ទំនុក‌ដំកើង 147:6-20 ព្រះគម្ពីរបរិសុទ្ធ (KHOV)

6. ព្រះ‌យេហូវ៉ា​ទ្រង់​ទប់‌ទល់​មនុស្ស​រាបសាតែ​បង្ក្រាប​ពួក​មនុស្ស​អាក្រក់​ចុះ​ដល់​ដី​វិញ

7. ចូរ​ច្រៀង​ថ្វាយ​ព្រះ‌យេហូវ៉ា ដោយ​ពាក្យ​អរ​ព្រះ‌គុណចូរ​ច្រៀង​បទ​សរសើរ​ដល់​ព្រះ​នៃ​យើង​ខ្ញុំ ដោយ​ចាប់​ស៊ុង

8. ទ្រង់​បាំង​មេឃ​ដោយ​ពពក ក៏​ចាត់‌ចែង​ភ្លៀង​សំរាប់​ផែនដីហើយ​ធ្វើ​ឲ្យ​មាន​ស្មៅ​ដុះ​ឡើង​នៅ​លើ​ភ្នំ

9. ទ្រង់​ប្រទាន​អាហារ​ដល់​សត្វ​ទាំង​ប៉ុន្មានព្រម​ទាំង​ដល់​កូន​ក្អែក​ដែល​យំ​ផង

10. ទ្រង់​មិន​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​កំឡាំង​នៃ​សេះ​ទេក៏​មិន​ត្រូវ​ការ​នឹង​ជើង​មនុស្ស​ដែរ

11. គឺ​ព្រះ‌យេហូវ៉ា​ទ្រង់​សព្វ​ព្រះ‌ហឫ‌ទ័យ​តែ​នឹង​អស់​អ្នកដែល​កោត‌ខ្លាច​ទ្រង់ហើយ​នឹង​អស់​អ្នក​ដែល​សង្ឃឹម​ដល់​សេចក្ដី​សប្បុរសរបស់​ទ្រង់​ប៉ុណ្ណោះ

12. ឱ​ក្រុង​យេរូ‌សាឡិម​អើយ ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ាឱ​ក្រុង​ស៊ីយ៉ូន​អើយ ចូរ​សរសើរ​ដល់​ព្រះ​នៃ​ឯង​ចុះ

13. ដ្បិត​ទ្រង់​បាន​ធ្វើ​ឲ្យ​រនុក​ទ្វារ​ឯង​បាន​មាំ‌មួន​ឡើងក៏​បាន​ប្រទាន​ពរ​ដល់​កូន​ចៅ​នៅ​កណ្តាល​ឯង​ដែរ

14. ទ្រង់​ធ្វើ​ឲ្យ​មាន​សេចក្ដី​សុខ នៅ​ក្នុង​ដែន​ខេត្ត​របស់​ឯងទ្រង់​ចំអែត​ឯង ដោយ​ស្រូវ‌សាលី​យ៉ាង​ល្អ​បំផុត

15. ទ្រង់​ចាត់​ព្រះ‌រាជ​បញ្ជា​មក​លើ​ផែនដីព្រះ‌បន្ទូល​ទ្រង់​ក៏​រត់​លឿន​ណាស់​ផង

16. ទ្រង់​ប្រទាន​ហិមៈ​មក​ឲ្យ​ដូច​ជា​រោម​ចៀមក៏​បាច‌សាច​សន្សើម​កក​ដូច​ជា​ផេះ

17. ទ្រង់​បោះ​ទឹក​កក​របស់​ទ្រង់​មក​ជា​ដុំៗតើ​មាន​អ្នក​ណា​នឹង​ទ្រាំ​ចំពោះ​ពេល​រងា​របស់​ទ្រង់​បាន

18. ទ្រង់​បញ្ចេញ​ព្រះ‌បន្ទូល​ទៅ​រំលាយ​ទាំង​អស់​វិញទ្រង់​ធ្វើ​ឲ្យ​ខ្យល់​របស់​ទ្រង់​បក​មក នោះ​ទឹក​ក៏​ហូរ

19. ទ្រង់​សំដែង​ព្រះ‌បន្ទូល​ដល់​យ៉ាកុបហើយ​បញ្ញត្ត និង​ច្បាប់​របស់​ទ្រង់ ដល់​អ៊ីស្រា‌អែល

20. ទ្រង់​មិន​ដែល​ប្រព្រឹត្ត​នឹង​សាសន៍​ណា​ទៀតយ៉ាង​នោះ​ឡើយឯ​ច្បាប់​ទាំង​ប៉ុន្មាន​របស់​ទ្រង់ គេ​មិន​បាន​ស្គាល់​ទេចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា​ចុះ។

ទំនុក‌ដំកើង 147