8. ទូលបង្គំនឹងកាន់តាមច្បាប់របស់ទ្រង់ឱសូមកុំលះចោលទូលបង្គំឲ្យអស់រលីងឡើយ។
9. ៙ មនុស្សកំឡោះនឹងសំអាតផ្លូវដែលខ្លួនប្រព្រឹត្តដោយសារអ្វីគឺដោយប្រយ័ត្ននឹងប្រព្រឹត្តតាមព្រះបន្ទូលនៃទ្រង់
10. ទូលបង្គំបានស្វែងរកទ្រង់អស់ពីចិត្តឱសូមកុំឲ្យទូលបង្គំវង្វេងចេញពីសេចក្ដីបង្គាប់របស់ទ្រង់ឡើយ
11. ទូលបង្គំបានកំណត់ចាំព្រះបន្ទូលទ្រង់ទុកនៅក្នុងចិត្តប្រយោជន៍កុំឲ្យទូលបង្គំធ្វើបាបនឹងទ្រង់ឡើយ
12. ឱព្រះយេហូវ៉ាអើយ ទ្រង់មានពរហើយសូមបង្រៀនអស់ទាំងបញ្ញត្តរបស់ទ្រង់ដល់ទូលបង្គំ
13. បបូរមាត់ទូលបង្គំបានសំដែងពីគ្រប់ទាំងច្បាប់ដែលចេញពីព្រះឱស្ឋទ្រង់មក
14. ទូលបង្គំបានត្រេកអរក្នុងផ្លូវប្រព្រឹត្តតាមសេចក្ដីបន្ទាល់របស់ទ្រង់ឲ្យស្មើនឹងសេចក្ដីអំណរចំពោះទ្រព្យសម្បត្តិគ្រប់យ៉ាង
15. ទូលបង្គំនឹងរំពឹងគិតពីសេចក្ដីបញ្ញត្តរបស់ទ្រង់ហើយនឹងស្រឡាញ់រាប់អានអស់ទាំងផ្លូវរបស់ទ្រង់
16. ទូលបង្គំនឹងមានចិត្តរីករាយចំពោះបញ្ញត្តទ្រង់ទាំងប៉ុន្មានឥតភ្លេចព្រះបន្ទូលទ្រង់ឡើយ។
17. ៙ សូមប្រោសអ្នកបំរើរបស់ទ្រង់ ដោយគុណដ៏ប្រសើរប្រយោជន៍ឲ្យទូលបង្គំបានរស់នៅហើយកាន់តាមព្រះបន្ទូលទ្រង់
18. សូមបំភ្លឺភ្នែកទូលបង្គំ ឲ្យបានឃើញសេចក្ដីអស្ចារ្យនៅក្នុងក្រឹត្យវិន័យរបស់ទ្រង់
19. ទូលបង្គំជាមនុស្សគ្រាន់តែស្នាក់នៅផែនដីតែប៉ុណ្ណោះសូមកុំលាក់សេចក្ដីបង្គាប់របស់ទ្រង់នឹងទូលបង្គំឡើយ
20. ព្រលឹងទូលបង្គំសង្រេងដោយនឹករឭកដល់ច្បាប់ទ្រង់គ្រប់ពេលវេលា
21. ទ្រង់បានបន្ទោសមនុស្សឆ្មើងឆ្មៃដែលត្រូវបណ្តាសាហើយជាពួកអ្នកដែលវង្វេងចេញពីសេចក្ដីបង្គាប់របស់ទ្រង់
22. សូមដកយកការដំនៀលនិងការមើលងាយពីទូលបង្គំចេញដ្បិតទូលបង្គំបានរក្សាសេចក្ដីបន្ទាល់របស់ទ្រង់ទុក
23. មានទាំងពួកអ្នកធំបានអង្គុយប្រឹក្សាគ្នាទាស់នឹងទូលបង្គំដែរអ្នកបំរើរបស់ទ្រង់បាននឹករំពឹងតែពីសេចក្ដីបញ្ញត្តរបស់ទ្រង់វិញ
24. ទូលបង្គំយកសេចក្ដីបន្ទាល់ទ្រង់ទុកជាសេចក្ដីអំណររបស់ខ្លួនហើយជាសេចក្ដីដំបូន្មានផង។