71. ការដែលទូលបង្គំកើតមានទុក្ខព្រួយនោះគឺជាប្រយោជន៍ដល់ទូលបង្គំហើយដើម្បីឲ្យទូលបង្គំបានរៀនយកបញ្ញត្តរបស់ទ្រង់
72. ក្រឹត្យវិន័យដែលចេញពីព្រះឱស្ឋទ្រង់មកនោះវិសេសដល់ទូលបង្គំ ជាជាងមាសប្រាក់ទាំងពាន់ផង។
73. ៙ ព្រះហស្តនៃទ្រង់បានបង្កើត ហើយតាំងទូលបង្គំឡើងសូមប្រោសឲ្យទូលបង្គំមានយោបល់ដើម្បីនឹងរៀនឲ្យបានស្គាល់សេចក្ដីបង្គាប់របស់ទ្រង់
74. ពួកអ្នកដែលកោតខ្លាចដល់ទ្រង់ គេនឹងឃើញទូលបង្គំហើយមានសេចក្ដីអំណរ ដោយព្រោះទូលបង្គំបានសង្ឃឹមដល់ព្រះបន្ទូលនៃទ្រង់
75. ឱព្រះយេហូវ៉ាអើយ ទូលបង្គំដឹងហើយថាអស់ទាំងខច្បាប់របស់ទ្រង់សុទ្ធតែសុចរិតហើយថា ទ្រង់បានធ្វើឲ្យទូលបង្គំកើតមានទុក្ខដោយសេចក្ដីស្មោះត្រង់របស់ទ្រង់ទេ
76. ទូលបង្គំទូលអង្វរដល់ទ្រង់ សូមឲ្យសេចក្ដីសប្បុរសរបស់ទ្រង់ផ្សាយមកជួយដោះទុក្ខទូលបង្គំតាមសេចក្ដីដែលទ្រង់មានព្រះបន្ទូលដល់អ្នកបំរើទ្រង់ហើយ
77. សូមប្រទានសេចក្ដីមេត្តាករុណារបស់ទ្រង់មកទូលបង្គំដើម្បីទូលបង្គំមានជីវិតស្ថិតស្ថេរនៅដ្បិតទូលបង្គំយកក្រឹត្យវិន័យទ្រង់ជាសេចក្ដីអំណរដល់ខ្លួន
78. សូមឲ្យពួកមនុស្សឆ្មើងឆ្មៃត្រូវមានសេចក្ដីខ្មាសវិញដ្បិតគេបានប្រព្រឹត្តក្រវិចក្រវៀននឹងទូលបង្គំដោយឥតហេតុតែទូលបង្គំនឹងរំពឹងគិតពីបញ្ញត្តទ្រង់
79. សូមឲ្យអស់អ្នកដែលកោតខ្លាចដល់ទ្រង់បានបែរមកឯទូលបង្គំនោះគេនឹងស្គាល់សេចក្ដីបន្ទាល់របស់ទ្រង់ផង
80. សូមឲ្យចិត្តទូលបង្គំបានជាប់ស៊ប់នឹងបញ្ញត្តទ្រង់ដើម្បីកុំឲ្យទូលបង្គំត្រូវខ្មាសឡើយ។
81. ៙ ព្រលឹងនៃទូលបង្គំភ្លឹកទៅ ដោយប្រាថ្នាចង់បានសេចក្ដីសង្គ្រោះរបស់ទ្រង់ទូលបង្គំក៏សង្ឃឹមដល់ព្រះបន្ទូលទ្រង់
82. ភ្នែកទូលបង្គំស្រវាំងទៅដោយចង់បានព្រះបន្ទូលនៃទ្រង់ហើយទូលបង្គំនិយាយថា តើកាលណាបានទ្រង់ដោះទុក្ខទូលបង្គំទៅ
83. ដ្បិតទូលបង្គំបានត្រឡប់ដូចជាថង់ស្បែកដែលត្រូវផ្សែងតែទូលបង្គំមិនភ្លេចបញ្ញត្តទ្រង់ឡើយ