1. ឱព្រះយេហូវ៉ាអើយទ្រង់បានពិនិត្យមើលហើយបានស្គាល់ទូលបង្គំផង
2. ទ្រង់ជ្រាបការដែលទូលបង្គំអង្គុយចុះនិងការដែលទូលបង្គំក្រោកឡើងផងទ្រង់ក៏យល់គំនិតរបស់ទូលបង្គំពីចំងាយដែរ
3. ទ្រង់ពិនិត្យពិចារណាផ្លូវច្រក និងទីដេករបស់ទូលបង្គំក៏ស្គាល់អស់ទាំងផ្លូវប្រព្រឹត្តរបស់ទូលបង្គំដែរ
4. ដ្បិត ឱព្រះយេហូវ៉ាអើយពាក្យសំដីមិនទាន់មាននៅអណ្តាតទូលបង្គំនៅឡើយនោះទ្រង់ក៏ជ្រាបគ្រប់ជំពូកហើយ
5. ទ្រង់បានព័ទ្ធទូលបង្គំជិតពីមុខពីក្រោយហើយបានដាក់ព្រះហស្តលើទូលបង្គំ
6. ការដឹងច្បាស់យ៉ាងនេះ ក៏អស្ចារ្យហួសល្បត់ទូលបង្គំហើយខ្ពស់ដល់ម៉្លេះ បានជាទូលបង្គំឈោងមិនដល់សោះ
7. តើទូលបង្គំនឹងទៅឯណា ឲ្យរួចពីព្រះវិញ្ញាណទ្រង់តើនឹងរត់ទៅឯណា ឲ្យរួចពីព្រះភក្ត្រទ្រង់
8. ទោះបើទូលបង្គំនឹងឡើងទៅឯស្ថានសួគ៌ក៏មានទ្រង់សណ្ឋិតនៅទីនោះទោះបើទូលបង្គំនឹងរៀបដំណេកនៅស្ថានឃុំព្រលឹងមនុស្សស្លាប់នោះក៏ឃើញមានទ្រង់សណ្ឋិតនៅដែរ
9. ទោះបើទូលបង្គំនឹងយកស្លាបនៃបច្ចូសកាលហោះទៅនៅឯទីបំផុតនៃសមុទ្រ
10. គង់តែព្រះហស្តទ្រង់នឹងនាំទូលបង្គំនៅទីនោះហើយព្រះហស្តស្តាំទ្រង់នឹងក្តាប់ទូលបង្គំដែរ
11. បើទូលបង្គំថា សេចក្ដីងងឹតនឹងគ្របបាំងទូលបង្គំជាប្រាកដហើយពន្លឺដែលភ្លឺនៅជុំវិញទូលបង្គំនឹងត្រឡប់ទៅជាយប់វិញ
12. ដូច្នេះទាំងសេចក្ដីងងឹតនោះឯង មិនលាក់ពីទ្រង់ឡើយទោះទាំងយប់ក៏ភ្លឺដូចជាពេលថ្ងៃដែរឯសេចក្ដីងងឹត និងពន្លឺភ្លឺ នោះស្មើគ្នានៅចំពោះទ្រង់
13. ដ្បិតគឺទ្រង់ដែលបានបង្កើតចិត្តថ្លើមនៃទូលបង្គំហើយបានផ្សំគ្រឿងនៃទូលបង្គំនៅក្នុងផ្ទៃម្តាយ
14. ទូលបង្គំនឹងអរព្រះគុណដល់ទ្រង់ដ្បិតទ្រង់បានបង្កើតទូលបង្គំមកយ៉ាងគួរកោត គួរអស្ចារ្យឯស្នាដៃនៃទ្រង់ ក៏សុទ្ធតែអស្ចារ្យទាំងអស់ព្រលឹងទូលបង្គំក៏ដឹងច្បាស់ហើយ
15. កាលទូលបង្គំកើតមាននៅទីកំបាំងហើយបានសូន្យធ្វើបែបចំឡែកៗនៅទីទាបនៃផែនដីនោះគ្រោងកាយរបស់ទូលបង្គំមិនកំបាំងនឹងទ្រង់ទេ
16. ព្រះនេត្រទ្រង់បានឃើញធាតុនៃទូលបង្គំក្នុងកាលដែលមិនទាន់មានរូបរាងនៅឡើយទាំងអស់បានកត់ទុកក្នុងបញ្ជីរបស់ទ្រង់គឺអស់ទាំងថ្ងៃអាយុ ដែលបានដំរូវឲ្យទូលបង្គំរស់នៅក្នុងកាលដែលមិនទាន់មានថ្ងៃណាមួយនោះនៅឡើយ
17. ឱព្រះអង្គអើយ ព្រះដំរិះរបស់ទ្រង់មានដំឡៃវិសេសដល់ទូលបង្គំណាស់ហ្ន៎ក៏មានចំនួនច្រើនណាស់ផង
18. បើសិនជាទូលបង្គំនឹងខំរាប់ចំនួននោះមានច្រើនជាងគ្រាប់ខ្សាច់ទៅទៀតកាលណាទូលបង្គំភ្ញាក់ឡើងនោះទូលបង្គំនៅជាមួយនឹងទ្រង់នៅឡើយ
19. ឱព្រះអង្គអើយ ទ្រង់នឹងប្រហារពួកមនុស្សអាក្រក់ជាមិនខាននែ ពួកមនុស្សដែលកំចាយឈាមអើយចូរថយចេញពីអញទៅ