1. ចូរអរព្រះគុណដល់ព្រះយេហូវ៉ាដ្បិតទ្រង់ល្អសេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប
2. ឥឡូវនេះ គួរឲ្យសាសន៍អ៊ីស្រាអែលពោលថាសេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប
3. ឥឡូវនេះ គួរឲ្យពូជពង្សនៃអើរ៉ុនពោលថាសេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប
4. ឥឡូវនេះ គួរឲ្យអស់អ្នកដែលកោតខ្លាចដល់ព្រះយេហូវ៉ាបានពោលថាសេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប
5. ខ្ញុំបានអំពាវនាវដល់ព្រះយេហូវ៉ាដោយសេចក្ដីវេទនារបស់ខ្ញុំព្រះយេហូវ៉ាទ្រង់ក៏ទទួលស្តាប់ហើយបានដាក់ខ្ញុំទុកនៅទីធំទូលាយ
6. ព្រះយេហូវ៉ាទ្រង់កាន់ខាងខ្ញុំៗនឹងមិនខ្លាចអ្វីឡើយតើមនុស្សអាចនឹងធ្វើអ្វីដល់ខ្ញុំបាន
7. ព្រះយេហូវ៉ាទ្រង់កាន់ខាងខ្ញុំជាមួយនឹងពួកអ្នកដែលជួយខ្ញុំដែរដូច្នេះ ខ្ញុំនឹងឃើញការកើតដល់ពួកអ្នកដែលស្អប់ខ្ញុំតាមបំណងចិត្តខ្ញុំ
8. ស៊ូពឹងជ្រកនៅព្រះយេហូវ៉ា ជាជាងទុកចិត្តនឹងមនុស្ស
9. ស៊ូពឹងជ្រកនៅព្រះយេហូវ៉ា ជាជាងទុកចិត្តនឹងពួកអ្នកធំ។
10. ៙ សាសន៍ទាំងប៉ុន្មានបានឡោមព័ទ្ធខ្ញុំតែដោយនូវព្រះនាមព្រះយេហូវ៉ា ខ្ញុំនឹងបំផ្លាញគេចេញ
11. គេបានឡោមព័ទ្ធខ្ញុំ អើ បានឡោមព័ទ្ធខ្ញុំពិតតែដោយនូវព្រះនាមព្រះយេហូវ៉ា ខ្ញុំនឹងបំផ្លាញគេចេញ
12. គេបានឡោមព័ទ្ធខ្ញុំជុំវិញ ដូចជាហ្វូងឃ្មុំតែគេត្រូវរលត់ទៅ ដូចជាភ្លើងដែលឆេះបន្លាដោយនូវព្រះនាមព្រះយេហូវ៉ា ខ្ញុំនឹងបំផ្លាញគេចេញ
13. គេបានច្រានយ៉ាងខ្លាំង ចង់ឲ្យខ្ញុំដួលប៉ុន្តែព្រះយេហូវ៉ាទ្រង់បានជួយខ្ញុំ
14. ព្រះយេហូវ៉ាទ្រង់ជាកំឡាំង ហើយជាទំនុកច្រៀងរបស់ខ្ញុំក៏បានត្រឡប់ជាសេចក្ដីសង្គ្រោះរបស់ខ្ញុំដែរ។
15. ៙ នៅក្នុងលំនៅរបស់មនុស្សសុចរិតនោះមានឮសំឡេងច្រៀង ដោយអំណរពីសេចក្ដីសង្គ្រោះព្រះហស្តស្តាំនៃព្រះយេហូវ៉ាសំដែងឥទ្ធិឫទ្ធិ