21. តែឱព្រះយេហូវ៉ា ជាព្រះអម្ចាស់អើយសូមទ្រង់ប្រោសទូលបង្គំ ដោយយល់ដល់ព្រះនាមទ្រង់សូមប្រោសឲ្យទូលបង្គំបានរួច ដោយព្រោះសេចក្ដីសប្បុរសដ៏ប្រសើររបស់ទ្រង់
22. ដ្បិតទូលបង្គំជាអ្នកក្រលំបាក ហើយកំសត់ទុគ៌តហើយចិត្តនៅក្នុងខ្លួនទូលបង្គំមានរបួសផង
23. ទូលបង្គំទៅបាត់ ដូចជាស្រមោលដែលជ្រេទៅទូលបង្គំត្រូវគេដេញចុះឡើងដូចជាកណ្តូប
24. ក្បាលជង្គង់នៃទូលបង្គំញ័រ ដោយតមអាហារហើយរូបសាច់ទូលបង្គំក៏ស្គមស្គាំងទៅ
25. ទូលបង្គំបានត្រឡប់ជាទីត្មះតិះដៀលដល់គេកាលណាគេប្រទះឃើញទូលបង្គំ នោះគេគ្រវីក្បាល
26. ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយសូមជួយទូលបង្គំផងឱសូមជួយសង្គ្រោះទូលបង្គំ តាមសេចក្ដីសប្បុរសនៃទ្រង់
27. ដើម្បីឲ្យគេបានដឹងថា ការនេះគឺជាព្រះហស្តទ្រង់ធ្វើទេគឺជាទ្រង់ ឱព្រះយេហូវ៉ាអើយ ដែលបានធ្វើការនេះ
28. ឲ្យគេជេរប្រទេចចុះ តែសូមទ្រង់ប្រទានពរវិញកាលណាគេលើកគ្នាឡើង នោះគេនឹងត្រូវមានសេចក្ដីខ្មាសតែអ្នកបំរើទ្រង់នឹងអរសប្បាយវិញ
29. សូមឲ្យពួកសត្រូវនៃទូលបង្គំ បានត្រូវប្រដាប់ខ្លួនដោយសេចក្ដីអាប់យសឲ្យគេគ្រលុំខ្លួន ដោយសេចក្ដីអាម៉ាស់ខ្មាសដូចជាពាក់អាវ
30. មាត់ទូលបង្គំនឹងអរព្រះគុណដល់ព្រះយេហូវ៉ាយ៉ាងក្រៃលែងអើ ទូលបង្គំនឹងសរសើរដល់ទ្រង់នៅកណ្តាលជនទាំងឡាយ
31. ដ្បិតទ្រង់ឈរនៅខាងស្តាំនៃមនុស្សកំសត់ទុគ៌តដើម្បីនឹងជួយឲ្យរួចពីពួកអ្នកដែលប្រកាន់ទោសចំពោះព្រលឹងគេ។