1. អស់ទាំងសាសន៍អើយ ចូរស្តាប់សេចក្ដីនេះមនុស្សទាំងឡាយនៅលោកីយ៍អើយចូរផ្ទៀងត្រចៀកស្តាប់ចុះ
2. គឺទាំងធំទាំងតូច ទាំងមានទាំងក្រគ្រប់គ្នា
3. មាត់ខ្ញុំនឹងបញ្ចេញប្រាជ្ញា ហើយចិត្តខ្ញុំនឹងរំពឹងគិតតែពីសេចក្ដីត្រឹមត្រូវ
4. ខ្ញុំនឹងផ្ទៀងត្រចៀកស្តាប់ពាក្យឧបមាខ្ញុំនឹងផ្តើមច្រៀងសេចក្ដីអាថ៌កំបាំងរបស់ខ្ញុំតាមសូរស៊ុង។
5. ៙ ហេតុអ្វីបានជាខ្ញុំត្រូវមានចិត្តភ័យខ្លាចក្នុងគ្រាអាក្រក់គឺកាលណាសេចក្ដីទុច្ចរិត ដែលតាមជាប់កែងជើងបានព័ទ្ធខ្ញុំជុំវិញហើយ
6. ឯក្នុងពួកអស់អ្នកដែលទុកចិត្តនឹងរបស់ទ្រព្យខ្លួនហើយអួតអាងពីទ្រព្យសម្បត្តិដ៏មានជាបរិបូរ
7. នោះគ្មានអ្នកណាមួយនឹងអាចលោះបងប្អូនខ្លួនឬយកដំឡៃសំរាប់លោះគេទៅថ្វាយដល់ព្រះបានឡើយ
8. ដ្បិតដំឡៃលោះព្រលឹងគេ នោះថ្លៃពេកណាស់ឥតដែលអាចនឹងលោះបានឡើយ
9. នឹងឲ្យគេរស់នៅជាដរាប ឥតឃើញសេចក្ដីពុករលួយមិនបានទេ។
10. ៙ អើ គេនឹងឃើញពិតថា ពួកមនុស្សប្រាជ្ញក៏ស្លាប់ដែរហើយមនុស្សខ្លៅល្ងង់ និងមនុស្សកំរោល គេវិនាសទៅដូចគ្នាព្រមទាំងចោលរបស់ខ្លួនទុកឲ្យអ្នកដទៃផង
11. អ្នកទាំងនោះគិតស្មានក្នុងចិត្តថា ពូជពង្សរបស់គេនឹងនៅជាប់ជានិច្ចហើយថា ទីលំនៅគេនឹងធន់នៅគ្រប់ទាំងដំណតទៅគេក៏ដាក់ឈ្មោះស្រុក តាមឈ្មោះរបស់ខ្លួនដែរ
12. ប៉ុន្តែមនុស្សមិនស្ថិតស្ថេរនៅ ដោយមានកេរ្តិ៍ឈ្មោះទេគឺគេដូចជាសត្វតិរច្ឆានដែលត្រូវវិនាសវិញ។
13. ៙ ឯផ្លូវគេ នោះសុទ្ធតែផ្តេសផ្តាសទទេប៉ុន្តែមនុស្សដែលកើតមកខាងក្រោយក៏ចូលចិត្តនឹងពាក្យសំដីរបស់គេដែរ –បង្អង់
14. គេដូចជាហ្វូងសត្វដែលដំរង់ទៅឯទីស្លាប់សេចក្ដីស្លាប់នឹងស៊ីគេហើយមនុស្សទៀងត្រង់នឹងជាន់ឈ្លីគេតាំងពីព្រលឹមរូបល្អរបស់គេនឹងត្រូវសូន្យទៅនៅស្ថានឃុំព្រលឹងមនុស្សស្លាប់ឥតមានទីអាស្រ័យឡើយ
15. ប៉ុន្តែព្រះទ្រង់នឹងលោះព្រលឹងខ្ញុំ ឲ្យរួចពីអំណាចនៃស្ថានឃុំព្រលឹងមនុស្សស្លាប់នោះវិញដ្បិតទ្រង់នឹងទទួលខ្ញុំទុក។ –បង្អង់
16. ៙ កុំឲ្យភ័យខ្លាច ដោយអ្នក១បានមានឡើងក្នុងកាលដែលសេចក្ដីរុងរឿងនៅផ្ទះបានបរិបូរនោះឡើយ
17. ដ្បិតកាលណាគេស្លាប់ទៅ នោះនឹងយកអ្វីៗទៅផងមិនបានហើយសេចក្ដីរុងរឿងរបស់គេនឹងមិនចុះទៅតាមឡើយ
18. ទោះបើអ្នកនោះបានរាប់ខ្លួនជាមានពរក្នុងកាលដែលនៅរស់នៅឡើយហើយបាននាំឲ្យមនុស្សសរសើរខ្លួន ដោយបានលៀងជីវិតយ៉ាងល្អក៏ដោយ
19. គង់តែនឹងត្រូវទៅតាមពួកអយ្យកោខ្លួនដែលមិនឃើញពន្លឺទៀត