31. ទូលបង្គំកាន់ខ្ជាប់តាមសេចក្ដីបន្ទាល់របស់ទ្រង់ឱព្រះយេហូវ៉ាអើយ សូមកុំឲ្យទូលបង្គំត្រូវខ្មាសឡើយ
32. ទូលបង្គំនឹងរត់ទៅតាមផ្លូវនៃសេចក្ដីបង្គាប់ទ្រង់ដ្បិតទ្រង់បានពង្រីកចិត្តទូលបង្គំឡើងហើយ។
33. ៙ ឱព្រះយេហូវ៉ាអើយ សូមបង្រៀនផ្លូវនៃអស់ទាំងបញ្ញត្តទ្រង់មកទូលបង្គំនោះទូលបង្គំនឹងកាន់តាមដរាបដល់ចុងបំផុត
34. សូមប្រទានឲ្យទូលបង្គំមានយោបល់ នោះទូលបង្គំនឹងកាន់តាមក្រឹត្យវិន័យទ្រង់អើ ទូលបង្គំនឹងរក្សាទុកឲ្យអស់ពីចិត្តផង
35. សូមបណ្តាលឲ្យទូលបង្គំដើរទៅតាមផ្លូវច្រកនៃសេចក្ដីបង្គាប់របស់ទ្រង់ដ្បិតទូលបង្គំមានសេចក្ដីរីករាយក្នុងផ្លូវនោះ
36. សូមធ្វើឲ្យចិត្តទូលបង្គំល្អៀងទៅខាងសេចក្ដីបន្ទាល់របស់ទ្រង់កុំឲ្យល្អៀងទៅខាងសេចក្ដីលោភឡើយ
37. សូមបង្វែរភ្នែកទូលបង្គំមិនឲ្យមើលការឥតប្រយោជន៍ហើយប្រោសឲ្យទូលបង្គំមានកំឡាំងឡើងក្នុងផ្លូវទ្រង់
38. សូមសំរេចដល់អ្នកបំរើទ្រង់តាមព្រះបន្ទូលជាសេចក្ដីដែលទុកសំរាប់ពួកអ្នកកោតខ្លាចដល់ទ្រង់
39. សូមបង្វែរសេចក្ដីដំនៀលដែលទូលបង្គំខ្លាចនោះចេញពីទូលបង្គំទៅ ដ្បិតច្បាប់នៃទ្រង់សុទ្ធតែល្អ
40. មើល ទូលបង្គំបាននឹកអាល័យដល់បញ្ញត្តទាំងប៉ុន្មានរបស់ទ្រង់សូមប្រោសឲ្យទូលបង្គំមានកំឡាំងឡើងដោយសេចក្ដីសុចរិតរបស់ទ្រង់។
41. ៙ ឱព្រះយេហូវ៉ាអើយសូមឲ្យសេចក្ដីសប្បុរសទ្រង់ផ្សាយមកដល់ខ្លួនទូលបង្គំគឺជាសេចក្ដីសង្គ្រោះរបស់ទ្រង់ តាមព្រះបន្ទូលទ្រង់
42. យ៉ាងនោះ ទូលបង្គំនឹងមានពាក្យចំឡើយដល់អ្នកណាដែលត្មះតិះដៀលទូលបង្គំដ្បិតទូលបង្គំទុកចិត្តនឹងព្រះបន្ទូលទ្រង់
43. សូមកុំដកព្រះបន្ទូលដ៏ពិតចេញពីមាត់ទូលបង្គំអស់រលីងឡើយដ្បិតទូលបង្គំបានសង្ឃឹមដល់ច្បាប់នៃទ្រង់
44. យ៉ាងនោះ ទូលបង្គំនឹងកាន់តាមក្រឹត្យវិន័យទ្រង់ជានិច្ចនៅអស់កល្បជានិច្ចរៀងតទៅ
45. ទូលបង្គំនឹងដើរទៅដោយសេរីភាពដ្បិតទូលបង្គំបានស្វែងរកអស់ទាំងបញ្ញត្តនៃទ្រង់
46. ទូលបង្គំនឹងពោលពីសេចក្ដីបន្ទាល់របស់ទ្រង់នៅចំពោះពួកស្តេច ឥតដែលត្រូវខ្មាសឡើយ
47. ទូលបង្គំនឹងមានចិត្តរីករាយ ដោយសារសេចក្ដីបង្គាប់របស់ទ្រង់ជាសេចក្ដីដែលទូលបង្គំបានស្រឡាញ់