50. នេះហើយជាសេចក្ដីកំសាន្តចិត្តដល់ទូលបង្គំក្នុងវេលាដែលទូលបង្គំកើតទុក្ខព្រួយគឺព្រះបន្ទូលទ្រង់បានប្រោស ឲ្យទូលបង្គំមានកំឡាំងឡើង
51. ពួកអ្នកឆ្មើងឆ្មៃបានមើលងាយទូលបង្គំពន់ពេកប៉ុន្តែទូលបង្គំមិនបានបែរចេញពីក្រឹត្យវិន័យទ្រង់ឡើយ
52. ឱព្រះយេហូវ៉ាអើយ ទូលបង្គំបាននឹកចាំពីបញ្ញត្តទ្រង់ដ៏មានពីបុរាណមក ជាការនាំឲ្យទូលបង្គំបានក្សាន្តចិត្ត
53. ទូលបង្គំមានសេចក្ដីគ្នាន់ក្នាញ់មកគ្របសង្កត់ចិត្តដោយព្រោះមនុស្សអាក្រក់ ដែលបោះបង់ចោលក្រឹត្យវិន័យរបស់ទ្រង់
54. អស់ទាំងបញ្ញត្តទ្រង់ជាបទចំរៀងរបស់ទូលបង្គំនៅក្នុងផ្ទះដែលទូលបង្គំអាស្រ័យនៅ
55. ឱព្រះយេហូវ៉ាអើយ ទូលបង្គំបាននឹកចាំពីព្រះនាមទ្រង់នៅវេលាយប់ហើយបានកាន់តាមក្រឹត្យវិន័យទ្រង់
56. សេចក្ដីនេះបានកើតដល់ទូលបង្គំដោយព្រោះបានរក្សាទុកនូវបញ្ញត្តរបស់ទ្រង់។
57. ៙ ឯចំណែកនៃទូលបង្គំ ឱព្រះយេហូវ៉ាអើយទូលបង្គំបានពោលថា ត្រូវឲ្យទូលបង្គំរក្សាអស់ទាំងព្រះបន្ទូលនៃទ្រង់
58. ទូលបង្គំបានទូលអង្វរដល់ទ្រង់អស់ពីចិត្តសូមទ្រង់មេត្តាប្រោសដល់ទូលបង្គំ តាមព្រះបន្ទូលទ្រង់
59. ទូលបង្គំបាននឹកពីផ្លូវប្រព្រឹត្តរបស់ខ្លួននោះបានបំបែរជើងទៅតាមសេចក្ដីបន្ទាល់របស់ទ្រង់វិញ
60. ទូលបង្គំមិនបានបង្អែបង្អង់ឡើយគឺបានប្រញាប់នឹងរក្សាអស់ទាំងសេចក្ដីបង្គាប់របស់ទ្រង់
61. ចំណងរបស់មនុស្សអាក្រក់បានរុំព័ទ្ធទូលបង្គំជុំវិញតែទូលបង្គំមិនបានភ្លេចក្រឹត្យវិន័យរបស់ទ្រង់ឡើយ
62. នៅកណ្តាលអធ្រាត្រ ទូលបង្គំនឹងក្រោកឡើងដើម្បីអរព្រះគុណដល់ទ្រង់ដោយព្រោះអស់ទាំងច្បាប់ដ៏សុចរិតរបស់ទ្រង់
63. ទូលបង្គំជាមិត្តភក្តិនឹងអស់អ្នកដែលកោតខ្លាចដល់ទ្រង់ហើយនឹងអស់អ្នកដែលរក្សាបញ្ញត្តទ្រង់ដែរ
64. ឱព្រះយេហូវ៉ាអើយ ផែនដីមានពេញដោយសេចក្ដីសប្បុរសរបស់ទ្រង់សូមបង្រៀនសេចក្ដីបញ្ញត្តទ្រង់ដល់ទូលបង្គំផង។
65. ៙ ឱព្រះយេហូវ៉ាអើយ ទ្រង់បានប្រោសអ្នកបំរើទ្រង់ដោយល្អតាមព្រះបន្ទូលនៃទ្រង់
66. សូមបង្រៀនឲ្យទូលបង្គំមានប្រាជ្ញាឆ្លុះយល់ហើយចេះដឹងយ៉ាងល្អដ្បិតទូលបង្គំបានជឿចំពោះសេចក្ដីបង្គាប់នៃទ្រង់ហើយ
67. កាលមុនដែលទូលបង្គំកើតទុក្ខព្រួយនោះទូលបង្គំបានវង្វេងទៅតែឥឡូវនេះ ទូលបង្គំកាន់តាមព្រះបន្ទូលទ្រង់វិញ
68. ទ្រង់ល្អប្រសើរ ហើយក៏ធ្វើការល្អដែរសូមបង្រៀនបញ្ញត្តទ្រង់ ដល់ទូលបង្គំ