6. ឯយញ្ញបូជា ហើយនឹងដង្វាយ នោះទ្រង់មិនសព្វព្រះហឫទ័យទេទ្រង់បានបើកត្រចៀកឲ្យទូលបង្គំស្តាប់តាមទ្រង់មិនចង់បានដង្វាយដុតឬយញ្ញបូជាលោះបាបនោះទេ
7. បានជាទូលបង្គំទូលថា មើល ទូលបង្គំមកហើយសេចក្ដីនេះបានកត់ទុកពីទូលបង្គំ នៅក្នុងគម្ពីរហើយ
8. គឺថា ឱព្រះនៃទូលបង្គំអើយ ទូលបង្គំមានសេចក្ដីអំណរនឹងធ្វើតាមព្រះហឫទ័យទ្រង់អើ ក្រឹត្យវិន័យរបស់ទ្រង់ក៏នៅក្នុងចិត្តទូលបង្គំ
9. ទូលបង្គំបានប្រកាសដំណឹងល្អ ពីសេចក្ដីសុចរិតនៅក្នុងជំនុំធំមើល ឱព្រះយេហូវ៉ាអើយ ទ្រង់ជ្រាបហើយថាទូលបង្គំនឹងមិនទប់មាត់ឡើយ
10. ទូលបង្គំមិនបានលាក់សេចក្ដីសុចរិតរបស់ទ្រង់នៅក្នុងចិត្តទេគឺបានថ្លែងប្រាប់ពីសេចក្ដីស្មោះត្រង់និងសេចក្ដីសង្គ្រោះរបស់ទ្រង់វិញក៏មិនបានបំបិទសេចក្ដីសប្បុរស និងសេចក្ដីពិតរបស់ទ្រង់ នៅក្នុងជំនុំធំដែរ
11. ឱព្រះយេហូវ៉ាអើយ សូមកុំបង្ខាំងសេចក្ដីមេត្តាករុណារបស់ទ្រង់ចំពោះទូលបង្គំឡើយសូមឲ្យសេចក្ដីសប្បុរសនឹងសេចក្ដីពិតត្រង់របស់ទ្រង់បានថែរក្សាទូលបង្គំជានិច្ច
12. ដ្បិតមានសេចក្ដីអាក្រក់ឥតគណនាព័ទ្ធទូលបង្គំជុំវិញអំពើទុច្ចរិតរបស់ទូលបង្គំ បានតាមទូលបង្គំទាន់ហើយបានជាទូលបង្គំមិនអាចនឹងងើបឡើងមើលបានឡើយអំពើទាំងនោះច្រើនជាងសរសៃសក់លើក្បាលទូលបង្គំចិត្តទូលបង្គំក៏អស់សង្ឃឹមទៅ
13. ឱព្រះយេហូវ៉ាអើយ សូមទ្រង់សព្វព្រះហឫទ័យនឹងជួយទូលបង្គំឲ្យរួចឱព្រះយេហូវ៉ាអើយ សូមប្រញាប់នឹងជួយទូលបង្គំផង
14. ឯអស់អ្នកដែលរកបំផ្លាញព្រលឹងទូលបង្គំនោះសូមឲ្យគេត្រូវមានសេចក្ដីខ្មាស ហើយលាក់មុខទាំងអស់គ្នាឯពួកអ្នកដែលប៉ងប្រទូស្តនឹងទូលបង្គំនោះសូមឲ្យគេត្រូវថយចេញព្រមទាំងមានសេចក្ដីអាប់យសផង
15. ឯអស់អ្នកដែលនិយាយមកទូលបង្គំថាន៏ ន៏ នោះសូមឲ្យគេត្រូវស្រឡាំងកាំង ដោយសេចក្ដីខ្មាសរបស់គេទៅ
16. ចំណែកពួកអស់អ្នកដែលស្វែងរកទ្រង់នោះសូមឲ្យគេបានរីករាយសប្បាយក្នុងទ្រង់ចុះសូមឲ្យអស់អ្នកដែលស្រឡាញ់សេចក្ដីសង្គ្រោះនៃទ្រង់បានពោលជានិច្ចថាសូមឲ្យព្រះយេហូវ៉ាបានថ្កើងឡើង
17. ឯទូលបង្គំៗក្រីក្រ ហើយទុគ៌តប៉ុន្តែព្រះអម្ចាស់ទ្រង់នឹកដល់ទូលបង្គំដែរទ្រង់ជាជំនួយ ហើយជាអ្នកប្រោសឲ្យទូលបង្គំរួចផងឱព្រះនៃទូលបង្គំអើយ សូមកុំបង្អង់ឡើយ។