1. ឱព្រះអង្គអើយ សូមផ្ទៀងព្រះកាណ៌ស្តាប់សេចក្ដីដែលទូលបង្គំអធិស្ឋានសូមកុំលាក់ព្រះអង្គនឹងពាក្យដែលទូលបង្គំទូលអង្វរឡើយ
2. សូមសំកាំងស្តាប់ ហើយឆ្លើយមកទូលបង្គំផងទូលបង្គំអន្ទះអន្ទែង ហើយថ្ងូរដោយសេចក្ដីទុក្ខព្រួយរបស់ទូលបង្គំ
3. គឺដោយព្រោះសំឡេងរបស់ខ្មាំងសត្រូវនិងសេចក្ដីសង្កត់សង្កិនរបស់មនុស្សអាក្រក់ដ្បិតគេទំលាក់ការទុច្ចរិតមកលើទូលបង្គំព្រមទាំងបៀតបៀនទូលបង្គំដោយសេចក្ដីកំហឹង
4. ចិត្តទូលបង្គំអន្ទះសានៅក្នុងខ្លួនហើយសេចក្ដីស្ញែងខ្លាចចំពោះសេចក្ដីស្លាប់បានគ្របសង្កត់លើទូលបង្គំ
5. ទូលបង្គំបានកើតមានសេចក្ដីភ័យខ្លាច ហើយញាប់ញ័រសេចក្ដីតក់ស្លុតបានបង្គ្របទូលបង្គំហើយ
6. នោះទូលបង្គំបានពោលថាឱបើសិនណាជាមានស្លាបដូចជាព្រាបទៅរ៉ានោះអញនឹងហើរចេញទៅ ឲ្យបានសេចក្ដីសុខ
7. អើ យ៉ាងនោះទូលបង្គំនឹងបានទៅឆ្ងាយស្នាក់នៅឯទីរហោស្ថានវិញ។
8. ៙ ទូលបង្គំនឹងបានរត់ជាប្រញាប់ទៅឯទីជ្រកឲ្យបានរួចពីខ្យល់គំហុក និងព្យុះសង្ឃរា
9. ឱព្រះអម្ចាស់អើយ សូមបំផ្លាញគំនិតគេឲ្យគេនិយាយសុទ្ធតែខុសគ្នាដ្បិតទូលបង្គំបានឃើញសេចក្ដីច្រឡោតនិងសេចក្ដីទាស់ទែងគ្នា នៅក្នុងទីក្រុង
10. ទាំងយប់ទាំងថ្ងៃ គេប្រព្រឹត្តយ៉ាងនោះនៅលើកំផែងជុំវិញទីក្រុងនៅខាងក្នុង មានសុទ្ធតែសេចក្ដីនឿយហត់ហើយព្រួយចិត្ត
11. មានការអាក្រក់នៅកណ្តាលទីក្រុងសេចក្ដីសង្កត់សង្កិន ហើយឆបោកមិនចេះបាត់ពីផ្លូវក្រុងឡើយ។
12. ៙ មិនមែនជាខ្មាំងសត្រូវដែលបកកេរ្តិ៍ខ្ញុំយ៉ាងនោះខ្ញុំនឹងធន់ទ្រាំបានក៏មិនមែនជាអ្នកស្អប់ខ្ញុំដែលលើកខ្លួនទាស់នឹងខ្ញុំនោះខ្ញុំនឹងបានពួនខ្លួនឲ្យរួចពីគេ