1. ឱព្រះអង្គអើយសូមអាណិតមេត្តាដល់ទូលបង្គំតាមសេចក្ដីសប្បុរសរបស់ទ្រង់ហើយសូមលុបសេចក្ដីរំលងរបស់ទូលបង្គំចេញដោយសេចក្ដីមេត្តាករុណាដ៏បរិបូររបស់ទ្រង់
2. សូមលាងទូលបង្គំឲ្យយ៉ាងស្អាតពីអំពើទុច្ចរិតរបស់ទូលបង្គំផងសូមសំអាតអំពើបាបរបស់ទូលបង្គំផង
3. ដ្បិតទូលបង្គំទទួលស្គាល់អំពើរំលងរបស់ទូលបង្គំហើយឯអំពើបាបរបស់ទូលបង្គំនោះក៏នៅចំពោះមុខទូលបង្គំជានិច្ច
4. ទូលបង្គំបានធ្វើបាបនឹងទ្រង់ហើយគឺនឹងទ្រង់តែ១ព្រះអង្គព្រមទាំងប្រព្រឹត្តសេចក្ដីដែលអាក្រក់នៅព្រះនេត្រទ្រង់ផងទូលបង្គំទទួលស្គាល់អំពើទាំងនោះដើម្បីឲ្យទ្រង់បានរាប់ជាសុចរិតក្នុងកាលដែលទ្រង់មានព្រះបន្ទូលហើយឲ្យបានឥតសៅហ្មង ក្នុងកាលដែលទ្រង់ជំនុំជំរះ
5. មើល ទូលបង្គំបានកើតមកក្នុងសេចក្ដីទុច្ចរិតហើយម្តាយទូលបង្គំបានមានទំងន់បង្កើតទូលបង្គំនៅក្នុងអំពើបាបដែរ
6. មើល ទ្រង់ប្រាថ្នាចង់បានសេចក្ដីពិតនៅចំណែកខាងក្នុងហើយគឺនៅទីលាក់កំបាំងខាងក្នុង ដែលទ្រង់នឹងធ្វើឲ្យទូលបង្គំស្គាល់ប្រាជ្ញាដែរ
7. សូមជំរះទូលបង្គំដោយមែកហ៊ីសុបនោះទូលបង្គំនឹងបានជ្រះស្អាតសូមដុសលាងទូលបង្គំ នោះនឹងបានសជាងហិមៈ
8. សូមឲ្យទូលបង្គំបានឮសេចក្ដីអំណរ និងសេចក្ដីរីករាយនោះអស់ទាំងឆ្អឹងដែលទ្រង់បានបំបាក់បំបែកនឹងបានអរសប្បាយវិញ
9. សូមបាំងព្រះភក្ត្រទ្រង់ចេញពីអំពើបាបរបស់ទូលបង្គំហើយលុបគ្រប់ទាំងអំពើទុច្ចរិតរបស់ទូលបង្គំចេញ
10. ឱព្រះអង្គអើយ សូមបង្កើតចិត្តបរិសុទ្ធនៅក្នុងទូលបង្គំហើយកែវិញ្ញាណក្នុងទូលបង្គំឲ្យត្រឹមត្រូវឡើង
11. សូមកុំចោលទូលបង្គំចេញពីចំពោះទ្រង់ហើយកុំដកយកព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់ ចេញពីទូលបង្គំឡើយ
12. សូមឲ្យទូលបង្គំមានចិត្តរីករាយចំពោះសេចក្ដីសង្គ្រោះនៃទ្រង់ឡើងវិញហើយទប់ទល់ទូលបង្គំដោយព្រះវិញ្ញាណដ៏សទ្ធានៃទ្រង់
13. នោះទូលបង្គំនឹងបង្រៀនពីអស់ទាំងផ្លូវនៃទ្រង់ដល់មនុស្សដែលប្រព្រឹត្តអំពើរំលងដូច្នេះនឹងមានមនុស្សបាបប្រែចិត្តត្រឡប់មកឯទ្រង់
14. ឱព្រះអង្គ ជាព្រះដ៏ជួយសង្គ្រោះទូលបង្គំអើយសូមដោះទូលបង្គំឲ្យរួចពីទោសកំចាយឈាមនោះអណ្តាតទូលបង្គំនឹងបន្លឺសំឡេងច្រៀងពីសេចក្ដីសុចរិតរបស់ទ្រង់
15. ឱព្រះអម្ចាស់អើយ សូមបើកបបូរមាត់ទូលបង្គំនោះមាត់ទូលបង្គំនឹងបានប្រកាសប្រាប់ពីសេចក្ដីសរសើររបស់ទ្រង់
16. ដ្បិតទ្រង់មិនសព្វព្រះហឫទ័យនឹងយញ្ញបូជាទេបើសព្វព្រះហឫទ័យវិញនោះទូលបង្គំនឹងបានថ្វាយហើយទ្រង់ក៏មិនពេញព្រះហឫទ័យនឹងដង្វាយដុតដែរ