136. ទឹកភ្នែកទូលបង្គំហូររហាមពីព្រោះគេមិនកាន់តាមក្រឹត្យវិន័យរបស់ទ្រង់។
137. ៙ ឱព្រះយេហូវ៉ាអើយ ទ្រង់សុចរិតហើយសេចក្ដីវិនិច្ឆ័យរបស់ទ្រង់ក៏សុទ្ធតែទៀងត្រង់
138. ទ្រង់បានតាំងសេចក្ដីបន្ទាល់របស់ទ្រង់នៅលើសេចក្ដីយុត្តិធម៌ហើយលើសេចក្ដីស្មោះត្រង់ដ៏ពិតផង
139. សេចក្ដីឧស្សាហ៍របស់ទូលបង្គំបានស៊ីបង្ហិនទូលបង្គំពីព្រោះពួកអ្នកតតាំងនឹងទូលបង្គំគេបានភ្លេចព្រះបន្ទូលទ្រង់
140. ព្រះបន្ទូលទ្រង់បានត្រូវសំរងយ៉ាងបរិសុទ្ធជាទីបំផុតហើយហេតុនោះអ្នកបំរើរបស់ទ្រង់ក៏ស្រឡាញ់ណាស់
141. ឯទូលបង្គំជាអ្នកតូច ហើយត្រូវគេមើលងាយប៉ុន្តែទូលបង្គំមិនភ្លេចបញ្ញត្តរបស់ទ្រង់ឡើយ
142. សេចក្ដីសុចរិតរបស់ទ្រង់ជាសេចក្ដីសុចរិតដ៏នៅអស់កល្បជានិច្ចហើយក្រឹត្យវិន័យទ្រង់ជាសេចក្ដីពិត
143. សេចក្ដីទុក្ខ និងសេចក្ដីលំបាក បានមកគ្របសង្កត់លើទូលបង្គំហើយទោះបើយ៉ាងនោះ គង់តែសេចក្ដីបង្គាប់របស់ទ្រង់ជាទីរីករាយដល់ទូលបង្គំដែរ
144. សេចក្ដីបន្ទាល់របស់ទ្រង់ សុទ្ធតែសុចរិតនៅជាដរាបសូមប្រោសឲ្យទូលបង្គំមានយោបល់នោះទូលបង្គំនឹងបានរស់នៅ។
145. ៙ ទូលបង្គំបានអំពាវនាវដល់ទ្រង់អស់ពីចិត្តឱព្រះយេហូវ៉ាអើយ សូមឆ្លើយមកទូលបង្គំផងទូលបង្គំនឹងរក្សាអស់ទាំងបញ្ញត្តរបស់ទ្រង់
146. ទូលបង្គំបានអំពាវនាវដល់ទ្រង់ហើយសូមជួយសង្គ្រោះទូលបង្គំផងនោះទូលបង្គំនឹងកាន់តាមសេចក្ដីបន្ទាល់របស់ទ្រង់
147. ទូលបង្គំបានភ្ញាក់មុនពេលព្រលឹមស្រាងហើយបានបន្លឺឡើងថាទូលបង្គំបានសង្ឃឹមដល់ព្រះបន្ទូលទ្រង់