2. គឺពីទ្រង់បណ្តេញអស់ទាំងសាសន៍ដទៃចេញដោយព្រះហស្តទ្រង់ហើយបានបណ្តុះពួកអ៊ីស្រាអែលវិញទ្រង់បានប្រហារអស់ទាំងសាសន៍ដទៃតែបានឲ្យអ៊ីស្រាអែលវាតទីចេញទៅ
3. ដ្បិតគេមិនបានចាប់យកស្រុកនោះ ដោយដាវខ្លួនទេក៏មិនមែនជាដៃខ្លួនគេ ដែលបានជួយសង្គ្រោះគេដែរគឺជាព្រះហស្តស្តាំ និងព្រះពាហុទ្រង់ព្រមទាំងពន្លឺនៃព្រះភក្ត្រទ្រង់វិញដ្បិតទ្រង់បានប្រោសដល់គេ។
4. ៙ ឱព្រះអង្គអើយ ទ្រង់ជាមហាក្សត្រនៃទូលបង្គំសូមបង្គាប់ឲ្យមានសេចក្ដីសង្គ្រោះដល់ពួកយ៉ាកុប
5. យើងខ្ញុំនឹងច្រានផ្តួលពួកខ្មាំងសត្រូវ ដោយសារទ្រង់ហើយនឹងជាន់ឈ្លីពួកអ្នក ដែលលើកគ្នាទាស់នឹងយើងខ្ញុំដោយនូវព្រះនាមទ្រង់
6. ដ្បិតទូលបង្គំនឹងមិនពឹងធ្នូរបស់ទូលបង្គំទេហើយដាវទូលបង្គំក៏មិនជួយសង្រ្គោះទូលបង្គំដែរ
7. គឺទ្រង់ដែលជួយសង្គ្រោះយើងខ្ញុំ ឲ្យរួចពីពួកសត្រូវវិញព្រមទាំងធ្វើឲ្យពួកអ្នកដែលស្អប់យើងខ្ញុំត្រូវខ្មាសផង
8. យើងខ្ញុំបានអួតពីព្រះ ជាដរាបរាល់ថ្ងៃហើយនឹងសរសើរដល់ព្រះនាមទ្រង់ ជាដរាបទៅ។ –បង្អង់
9. ៙ ប៉ុន្តែ ឥឡូវនេះ ទ្រង់បានបោះបង់ចោលយើងខ្ញុំហើយបានធ្វើឲ្យយើងខ្ញុំអាប់យសផងក៏មិនយាងចេញទៅជាមួយនឹងពលទ័ពយើងខ្ញុំទៀតដែរ
10. ទ្រង់បណ្តាលឲ្យពួកយើងខ្ញុំបែរខ្នងចំពោះពួកខ្មាំងសត្រូវហើយពួកអ្នកដែលស្អប់យើងខ្ញុំគេរឹបជាន់យករបឹបទៅសំរាប់ខ្លួនគេ
11. ទ្រង់ធ្វើឲ្យយើងខ្ញុំបានដូចជាចៀមដែលសំរាប់ធ្វើសាច់ក៏បានកំចាត់កំចាយយើងខ្ញុំទៅនៅគ្រប់ទាំងសាសន៍ដទៃ
12. ទ្រង់លក់រាស្ត្រទ្រង់ឥតយកថ្លៃហើយមិនបានចំរើនទ្រព្យដោយសារដំឡៃរបស់គេទេ។
13. ៙ ទ្រង់ធ្វើឲ្យយើងខ្ញុំត្រឡប់ជាសេចក្ដីដំនៀលចំពោះពួកអ្នកជិតខាងជាទីឡកឡឺយហើយជាទីសំណើចដល់អស់អ្នកដែលនៅជុំវិញ
14. ក៏ឲ្យយើងខ្ញុំទៅជាសេចក្ដីប្រៀបធៀបនៅគ្រប់ទាំងនគរហើយជាទីគួរគ្រវីក្បាលនៅគ្រប់សាសន៍ដទៃផង
15. សេចក្ដីអាប់យសរបស់ទូលបង្គំនៅមុខទូលបង្គំជានិច្ចហើយភាពខ្មាសនៃមុខទូលបង្គំ ក៏គ្របទូលបង្គំដែរ
16. ដោយព្រោះសំឡេងនៃពួកអ្នកដែលប្រមាថមើលងាយហើយពួកខ្មាំងសត្រូវ និងពួកអ្នកដែលសងសឹងផង។
17. ៙ ការទាំងនោះបានកើតដល់យើងខ្ញុំហើយប៉ុន្តែយើងខ្ញុំមិនបានភ្លេចទ្រង់ឡើយក៏មិនបានក្បត់សេចក្ដីសញ្ញាទ្រង់ដែរ
18. ចិត្តយើងខ្ញុំមិនបានថយត្រឡប់ទេជំហាននៃយើងខ្ញុំក៏មិនបានទាសចេញពីផ្លូវទ្រង់ដែរ
19. ទោះបើទ្រង់បានបំបាក់បំបែកយើងខ្ញុំនៅទីរបស់ឆ្កែព្រៃហើយគ្របយើងខ្ញុំ ដោយម្លប់នៃសេចក្ដីស្លាប់ក៏ដោយ។
20. ៙ បើយើងខ្ញុំបានភ្លេចព្រះនាមនៃព្រះរបស់យើងខ្ញុំឬប្រទូលដៃទៅឯព្រះដទៃណាមួយ
21. នោះតើព្រះមិនស៊ើបរកឲ្យឃើញទេឬអីដ្បិតទ្រង់ជ្រាបទាំងសេចក្ដីលាក់កំបាំងនៅក្នុងចិត្តផង