1. ឱព្រះយេហូវ៉ាដ៏ជាកំឡាំងនៃទូលបង្គំអើយទូលបង្គំស្រឡាញ់ទ្រង់
2. ព្រះយេហូវ៉ាទ្រង់ជាថ្មដា ជាបន្ទាយហើយជាអ្នកជួយសង្គ្រោះរបស់ទូលបង្គំគឺជាព្រះនៃទូលបង្គំ ជាថ្មដាដែលទូលបង្គំយកជាទីពឹងក៏ជាខែល ជាស្នែងនៃសេចក្ដីសង្គ្រោះរបស់ទូលបង្គំហើយជាប៉មយ៉ាងខ្ពស់ផង
3. ទូលបង្គំនឹងអំពាវនាវដល់ព្រះយេហូវ៉ាដែលទ្រង់គួរសរសើរយ៉ាងនោះទូលបង្គំនឹងបានសង្គ្រោះរួចពីពួកសត្រូវរបស់ទូលបង្គំ។
4. ៙ ឯចំណងនៃសេចក្ដីស្លាប់បានរុំជុំវិញទូលបង្គំហើយជំនន់នៃសេចក្ដីទុច្ចរិតបានបំភ័យទូលបង្គំ
5. ចំណងនៃស្ថានឃុំព្រលឹងមនុស្សស្លាប់ក៏រួបជុំវិញទូលបង្គំអន្ទាក់នៃសេចក្ដីស្លាប់បានទាក់ទូលបង្គំ
6. ក្នុងគ្រាដែលទូលបង្គំមានសេចក្ដីវេទនានោះបានអំពាវនាវដល់ព្រះយេហូវ៉ាទូលបង្គំបានស្រែកទូលដល់ព្រះនៃទូលបង្គំទ្រង់ក៏ឮសំឡេងទូលបង្គំ ពីក្នុងព្រះវិហារទ្រង់ហើយសំរែកដែលទូលបង្គំស្រែក នៅចំពោះទ្រង់ក៏ឮដល់ព្រះកាណ៌ទ្រង់
7. នោះផែនដីបានកក្រើក ឫសភ្នំទាំងប៉ុន្មានក៏ញ័ររញ្ជួយហើយរំពើកឡើង ពីព្រោះទ្រង់មានសេចក្ដីក្រោធ
8. មានផ្សែងហុយចេញពីព្រះនាសាទ្រង់ហើយមានភ្លើងចេញពីព្រះឱស្ឋទ្រង់មកបញ្ឆេះបំផ្លាញក៏កាត់ឡើងជារងើកដែរ
9. ទ្រង់បានបន្ទាបផ្ទៃមេឃ ហើយយាងចុះមកមានងងឹតយ៉ាងក្រាស់ នៅក្រោមព្រះបាទទ្រង់
10. ទ្រង់គង់លើចេរូប៊ីនហោះមកអើ ទ្រង់ក៏សំកាំងនៅលើខ្យល់
11. ទ្រង់បានយកសេចក្ដីងងឹតធ្វើជាទីបាំងអង្គទ្រង់ជាពន្លានៅព័ទ្ធជុំវិញគឺជាទីងងឹតនៃទឹក ជាពពកយ៉ាងក្រាស់នៅលើមេឃ
12. ពពកយ៉ាងក្រាស់របស់ទ្រង់ក៏រសាត់ចេញដោយរស្មីនៅចំពោះទ្រង់ ព្រមទាំងព្រិលនិងរងើកភ្លើងផង
13. ព្រះយេហូវ៉ាទ្រង់បញ្ចេញជាផ្គរនៅលើមេឃព្រះដ៏ខ្ពស់បំផុត ទ្រង់បញ្ចេញព្រះសូរសៀងព្រមទាំងព្រិល និងរងើកភ្លើងផង
14. ក៏បាញ់ព្រួញនៃទ្រង់ទៅកំចាត់កំចាយគេនិងរន្ទះជាច្រើន ទៅបំបាក់ពួកគេ
15. នោះបាតផ្លូវទឹកក៏លេចឡើងហើយឫសលោកីយ៍បានបើកឲ្យឃើញដោយទ្រង់បន្ទោស ឱព្រះយេហូវ៉ាអើយគឺដោយឮសូរខ្យល់គំហុក ចេញពីព្រះនាសាទ្រង់
16. ទ្រង់បានចាត់ពីលើស្ថានដ៏ខ្ពស់មកចាប់ស្រង់ទូលបង្គំចេញពីទឹកធំ
17. ទ្រង់បានដោះទូលបង្គំឲ្យរួចពីខ្មាំងសត្រូវដ៏ខ្លាំងពូកែហើយពីអស់អ្នកដែលស្អប់ទូលបង្គំដែរដ្បិតគេមានកំឡាំងជាងទូលបង្គំ
18. នៅថ្ងៃដែលទូលបង្គំត្រូវវេទនា នោះគេបានសង្ខុញមកលើទូលបង្គំប៉ុន្តែព្រះយេហូវ៉ា ទ្រង់ជាជន្ទល់នៃទូលបង្គំ