14. ទ្រង់បាននាំគេចេញពីទីងងឹត និងម្លប់នៃសេចក្ដីស្លាប់ព្រមទាំងបណ្តាច់ចំណងគេផង
15. ឱសូមឲ្យមនុស្សទាំងឡាយសរសើរដល់ព្រះយេហូវ៉ាដោយព្រោះសេចក្ដីសប្បុរសរបស់ទ្រង់ហើយដោយព្រោះអស់ទាំងការអស្ចារ្យដែលទ្រង់បានប្រោសដល់មនុស្សជាតិ
16. ដ្បិតទ្រង់បានទំលាយអស់ទាំងទ្វារលង្ហិនហើយបំបាក់រនុកដែកដែរ។
17. ៙ ឯពួកមនុស្សមោហោ គេរមែងមានទុក្ខដោយព្រោះការរំលងច្បាប់ និងអំពើទុច្ចរិតរបស់គេ
18. ព្រលឹងគេតែងតែខ្ពើមអាហារគ្រប់មុខហើយគេចូលទៅជិតទ្វារនៃសេចក្ដីស្លាប់
19. គ្រានោះ គេអំពាវនាវដល់ព្រះយេហូវ៉ាដោយសេចក្ដីវេទនារបស់គេហើយទ្រង់ក៏ប្រោសឲ្យរួចពីសេចក្ដីលំបាកនោះ
20. ទ្រង់ចាត់ព្រះបន្ទូលទៅប្រោសគេឲ្យជាក៏ដោះឲ្យគេរួចពីសេចក្ដីវិនាស
21. ឱសូមឲ្យមនុស្សទាំងឡាយសរសើរដល់ព្រះយេហូវ៉ាដោយព្រោះសេចក្ដីសប្បុរសរបស់ទ្រង់ហើយដោយព្រោះអស់ទាំងការអស្ចារ្យដែលទ្រង់ប្រោសដល់មនុស្សជាតិ
22. ដូច្នេះ គួរឲ្យគេថ្វាយដង្វាយនៃសេចក្ដីអរព្រះគុណហើយប្រកាសពីស្នាដៃនៃទ្រង់ដោយចំរៀងអរសប្បាយចុះ។
23. ៙ ឯពួកអ្នកដែលចុះនាវាដើរផ្លូវសមុទ្រជាអ្នកដែលរកស៊ីទទួលការតាមផ្លូវទឹកធំ
24. ពួកនោះគេឃើញអស់ទាំងការនៃព្រះយេហូវ៉ានិងការអស្ចារ្យរបស់ទ្រង់នៅទីជំរៅ
25. ដ្បិតទ្រង់បង្គាប់ទៅ នោះក៏កើតមានខ្យល់ព្យុះដែលបណ្តាលឲ្យរលកកំរើកឡើង
26. រលកទាំងនោះផាត់ឡើងដល់ផ្ទៃមេឃក៏ធ្លាក់ទៅវិញដល់ទីជំរៅនោះព្រលឹងគេក៏រលាយទៅ ដោយសេចក្ដីអន្តរាយ
27. គេឃ្លេងឃ្លោងចុះឡើង ហើយដើរទទ្រេតទទ្រោតដូចជាមនុស្សស្រវឹង គេក៏ទាល់ប្រាជ្ញាទៅ
28. គ្រានោះ គេអំពាវនាវដល់ព្រះយេហូវ៉ាដោយសេចក្ដីវេទនារបស់គេហើយទ្រង់ក៏ប្រោសឲ្យរួចពីសេចក្ដីលំបាកនោះ
29. ទ្រង់ធ្វើឲ្យព្យុះសង្ឃរាបានស្ងាត់ឈឹងទៅវិញហើយឲ្យរលកស្ងប់ស្ងៀមដែរ