកណ្តាលទីក្រុងសេចក្ដីសង្កត់សង្កិន ហើយឆបោកមិនចេះបាត់ពីផ្លូវក្រុងឡើយ។
12. ៙ មិនមែនជាខ្មាំងសត្រូវដែលបកកេរ្តិ៍ខ្ញុំយ៉ាងនោះខ្ញុំនឹងធន់ទ្រាំបានក៏មិនមែនជាអ្នកស្អប់ខ្ញុំដែលលើកខ្លួនទាស់នឹងខ្ញុំនោះខ្ញុំនឹងបានពួនខ្លួនឲ្យរួចពីគេ
13. គឺជាអ្នកឯងវិញ ជាមនុស្សស្មើគ្នានឹងខ្ញុំជាភឿន ហើយជាសំឡាញ់ស្និទ្ធស្នាលនឹងខ្ញុំ
14. យើងបានធ្លាប់ប្រឹក្សាគ្នាយ៉ាងផ្អែមល្ហែមក៏ដើរជាមួយគ្នា នៅកណ្តាលហ្វូងមនុស្ស ក្នុងដំណាក់ព្រះ
15. សូមឲ្យសេចក្ដីស្លាប់លោមកគ្របលើគេឲ្យគេចុះទាំងរស់ទៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ដ្បិតមានអំពើអាក្រក់នៅក្នុងទីលំនៅរបស់គេហើយនៅខាងក្នុងគេផង
16. ចំណែកខ្ញុំនឹងអំពាវនាវដល់ព្រះហើយព្រះយេហូវ៉ាទ្រង់នឹងជួយសង្គ្រោះខ្ញុំ
17. ខ្ញុំនឹងអធិស្ឋាន ហើយស្រែកថ្ងូរ ទាំងពេលល្ងាចពេលព្រឹក និងថ្ងៃត្រង់ផងហើយទ្រង់នឹងស្តាប់សំឡេងខ្ញុំជាមិនខាន
18. ទ្រង់បានដោះព្រលឹងខ្ញុំ ឲ្យរួចពីសឹកសង្គ្រាមដោយសុខសាន្តដ្បិតមានគេទាស់ទទឹងខ្ញុំជាច្រើន
19. ព្រះទ្រង់នឹងឮហើយនឹងធ្វើសបដល់គេគឺជាព្រះដែលគង់នៅតាំងពីអស់កល្បរៀងមកនោះហើយ។–បង្អង់៙ គេមិនព្រមប្រែចិត្តសោះ ក៏មិនកោតខ្លាចដល់ព្រះដែរ
20. គេបានលូកដៃទៅទាស់នឹងមិត្រ ដែលជាមេត្រីនឹងគេគេបានក្បត់ចំពោះសញ្ញារបស់ខ្លួនហើយ
21. មាត់គេរឥលជាងខ្លាញ់តែចិត្តគេមានពេញដោយការចំបាំងវិញវាចាគេទន់ល្វន់ជាងប្រេងប៉ុន្តែពាក្យទាំងនោះសុទ្ធតែជាដាវហូតស្រាប់
22. ចូរផ្ទេរបន្ទុករបស់អ្នកទៅលើព្រះយេហូវ៉ានោះទ្រង់នឹងជួយទប់ទល់អ្នកទ្រង់មិនព្រមឲ្យមនុស្សសុចរិតត្រូវរង្គើឡើយ
23. តែឱព្រះអង្គអើយទ្រង់នឹងឲ្យគេចុះទៅឯរណ្តៅនៃសេចក្ដីហិនវិនាសពួកមនុស្សកំចាយឈាម ហើយមនុស្សឧបាយកលនឹងរស់នៅមិនដល់ត្រឹមពាក់កណ្តាលអាយុផងតែទូលបង្គំនឹងទុកចិត្តដល់ទ្រង់វិញ។