25. នៅចំពោះអ្នកមានចិត្តមេត្តា នោះទ្រង់នឹងសំដែងអង្គទ្រង់ជាអ្នកមានចិត្តមេត្តាដែរនៅចំពោះមនុស្សគ្រប់លក្ខណ៍ នោះទ្រង់នឹងសំដែងអង្គទ្រង់ជាអ្នកគ្រប់លក្ខណ៍
26. នៅចំពោះអ្នកបរិសុទ្ធ នោះទ្រង់នឹងសំដែងអង្គទ្រង់ជាអ្នកបរិសុទ្ធដូចគ្នាហើយនៅចំពោះមនុស្សក្រវិចក្រវៀន នោះទ្រង់នឹងសំដែងអង្គទ្រង់ជាអ្នកប្រទាំងនឹងគេវិញ
27. ដ្បិតទ្រង់នឹងជួយសង្គ្រោះមនុស្សដែលរងវេទនាតែឯមនុស្សឆ្មើងឆ្មៃ នោះទ្រង់នឹងបន្ទាបគេចុះវិញ
28. ដ្បិតទ្រង់នឹងអុជប្រទីបរបស់ទូលបង្គំព្រះយេហូវ៉ាដ៏ជាព្រះនៃទូលបង្គំ ទ្រង់នឹងធ្វើឲ្យសេចក្ដីងងឹតនៃទូលបង្គំភ្លឺឡើង
29. ពីព្រោះដោយពឹងទ្រង់ នោះទូលបង្គំនឹងរត់ចូលទៅតនឹងកងទ័ពហើយដោយសារព្រះនៃទូលបង្គំ នោះទូលបង្គំនឹងលោតរំលងកំផែងបាន
30. ឯព្រះ ផ្លូវនៃទ្រង់គ្រប់លក្ខណ៍ព្រះបន្ទូលនៃព្រះយេហូវ៉ាបានសាកមើលហើយទ្រង់ជាខែលដល់អស់អ្នកណាដែលពឹងជ្រកក្នុងទ្រង់
31. ដ្បិតតើអ្នកណាជាព្រះ បើមិនមែនជាព្រះយេហូវ៉ាទេហើយក្រៅពីព្រះនៃយើងខ្ញុំ នោះតើអ្នកណាជាថ្មដា
32. គឺជាព្រះដែលក្រវាត់ទូលបង្គំដោយកំឡាំងហើយក៏ធ្វើឲ្យផ្លូវទូលបង្គំបានគ្រប់លក្ខណ៍ដែរ
33. ទ្រង់ធ្វើឲ្យជើងទូលបង្គំបានដូចជាជើងក្តាន់ក៏ដាក់ទូលបង្គំឲ្យឈរ នៅកន្លែងខ្ពស់របស់ទូលបង្គំ
34. ទ្រង់បង្ហាត់ដៃទូលបង្គំឲ្យស្ទាត់ច្បាំងឲ្យដៃទូលបង្គំអាចដំឡើងធ្នូលង្ហិនបាន។
35. ៙ ទ្រង់បានប្រទានខែល ជាសេចក្ដីសង្គ្រោះរបស់ទ្រង់មកទូលបង្គំព្រះហស្តស្តាំទ្រង់បានទប់ទល់ទូលបង្គំហើយសេចក្ដីស្រទន់របស់ទ្រង់ក៏ធ្វើឲ្យទូលបង្គំបានជាធំ
36. ទ្រង់បានធ្វើឲ្យជំហានទូលបង្គំបានទូលាយចេញទៅហើយជើងទូលបង្គំមិនបានរឥលភ្លាត់ឡើយ
37. ទូលបង្គំនឹងដេញតាមពួកខ្មាំងសត្រូវឲ្យទាន់ក៏មិនងាកបែរមកវិញ ដរាបដល់គេវិនាសបង់អស់រលីង
38. ទូលបង្គំនឹងចាក់ទំលុះគេ ឲ្យគេក្រោកឡើងវិញមិនរួចគេនឹងដួលនៅក្រោមជើងទូលបង្គំ
39. ដ្បិតទ្រង់បានក្រវាត់ទូលបង្គំ ដោយកំឡាំងសំរាប់ធ្វើចំបាំងទ្រង់បានបង្ក្រាបពួកអ្នកដែលលើកគ្នាទាស់នឹងទូលបង្គំឲ្យគេនៅក្រោមទូលបង្គំវិញ
40. ទ្រង់បានធ្វើឲ្យពួកខ្មាំងសត្រូវបែរខ្នងនៅមុខទូលបង្គំដើម្បីឲ្យទូលបង្គំបានប្រហារអស់អ្នកដែលស្អប់ទូលបង្គំ
41. គេបានស្រែកឡើង តែគ្មានអ្នកណាជួយសោះក៏អំពាវនាវដល់ព្រះយេហូវ៉ាតែទ្រង់មិនឆ្លើយមកឡើយ
42. ទូលបង្គំបានវាយគេកំទេចឲ្យល្អិតដូចផង់ធូលីដែលផាត់ដោយខ្យល់ទូលបង្គំបានបោះគេចោលចេញដូចជាភក់ពីផ្លូវ
43. ទ្រង់បានជួយទូលបង្គំ ឲ្យរួចពីសេចក្ដីទាស់ទែងនៃប្រជាជនទ្រង់បានតាំងទូលបង្គំឡើង ជាកំពូលលើអស់ទាំងនគរសាសន៍១ដែលទូលបង្គំមិនទាន់ស្គាល់នឹងមកគោរពប្រតិបត្តិដល់ទូលបង្គំ