1. ចូរសរសើរដល់ព្រះយេហូវ៉ាឱសូមអរព្រះគុណដល់ព្រះយេហូវ៉ាដ្បិតទ្រង់ល្អ សេចក្ដីសប្បុរសនៃទ្រង់ស្ថិតស្ថេរនៅជានិច្ច
2. តើមានអ្នកណាអាចនឹងពណ៌នាពីការខ្លាំងពូកែរបស់ព្រះយេហូវ៉ាឬសំដែងពីសេចក្ដីសរសើររបស់ទ្រង់ទាំងអស់បាន
3. មានពរហើយ អស់អ្នកដែលរក្សាសេចក្ដីយុត្តិធម៌ហើយអ្នកដែលប្រព្រឹត្តតាមសេចក្ដីសុចរិតគ្រប់ពេលគ្រប់វេលា
4. ឱព្រះយេហូវ៉ាអើយ សូមទ្រង់នឹកចាំនឹងប្រោសទូលបង្គំដោយសេចក្ដីសប្បុរស ដែលទ្រង់ផ្តល់ដល់រាស្ត្រទ្រង់ឱសូមប្រោសទូលបង្គំ ដោយសេចក្ដីសង្រ្គោះនៃទ្រង់ផង
5. ដើម្បីឲ្យទូលបង្គំបានឃើញសេចក្ដីចំរើននៃពួករើសតាំងរបស់ទ្រង់ឲ្យទូលបង្គំបានរីករាយ ដោយសេចក្ដីអំណនៃរាស្ត្រទ្រង់ហើយឲ្យបានអរព្រឺព្រួច ជាមួយនឹងមរដករបស់ទ្រង់។
6. ៙ យើងខ្ញុំរាល់គ្នាបានធ្វើបាបដូចជាពួកអយ្យកោយើងខ្ញុំដែរក៏បានប្រព្រឹត្តអំពើទុច្ចរិត ហើយធ្វើការអាក្រក់ផង
7. ពួកអយ្យកោយើងខ្ញុំមិនបានពិចារណាយល់ពីការអស្ចារ្យរបស់ទ្រង់នៅស្រុកអេស៊ីព្ទទេក៏មិនបាននឹកចាំពីសេចក្ដីសប្បុរសដ៏បរិបូររបស់ទ្រង់ដែរគេបានបះបោរនៅត្រង់មាត់សមុទ្រវិញគឺជាសមុទ្រក្រហម
8. ទោះបើយ៉ាងនោះ គង់តែទ្រង់បានជួយសង្គ្រោះគេដែរដោយយល់ដល់ព្រះនាមទ្រង់ដើម្បីនឹងធ្វើឲ្យព្រះចេស្តាដ៏ខ្លាំងពូកែរបស់ទ្រង់បានប្រាកដច្បាស់
9. ទ្រង់បានបង្គាប់ដល់សមុទ្រក្រហមសមុទ្រនោះក៏រីងទៅយ៉ាងនោះ ទ្រង់បាននាំគេដើរកាត់ទីជំរៅដូចជាដើរនៅទីគោក
10. ទ្រង់បានជួយឲ្យរួចពីកណ្តាប់ដៃនៃពួកអ្នកដែលស្អប់គេក៏លោះគេឲ្យរួចពីកណ្តាប់ដៃនៃពួកខ្មាំងសត្រូវ
11. ទឹកសមុទ្របានហូរគ្របលើពួកតតាំងនឹងគេឥតមាននៅសល់ដល់មួយឡើយ
12. នោះទើបគេបានជឿព្រះបន្ទូលទ្រង់ហើយច្រៀងសរសើរដល់ទ្រង់។
13. ៙ តែមិនយូរប៉ុន្មាន ក៏ភ្លេចកិច្ចការរបស់ទ្រង់ទៅហើយមិនបានរង់ចាំស្តាប់សេចក្ដីដំបូន្មានរបស់ទ្រង់ទេ