88. សូមចំរើនកំឡាំងនៃទូលបង្គំ តាមសេចក្ដីសប្បុរសរបស់ទ្រង់យ៉ាងនោះទូលបង្គំនឹងបានរក្សាសេចក្ដីបន្ទាល់ដែលចេញពីព្រះឱស្ឋទ្រង់មក។
89. ឱព្រះយេហូវ៉ាអើយព្រះបន្ទូលទ្រង់បានតាំងនៅស្ថានសួគ៌ដរាបដល់អស់កល្បជានិច្ច
90. សេចក្ដីស្មោះត្រង់របស់ទ្រង់ ក៏ស្ថិតស្ថេរនៅគ្រប់ទាំងដំណមនុស្សតទៅទ្រង់បានប្រតិស្ឋានផែនដី ហើយផែនដីក៏តាំងនៅជាប់
91. ទាំងអស់ស្ថិតស្ថេរនៅ ដរាបដល់សព្វថ្ងៃនេះតាមច្បាប់ទ្រង់ដ្បិតទាំងអស់សំរាប់បំរើទ្រង់
92. បើទូលបង្គំមិនបានរីករាយក្នុងក្រឹត្យវិន័យរបស់ទ្រង់នោះទូលបង្គំនឹងបានវិនាសទៅក្នុងសេចក្ដីទុក្ខព្រួយរបស់ទូលបង្គំហើយ
93. ទូលបង្គំនឹងមិនដែលភ្លេចបញ្ញត្តទ្រង់ឡើយដ្បិតទ្រង់បានប្រោសឲ្យទូលបង្គំមានកំឡាំងឡើងដោយសារបញ្ញត្តទាំងនោះឯង
94. ទូលបង្គំជារបស់ផងទ្រង់ហើយសូមជួយសង្គ្រោះទូលបង្គំផងដ្បិតទូលបង្គំបានស្វែងរកបញ្ញត្តទ្រង់
95. ពួកមនុស្សអាក្រក់គេបានរង់ចាំនឹងធ្វើឲ្យទូលបង្គំវិនាសតែទូលបង្គំនឹងពិចារណាសេចក្ដីបន្ទាល់របស់ទ្រង់
96. ទូលបង្គំបានឃើញចុងនៃសេចក្ដីគ្រប់លក្ខណ៍ហើយតែសេចក្ដីបង្គាប់របស់ទ្រង់ធំទូលាយលើសទៅទៀត។
97. ៙ ឱទូលបង្គំស្រឡាញ់ក្រឹត្យវិន័យរបស់ទ្រង់ណាស់ហ្ន៎ទូលបង្គំរំពឹងគិតពីក្រឹត្យវិន័យនោះជាដរាបរាល់ថ្ងៃ
98. សេចក្ដីបង្គាប់របស់ទ្រង់ ក៏ធ្វើឲ្យទូលបង្គំមានប្រាជ្ញាលើសជាងខ្មាំងសត្រូវដ្បិតបាននៅជាប់ជាមួយនឹងទូលបង្គំជាដរាប
99. ទូលបង្គំមានយោបល់ជាងអស់ទាំងគ្រូរបស់ទូលបង្គំទៅទៀតដ្បិតសេចក្ដីបន្ទាល់ទ្រង់ជាទីនឹករំពឹងរបស់ទូលបង្គំ
100. ទូលបង្គំយល់បានច្រើនជាងពួកចាស់ៗពីព្រោះទូលបង្គំបានរក្សាអស់ទាំងបញ្ញត្តរបស់ទ្រង់
101. ទូលបង្គំបានបង្ខាំងជើងឲ្យវៀរចាកពីផ្លូវអាក្រក់ដើម្បីឲ្យទូលបង្គំបានកាន់តាមព្រះបន្ទូលនៃទ្រង់
102. ទូលបង្គំមិនបានបែរចេញពីច្បាប់ទ្រង់ឡើយដ្បិតទ្រង់បានបង្រៀនទូលបង្គំ
103. ព្រះបន្ទូលនៃទ្រង់ផ្អែមនៅអណ្តាតទូលបង្គំណាស់ហ្ន៎អើ ក៏ផ្អែមជាងទឹកឃ្មុំដល់មាត់ទូលបង្គំទៅទៀត
104. ទូលបង្គំបានមានយោបល់ដោយសារបញ្ញត្តទ្រង់ហេតុនោះបានជាទូលបង្គំស្អប់ដល់អស់ទាំងផ្លូវកំភូត។
105. ៙ ព្រះបន្ទូលនៃទ្រង់ជាចង្កៀងដល់ជើងទូលបង្គំហើយជាពន្លឺបំភ្លឺផ្លូវទូលបង្គំផង