ទំនុក‌ដំកើង 107:24-42 ព្រះគម្ពីរបរិសុទ្ធ (KHOV)

24. ពួក​នោះ​គេ​ឃើញ​អស់​ទាំង​ការ​នៃ​ព្រះ‌យេហូវ៉ានិង​ការ​អស្ចារ្យ​របស់​ទ្រង់​នៅ​ទី​ជំរៅ

25. ដ្បិត​ទ្រង់​បង្គាប់​ទៅ នោះ​ក៏​កើត​មាន​ខ្យល់​ព្យុះដែល​បណ្តាល​ឲ្យ​រលក​កំរើក​ឡើង

26. រលក​ទាំង​នោះ​ផាត់​ឡើង​ដល់​ផ្ទៃ​មេឃក៏​ធ្លាក់​ទៅ​វិញ​ដល់​ទី​ជំរៅនោះ​ព្រលឹង​គេ​ក៏​រលាយ​ទៅ ដោយ​សេចក្ដី​អន្តរាយ

27. គេ​ឃ្លេង‌ឃ្លោង​ចុះ​ឡើង ហើយ​ដើរ​ទទ្រេត‌ទទ្រោតដូច​ជា​មនុស្ស​ស្រវឹង គេ​ក៏​ទាល់​ប្រាជ្ញា​ទៅ

28. គ្រា​នោះ គេ​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ាដោយ​សេចក្ដី​វេទនា​របស់​គេហើយ​ទ្រង់​ក៏​ប្រោស​ឲ្យ​រួច​ពី​សេចក្ដី​លំបាក​នោះ

29. ទ្រង់​ធ្វើ​ឲ្យ​ព្យុះ​សង្ឃរា​បាន​ស្ងាត់​ឈឹង​ទៅ​វិញហើយ​ឲ្យ​រលក​ស្ងប់‌ស្ងៀម​ដែរ

30. នោះ​គេ​មាន​សេចក្ដី​អំណរ​ដោយ​ព្រោះ​ស្ងប់​ច្រៀប​ហើយទ្រង់​ក៏​នាំ​គេ​ទៅ​ដល់​ទ្វារ​សមុទ្រ ដែល​គេ​ប្រាថ្នា​ចង់​ទៅ

31. ឱ​សូម​ឲ្យ​មនុស្ស​ទាំង‌ឡាយ​សរសើរ​ដល់​ព្រះ‌យេហូវ៉ាដោយ​ព្រោះ​សេចក្ដី​សប្បុរស​របស់​ទ្រង់ហើយ​ដោយ​ព្រោះ​អស់​ទាំង​ការ​អស្ចារ្យដែល​ទ្រង់​ប្រោស​ដល់​មនុស្ស​ជាតិ

32. គួរ​ឲ្យ​គេ​លើក​ដំកើង​ទ្រង់​នៅ​ក្នុង​ជំនុំ​នៃ​ជន​ទាំង‌ឡាយហើយ​សរសើរ​ទ្រង់​នៅ​ទី​អង្គុយ​របស់​ពួក​ចាស់‌ទុំ​ដែរ។

33. ៙ ទ្រង់​ធ្វើ​ឲ្យ​ទន្លេ​ត្រឡប់​ទៅ​ជា​ទី​ហួត‌ហែងហើយ​ឲ្យ​ក្បាល​ទឹក​ប្រែ​ទៅ​ជា​ដី​ខ្សោះ​ទៅ​វិញ

34. ក៏​ឲ្យ​ស្រុក​ដុះ‌ដាល​ទៅ​ជា​មាន​ដី​ប្រៃដោយ​ព្រោះ​អំពើ​អាក្រក់​របស់​ពួក​អ្នក​ដែល​នៅ​ស្រុក​នោះ

35. ទ្រង់​ក៏​បំផ្លាស់​ទី​ហួត‌ហែង​ឲ្យ​ទៅ​ជា​ត្រពាំងហើយ​ដី​ស្ងួត​ធេង ឲ្យ​មាន​ក្បាល​ទឹក​វិញ

36. ទ្រង់​តាំង​មនុស្ស​អត់‌ឃ្លាន​ឲ្យ​នៅ​ទី​នោះដើម្បី​ឲ្យ​គេ​បាន​សង់​ទី​ក្រុង​សំរាប់​អាស្រ័យ​នៅ

37. ព្រម​ទាំង​ធ្វើ​ស្រែ ហើយ​ធ្វើ​ចំការ​ទំពាំង‌បាយ‌ជូរឲ្យ​បាន​មាន​ផល​ចំរើន​ឡើង

38. ទ្រង់​ក៏​ប្រទាន​ពរ​ដល់​គេ​ដែរដើម្បី​ឲ្យ​គេ​បាន​ចំរើន​ជា​ច្រើន​ឡើងហើយ​ទ្រង់​មិន​ឲ្យ​ហ្វូង​សត្វ​របស់​គេ​ថយ​ចុះ​ឡើយ

39. បើ​ជា​គេ​ត្រូវ​ថយ​ចុះ​វិញ ហើយ​ត្រូវ​អាប់‌ឱនដោយ​មាន​គេ​សង្កត់‌សង្កិន ធ្វើ​ទុក្ខ‌បុក‌ម្នេញហើយ​ឲ្យ​មាន​សេចក្ដី​ព្រួយ​លំបាក

40. នោះ​ទ្រង់​ចាក់​សេចក្ដី​មើល‌ងាយ​ទៅ​លើ​ពួក​អ្នក​ធំហើយ​បណ្តាល​ឲ្យ​គេ​ដើរ​សាត់‌ព្រាត់​នៅ​ទី​ស្ងាត់​ឈឹងដែល​ឥត​មាន​ផ្លូវ​វិញ

41. ទ្រង់​ក៏​តាំង​មនុស្ស​កំសត់​ទុគ៌ត​ឡើងឲ្យ​រួច​ពី​សេចក្ដី​វេទនាព្រម​ទាំង​ឲ្យ​គ្រួសារ​គេ​សាយ‌គ្រាយ​ឡើង ដូច​ជា​ហ្វូង​សត្វ

42. ពួក​មនុស្ស​ទៀង​ត្រង់​ក៏​ឃើញ ហើយ​មាន​សេចក្ដី​អំណរ​ឡើងឯ​សេចក្ដី​ទុច្ចរិត នឹង​ត្រូវ​បាត់​មាត់​ទៅ

ទំនុក‌ដំកើង 107