8. សូមឲ្យថ្ងៃអាយុរបស់វាបានខ្លីចុះហើយឲ្យមានម្នាក់ទៀតទទួលយកការងាររបស់វា
9. សូមឲ្យកូនចៅវានៅជាកំព្រាឪពុកហើយឲ្យប្រពន្ធវានៅជាមេម៉ាយ
10. សូមឲ្យកូនចៅវាធ្វើជាមនុស្សអាវាសែទាំងដើរសុំទានឲ្យគេរកស៊ីតាមទីច្រកល្ហករបស់គេ
11. សូមឲ្យម្ចាស់បំណុលរឹបយករបស់វាទាំងអស់ទៅហើយឲ្យមនុស្សដទៃដណ្តើមយកផលនៃការរបស់វា
12. សូមកុំឲ្យមានអ្នកណាអាណិតមេត្តាដល់វាឡើយក៏កុំឲ្យមានអ្នកណាអាសូរដល់កូនកំព្រារបស់វាដែរ
13. សូមឲ្យពូជវាត្រូវផុតចេញលុះដល់ដំណជាន់ក្រោយ សូមឲ្យឈ្មោះវាត្រូវសូន្យបាត់ទៅ
14. សូមឲ្យព្រះយេហូវ៉ានឹកចាំពីសេចក្ដីទុច្ចរិតរបស់ពួកអយ្យកោវាហើយកុំឲ្យបាបរបស់ម្តាយវាត្រូវលុបចេញឡើយ
15. សូមឲ្យសេចក្ដីទាំងនោះនៅចំពោះព្រះយេហូវ៉ាជានិច្ចដើម្បីឲ្យទ្រង់បានផ្តាច់សេចក្ដីនឹកចាំពីគេចេញពីផែនដីទៅ
16. ពីព្រោះវាមិនបាននឹកចាំនឹងសំដែងសេចក្ដីមេត្តាទេគឺបានសង្កត់សង្កិនមនុស្សក្រលំបាកនិងមនុស្សកំសត់ទុគ៌តព្រមទាំងមនុស្សដែលមានចិត្តសង្រេងវិញដើម្បីនឹងសំឡាប់គេបង់
17. អើ វាបានចូលចិត្តនឹងការជេរប្រទេចហើយការនោះក៏កើតមកដល់ខ្លួនវាវាមិនចូលចិត្តនឹងការឲ្យពរទេហើយការនោះក៏នៅឆ្ងាយពីវា
18. វាបានប្រដាប់ខ្លួន ដោយការជេរប្រទេច ដូចជាពាក់អាវហើយការនោះក៏ចូលទៅដល់ខាងក្នុងវាដូចជាទឹកហើយបានជ្រាបទៅក្នុងឆ្អឹងវាដូចជាប្រេង
19. សូមឲ្យការនោះបានសំរាប់វា ដូចជាសំលៀកបំពាក់ដែលវាតែងស្លៀកពាក់ហើយជាខ្សែក្រវាត់ដែលវារឹតនៅចង្កេះជានិច្ចដែរ
20. នេះហើយជារង្វាន់ ដែលព្រះយេហូវ៉ាទ្រង់ប្រទានដល់ពួកខ្មាំងសត្រូវនៃទូលបង្គំហើយដល់អស់អ្នកដែលនិយាយបង្កាច់ដល់ព្រលឹងនៃទូលបង្គំដែរ
21. តែឱព្រះយេហូវ៉ា ជាព្រះអម្ចាស់អើយសូមទ្រង់ប្រោសទូលបង្គំ ដោយយល់ដល់ព្រះនាមទ្រង់សូមប្រោសឲ្យទូលបង្គំបានរួច ដោយព្រោះសេចក្ដីសប្បុរសដ៏ប្រសើររបស់ទ្រង់
22. ដ្បិតទូលបង្គំជាអ្នកក្រលំបាក ហើយកំសត់ទុគ៌តហើយចិត្តនៅក្នុងខ្លួនទូលបង្គំមានរបួសផង
23. ទូលបង្គំទៅបាត់ ដូចជាស្រមោលដែលជ្រេទៅទូលបង្គំត្រូវគេដេញចុះឡើងដូចជាកណ្តូប
24. ក្បាលជង្គង់នៃទូលបង្គំញ័រ ដោយតមអាហារហើយរូបសាច់ទូលបង្គំក៏ស្គមស្គាំងទៅ