1. ខ្ញុំស្រឡាញ់ព្រះយេហូវ៉ាដ្បិតទ្រង់តែងស្តាប់សំឡេងខ្ញុំនិងពាក្យដែលខ្ញុំទូលអង្វរ
2. ហេតុព្រោះទ្រង់បានផ្អៀងព្រះកាណ៌មកស្តាប់ខ្ញុំបានជាខ្ញុំនឹងអំពាវនាវដល់ទ្រង់អស់១ជីវិត
3. ចំណងនៃសេចក្ដីស្លាប់បានរុំព័ទ្ធខ្ញុំហើយសេចក្ដីឈឺចាប់នៃស្ថានឃុំព្រលឹងមនុស្សស្លាប់បានចាប់ខ្ញុំខ្ញុំក៏កើតមានទុក្ខវេទនា និងព្រួយបារម្ភ
4. នោះខ្ញុំបានអំពាវនាវដល់ព្រះនាមព្រះយេហូវ៉ាថាឱព្រះយេហូវ៉ាអើយ ទូលបង្គំសូមអង្វរដល់ទ្រង់សូមប្រោសព្រលឹងទូលបង្គំឲ្យរួចផង
5. ព្រះយេហូវ៉ាទ្រង់ប្រកបដោយសេចក្ដីមេត្តាករុណានិងសេចក្ដីសុចរិតអើ ព្រះនៃយើងខ្ញុំ ទ្រង់មានសេចក្ដីអាណិតអាសូរ
6. ព្រះយេហូវ៉ាទ្រង់ជួយទំនុកបំរុងមនុស្សឆោតល្ងង់ឯខ្ញុំក៏បានត្រូវគេបន្ទាបបន្ថោកម្តងហើយទ្រង់បានជួយសង្គ្រោះខ្ញុំ
7. ឱព្រលឹងខ្ញុំអើយ ចូរត្រឡប់ទៅឯទីសំរាករបស់ខ្លួនវិញដ្បិតព្រះយេហូវ៉ា ទ្រង់បានប្រព្រឹត្ត ដោយគុណដ៏ប្រសើរ
8. គឺទ្រង់បានប្រោសជីវិតខ្ញុំឲ្យរួចពីស្លាប់និងឲ្យខ្ញុំរួចពីការស្រក់ទឹកភ្នែកហើយឲ្យជើងខ្ញុំរួចពីការចំពប់ដួលផង
9. ខ្ញុំនឹងដើរនៅចំពោះព្រះយេហូវ៉ានៅក្នុងស្ថាននៃមនុស្សរស់
10. ខ្ញុំបានជឿហើយ បានជាខ្ញុំថា ខ្ញុំមានទុក្ខខ្លាំងណាស់
11. ក្នុងការរួសរាន់របស់ខ្ញុំ នោះខ្ញុំបានថាមនុស្សទាំងអស់សុទ្ធតែភូតកុហក
12. តើត្រូវឲ្យខ្ញុំយកអ្វីតបស្នងព្រះយេហូវ៉ាចំពោះព្រះគុណដែលទ្រង់បានផ្តល់មកខ្ញុំទាំងប៉ុន្មាន
13. គឺខ្ញុំនឹងទទួលយកពែងនៃសេចក្ដីសង្គ្រោះហើយនឹងអំពាវនាវដល់ព្រះនាមព្រះយេហូវ៉ា
14. ខ្ញុំនឹងលាបំណន់របស់ខ្ញុំចំពោះព្រះយេហូវ៉ាអើ នៅមុខបណ្តាជនទាំងប៉ុន្មានរបស់ទ្រង់ផង
15. ការស្លាប់របស់ពួកអ្នកបរិសុទ្ធនៃព្រះយេហូវ៉ាជាការវិសេសដល់ព្រះនេត្រទ្រង់
16. ឱព្រះយេហូវ៉ាអើយ ទូលបង្គំជាទាសារបស់ទ្រង់ពិតគឺជាទាសារបស់ទ្រង់ ហើយជាកូននៃទាសីរបស់ទ្រង់តែទ្រង់បានស្រាយចំណងរបស់ទូលបង្គំចេញហើយ
17. ទូលបង្គំនឹងថ្វាយដង្វាយជាសេចក្ដីអរព្រះគុណដល់ព្រះយេហូវ៉ាហើយនឹងអំពាវនាវដល់ព្រះនាមទ្រង់