45. ទូលបង្គំនឹងដើរទៅដោយសេរីភាពដ្បិតទូលបង្គំបានស្វែងរកអស់ទាំងបញ្ញត្តនៃទ្រង់
46. ទូលបង្គំនឹងពោលពីសេចក្ដីបន្ទាល់របស់ទ្រង់នៅចំពោះពួកស្តេច ឥតដែលត្រូវខ្មាសឡើយ
47. ទូលបង្គំនឹងមានចិត្តរីករាយ ដោយសារសេចក្ដីបង្គាប់របស់ទ្រង់ជាសេចក្ដីដែលទូលបង្គំបានស្រឡាញ់
48. ទូលបង្គំនឹងលើកដៃប្រណម្យចំពោះសេចក្ដីបង្គាប់របស់ទ្រង់ ដែលទូលបង្គំបានស្រឡាញ់ហើយនឹងរំពឹងគិតពីបញ្ញត្តទ្រង់។
49. ៙ សូមទ្រង់នឹកចាំពីសេចក្ដីដែលទ្រង់មានព្រះបន្ទូលដល់អ្នកបំរើទ្រង់ជាសេចក្ដីដែលនាំឲ្យទូលបង្គំមានសេចក្ដីសង្ឃឹម
50. នេះហើយជាសេចក្ដីកំសាន្តចិត្តដល់ទូលបង្គំក្នុងវេលាដែលទូលបង្គំកើតទុក្ខព្រួយគឺព្រះបន្ទូលទ្រង់បានប្រោស ឲ្យទូលបង្គំមានកំឡាំងឡើង
51. ពួកអ្នកឆ្មើងឆ្មៃបានមើលងាយទូលបង្គំពន់ពេកប៉ុន្តែទូលបង្គំមិនបានបែរចេញពីក្រឹត្យវិន័យទ្រង់ឡើយ
52. ឱព្រះយេហូវ៉ាអើយ ទូលបង្គំបាននឹកចាំពីបញ្ញត្តទ្រង់ដ៏មានពីបុរាណមក ជាការនាំឲ្យទូលបង្គំបានក្សាន្តចិត្ត
53. ទូលបង្គំមានសេចក្ដីគ្នាន់ក្នាញ់មកគ្របសង្កត់ចិត្តដោយព្រោះមនុស្សអាក្រក់ ដែលបោះបង់ចោលក្រឹត្យវិន័យរបស់ទ្រង់
54. អស់ទាំងបញ្ញត្តទ្រង់ជាបទចំរៀងរបស់ទូលបង្គំនៅក្នុងផ្ទះដែលទូលបង្គំអាស្រ័យនៅ
55. ឱព្រះយេហូវ៉ាអើយ ទូលបង្គំបាននឹកចាំពីព្រះនាមទ្រង់នៅវេលាយប់ហើយបានកាន់តាមក្រឹត្យវិន័យទ្រង់
56. សេចក្ដីនេះបានកើតដល់ទូលបង្គំដោយព្រោះបានរក្សាទុកនូវបញ្ញត្តរបស់ទ្រង់។
57. ៙ ឯចំណែកនៃទូលបង្គំ ឱព្រះយេហូវ៉ាអើយទូលបង្គំបានពោលថា ត្រូវឲ្យទូលបង្គំរក្សាអស់ទាំងព្រះបន្ទូលនៃទ្រង់
58. ទូលបង្គំបានទូលអង្វរដល់ទ្រង់អស់ពីចិត្តសូមទ្រង់មេត្តាប្រោសដល់ទូលបង្គំ តាមព្រះបន្ទូលទ្រង់
59. ទូលបង្គំបាននឹកពីផ្លូវប្រព្រឹត្តរបស់ខ្លួននោះបានបំបែរជើងទៅតាមសេចក្ដីបន្ទាល់របស់ទ្រង់វិញ
60. ទូលបង្គំមិនបានបង្អែបង្អង់ឡើយគឺបានប្រញាប់នឹងរក្សាអស់ទាំងសេចក្ដីបង្គាប់របស់ទ្រង់
61. ចំណងរបស់មនុស្សអាក្រក់បានរុំព័ទ្ធទូលបង្គំជុំវិញតែទូលបង្គំមិនបានភ្លេចក្រឹត្យវិន័យរបស់ទ្រង់ឡើយ
62. នៅកណ្តាលអធ្រាត្រ ទូលបង្គំនឹងក្រោកឡើងដើម្បីអរព្រះគុណដល់ទ្រង់ដោយព្រោះអស់ទាំងច្បាប់ដ៏សុចរិតរបស់ទ្រង់
63. ទូលបង្គំជាមិត្តភក្តិនឹងអស់អ្នកដែលកោតខ្លាចដល់ទ្រង់ហើយនឹងអស់អ្នកដែលរក្សាបញ្ញត្តទ្រង់ដែរ