154. សូមការពាររឿងក្តីរបស់ទូលបង្គំហើយលោះទូលបង្គំផងសូមប្រោសឲ្យទូលបង្គំមានកំឡាំង តាមព្រះបន្ទូលទ្រង់
155. សេចក្ដីសង្គ្រោះរមែងនៅឆ្ងាយពីពួកមនុស្សអាក្រក់ពីព្រោះគេមិនស្វែងរកបញ្ញត្តរបស់ទ្រង់
156. ឱព្រះយេហូវ៉ាអើយ សេចក្ដីមេត្តាករុណាដ៏ទន់សន្តោសរបស់ទ្រង់ នោះលើសលុបសូមប្រោសឲ្យទូលបង្គំមានកំឡាំង តាមច្បាប់របស់ទ្រង់
157. ឯពួកអ្នកដែលបៀតបៀន ហើយតតាំងនឹងទូលបង្គំគេមានគ្នាច្រើនប៉ុន្តែទូលបង្គំមិនបានបែរចេញពីសេចក្ដីបន្ទាល់របស់ទ្រង់ឡើយ
158. ទូលបង្គំបានពិចារណាមើលមនុស្សក្បត់ហើយក៏ស្អប់ខ្ពើមគេដោយព្រោះមិនកាន់តាមព្រះបន្ទូលទ្រង់សោះ
159. សូមទ្រង់ពិចារណាដែលទូលបង្គំស្រឡាញ់ដល់អស់ទាំងបញ្ញត្តរបស់ទ្រង់ជាយ៉ាងណាឱព្រះយេហូវ៉ាអើយ សូមប្រោសឲ្យទូលបង្គំមានកំឡាំងឡើង តាមសេចក្ដីសប្បុរសរបស់ទ្រង់
160. បូករួមទាំងអស់ព្រះបន្ទូលនៃទ្រង់ទៅឃើញថាពិតត្រង់ទាំងអស់ហើយគ្រប់ទាំងច្បាប់ដ៏សុចរិតរបស់ទ្រង់ក៏ស្ថិតស្ថេរនៅអស់កល្បជានិច្ចដែរ។
161. ៙ ពួកអ្នកធំបានបៀតបៀនទូលបង្គំដោយឥតហេតុប៉ុន្តែចិត្តទូលបង្គំនៅតែភ័យញ័រចំពោះព្រះបន្ទូលទ្រង់
162. ទូលបង្គំមានសេចក្ដីរីករាយចំពោះព្រះបន្ទូលទ្រង់ប្រៀបដូចជាមនុស្សណាដែលប្រទះនឹងរបឹបជាច្រើន
163. ទូលបង្គំជិនណាយ ហើយក៏ស្អប់ខ្ពើមសេចក្ដីកំភូតតែស្រឡាញ់ដល់ក្រឹត្យវិន័យទ្រង់វិញ
164. ទូលបង្គំសរសើរដល់ទ្រង់ក្នុង១ថ្ងៃ៧ដងដោយព្រោះច្បាប់ដ៏សុចរិតរបស់ទ្រង់
165. ពួកអ្នកដែលស្រឡាញ់ក្រឹត្យវិន័យទ្រង់នោះមានសេចក្ដីសុខដ៏លើសលុបហើយគ្មានហេតុនឹងចំពប់ដួលឡើយ
166. ឱព្រះយេហូវ៉ាអើយ ទូលបង្គំបានសង្ឃឹមដល់សេចក្ដីសង្គ្រោះរបស់ទ្រង់ក៏បានប្រព្រឹត្តតាមបង្គាប់របស់ទ្រង់ដែរ
167. ព្រលឹងទូលបង្គំបានកាន់តាមសេចក្ដីបន្ទាល់របស់ទ្រង់ទូលបង្គំក៏ស្រឡាញ់សេចក្ដីបន្ទាល់នោះយ៉ាងក្រៃលែង
168. ទូលបង្គំបានកាន់តាមអស់ទាំងបញ្ញត្តនិងសេចក្ដីបន្ទាល់របស់ទ្រង់ពីព្រោះអស់ទាំងផ្លូវដែលទូលបង្គំប្រព្រឹត្តនោះសុទ្ធតែនៅចំពោះទ្រង់ហើយ។